សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា រថយន្ដដឹកទំនិញ ជិត៤០០គ្រឿង បានជាប់គាំងនៅច្រកទ្វារព្រំដែនត្រពាំងផ្លុង ដោយសារតែខាងភាគីវៀតណាមបិទច្រកព្រំដែនមិនឲ្យមានការចេញចូល ដើម្បីទប់ស្កាត់ការរីករាលដាលវីរុស COVID-19។
ក្រោយបញ្ចប់កិច្ចប្រជុំបន្ទាន់មួយនៅទីស្ដីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានអះអាងថា រហូតមកដល់ពេលនេះ ភាគីកម្ពុជា-វៀតណាម ដើម្បីបើកកិច្ចប្រជុំរួមគ្នាដើម្បីស្វែងរកដំណោះស្រាយលើបញ្ហានេះ ហើយរហូតមកដល់ពេលនេះ ដំណើរការល្អឡើងវិញហើយ ពោលអាចដឹកទំនិញចេញចូលដូចធម្មតា។
សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា បញ្ហាជាប់គាំងនេះ គឺមានតែច្រកត្រពាំងផ្លុង ស្ថិតក្នុងខេត្តត្បូងឃ្មុំមួយប៉ុណ្ណោះ ខណៈដែលច្រកទ្វារផ្សេងទៀតជាមួយវៀតណាម មានការចរាចរទំនិញរលូនធម្មតា។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «មកដល់ពេលនេះ ការដឹកជញ្ជូនទំនិញតាមច្រកផ្លូវគោកទាំងអស់ជាមួយវៀតណាម នៅរក្សាជាប្រក្រតីនៅឡើយទេ។ តែមានបញ្ហាបន្ដិចនៅខាងត្រពាំងផ្លុង ជាមួយខេត្តតៃនិញ ដោយសារខាងវៀតណាមគាត់មិនឲ្យចូលឡានដឹកទំនិញយើង បើតាមដឹងប្រហែលជាង៣០០ ជិត៤០០គ្រឿងនៅកកស្ទះ ប៉ុន្ដែមកដល់ពេលនេះបានដោះស្រាយជាបណ្ដើរៗហើយ តាមរយៈការជួបប្រជុំ»។
គួរជម្រាបថា កម្ពុជា-វៀតណាម បានបើកកិច្ចប្រជុំរួមគ្នាមួយ ដើម្បីដោះស្រាយបញ្ហាដោះដូរទំនិញ នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ដែលខាងភាគីកម្ពុជា សហដឹកនាំដោយលោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អមដោយសមត្ថកិច្ចពាក់ព័ន្ធ នៃច្រកទ្វារព្រំដែនអន្តរជាតិបាវិត រួមជាមួយសមាគមភ្នាក់ងារបញ្ជូនទំនិញកម្ពុជា និងប្រតិភូតំណាងភាគី វៀតណាម ដឹកនាំដោយលោកអភិបាលរងខេត្តតៃនិញ អមដោយលោកអនុប្រធាននាយកដ្ឋានគយខេត្តតៃនិញ និងសមត្ថកិច្ចពាក់ព័ន្ធ នៃច្រកទ្វារព្រំដែនអន្តរជាតិម៉ុកបៃ។
អង្គប្រជុំបានឯកភាពសម្រេចអនុវត្ត ដំណោះស្រាយចំពោះមុខចំនួន០៤ចំណុច ដូចតទៅ៖
* ទី១៖ អនុញ្ញាតឲ្យរថយន្តដឹកទំនិញចូលដល់តំបន់ ស ហើយធ្វើការផ្លាស់ប្តូរអ្នកបើកបរ។
* ទី២៖ អនុញ្ញាតឲ្យរថយន្តដឹកទំនិញចូលដល់តំបន់ ស ហើយប្តូរក្បាលឡានសណ្តោង។
* ទី៣៖ អនុញ្ញាតឲ្យរថយន្តដឹកទំនិញចូលដល់តំបន់ ស ហើយធ្វើការផ្ទេរទំនិញ ឬលើកផ្ទេរកុងតែន័រពីរថយន្តភាគីម្ខាង ទៅដាក់លើរថយន្តភាគីម្ខាងទៀត។
* ទី៤៖ អនុញ្ញាតឲ្យរថយន្តដឹកទំនិញពីភាគីវៀតណាម ចូលដល់ផែស្ងួតណាមួយនៅក្បែរព្រំដែន រួចផ្ទេរទំនិញចេញ និងអាចផ្ទុកទំនិញដែលត្រូវនាំចេញ ពីកម្ពុជាទៅវិញ ដោយតម្រូវឲ្យអ្នកបើកបរត្រូវស្លៀកពាក់សម្លៀកបំពាក់សុវត្ថិភាពការពារ Virus ដែលអនុញ្ញាតដោយចត្តាឡីស័ក និង សូមឲ្យសមត្ថកិច្ចពាក់ព័ន្ធខាងកម្ពុជា ជួយសហការធានាថា អ្នកបើកបរមិនបានទៅណាខុសពីតម្រាយផ្លូវ និងទៅជួបប្រាស្រ័យទាក់ទងជាមួយអ្នកផ្សេង។