ព្រះសីហនុ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះ សីហនុ បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខនាយនាវី នាយនាវីរង និងពលនាវិកនៃកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ ស្ថិតនៅ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ពិធីនេះ បានធ្វើឡើង កាលពីរសៀលថ្ងៃសុក្រ ៧កើត ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២។
ឯកឧត្ដម ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្របានរាយការណ៍ពីការងារសន្តិសុខទូទៅតាមបណ្តោយឆ្នេរសមុទ្រ លើផ្ទៃសមុទ្រ ព្រំដែនទឹក និងព្រំដែនគោកជាប់មាត់សមុទ្រ។ ឯកឧត្ដម ឧត្តមនាវីឯកបានបន្ដថា អង្គភាពកងទ័ពជើងទឹកបានត្រៀមកម្លាំងចំនួន ៤០០នាក់ ព្រមទាំងមធ្យោបាយ សម្ភារសម្រាប់ជួយគាំទ្រអន្តរាគមន៍ដល់គណៈបញ្ជាការឯកភាពខេត្តទាំង៤ នៅតាមបណ្ដោយឆ្នេរនូវប្រធានស័ក ឬហានិភ័យផ្សេងៗកើតមានឡើងជាយថាហេតុ។
ឯកឧត្ដម ឧត្តមនាវីឯកបានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលបានជួយសាងសង់ផ្លូវចំនួន ២ខ្សែ ជាប្រភេទផ្លូវអ៊ុតកៅស៊ូ (DBST) ខ្សែទី១ ប្រវែង ៣ ០០០ ម៉ែត្រ ជាប្រភេទផ្លូវដែលត្រូវជួសជុលឡើងវិញ និងខ្សែ ទី២ បណ្តោយ ៣ ៨៥០ ម៉ែត្រ ទទឹង ៧ម៉ែត្រ ជាប្រភេទផ្លូវលំដីមានស្រាប់ដែលត្រូវស្ថាបនា និងចាក់កៅស៊ូ (DBST)រួចរាល់។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរជ័យសេរីសួស្តីឆ្នាំថ្មីពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនចំពោះនាយនាវី នាយនាវីរង និងពលនាវិក និងក្រុមគ្រួសារទាំងអស់ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងបានថ្លែងអំណរគុណដល់កងទ័ពជើងទឹកបានចូលរួមសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ក្នុងការបិទខ្ទប់ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងក្រុងព្រះសីហនុនាពេលកន្លងមក។
ឯកឧត្ដមអភិបាលខេត្ដបញ្ជាក់ថា កងទ័ពជើងទឹកបានចូលរួមគ្រប់សកម្មភាពជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសចូលរួមជាមួយគណៈបញ្ជាការឯកភាពខេត្ត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ទន្ទឹមនោះកងទ័ពជើងទឹកបានចូលរួមសកម្មភាពចុះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពល រដ្ឋក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដើម្បីបង្កើនភាពសាំក្នុងខ្លួនកាត់បន្ថយការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ឯកឧត្តមអភិបាលខេត្តបានបន្តថា មូលដ្ឋានកងទ័ពជើងទឹករាម បានក៏សាងនូវសមិទ្ធផលនានាជាច្រើនបម្រើឱ្យអង្គភាព ពិសេសការថែរក្សាសន្តិសុខក្នុងលម្ហសមុទ្រ និងការចូលរួមកិច្ចការសង្គមជាច្រើនទៀតជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងសំណូមពរឱ្យនាយ នាយរង និងពលនាវី និងក្រុមគ្រួសារត្រៀមខ្លួនចូលរួមបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ សង្កាត់នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខឱ្យបានគ្រប់ៗគ្នា។
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ ជួយខេត្តព្រះសីហនុបានមានប្រសាសន៍ថា ការជួបជុំគ្នា និងធ្វើការសំណេះ សំណាលសួរសុខទុក្ខ ជាមួយនាយ នាយរង និងពលនាវីកងទ័ពជើងទឹកមូលដ្ឋានសមុទ្រនាពេលនេះ ឯកឧត្ដមសូមឱ្យបងប្អូនទាំងអស់មានសុខភាពល្អគ្រប់ក្រុមគ្រួសារ និងបានកោតសរសើរស្នាដៃរបស់កងទ័ពជើងទឹក បានចូលរួមសកម្មភាពការពារបូរណភាពទឹកដី ទទួលបានសុខសន្តិភាព រក្សាឧត្តមប្រយោជន៍ជាតិ មាតុភូមិ ម្យ៉ាងទៀតកងទ័ពជើងទឹកជាឆ្នាំការពារសន្តិភាព ការពារអាយុជីវិតប្រជាពលរដ្ឋកម្ពុជាផងដែរ។
ឯកឧត្តមបានបន្តថា ក្រោយកម្ពុជាទទួលបានសន្តិភាព រាជ រដ្ឋាភិបាលបានកំណត់យករាជធានីភ្នំពេញ ជាប៉ូលសេដ្ឋកិច្ចជាតិក្នុងការអភិវឌ្ឍកំណើនសេដ្ឋកិច្ច ហើយបច្ចុប្បន្ននេះខេត្តព្រះសីហនុ ក៏ត្រូវបានរាជរដ្ឋាភិបាលកំណត់ប្រែក្លាយខេត្តព្រះសីហនុជាប៉ូលសេដ្ឋកច្ចដែលមានដូចជា ផ្លូវ ទឹក ភ្លើង កំពង់ ផែទឹកជ្រៅ ផ្លូវល្បឿនលឿន ផ្លូវដែក និងអាកាសយានដ្ឋានអន្តរជាតិ សក្តានុពលទាំងអស់នេះនាំឱ្យខេត្តព្រះសីហនុ មានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់។ ឯកឧត្ដមរដ្ឋមន្រ្ដីបានជំរុញឱ្យយុវជនខេត្តព្រះ សីហនុ ចាំបាច់ត្រូវខិតខំសិក្សារៀនសូត្រនូវភាសារបរទេស ដើម្បីដើរឱ្យទាន់បច្ចេកវិទ្យា ឌីជីថលស៊ីវីល័យ ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចសង្គម។
សូមជម្រាបជូនថា ឯកឧត្ដម សាយ សំអាល់ បាននាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់ឧបត្ថម្ភជូនដល់កងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម រួមមាន មីកំប៉ុង៥០កេសធំ ត្រីខ៥០កេសធំ ត្រីងៀត ៥០០គីឡូក្រាម ត្រីឆ្អើរ ៥០០គីឡូក្រាម ប្រហុក ១០០គីឡូក្រាម ផ្អក១០០គីឡូក្រាម ទឹកស៊ីអ៊ីវ ៥០យួរ ទឹកត្រី៥០យួរ ទឹកក្រូច ៣០០កេស ស្រាបៀរ៦០០កេស និងឧបត្ថម្ភថវិកាជូនដល់កងទ័ពជើងទឹកមូលដ្ឋានសមុទ្រសរុបចំនួន ១ ១៧០ នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ១០ម៉ឺនរៀល។ ឧបត្ថម្ភថវិកា ជូនអង្គភាពមូលដ្ឋានសមុទ្រ ២០លានរៀល លម្ហសមុទ្រ ២លានរៀល សាលាកងទ័ពជើងទឹក ៤លានរៀល និងកម្លាំងប្រឆាំងភេរវកម្មជួរមុខ ៤លានរៀល៕