ភ្នំពេញៈ លោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួង យុត្ដិធម៌ដែលទើបឡើងកាន់តំណែងថ្មីបានប្រកាសពន្យារពេលការដាក់ឱ្យដំណើរការជាផ្លូវការសាលាឧទ្ធរណ៍តំបន់ស្ថិតនៅ ខេត្ដ ព្រះសីហនុដោយសារតែអគារសម្រាប់ធ្វើការនៃសាលាឧទ្ធរណ៍ថ្មីនេះមិនទាន់សាងសង់រួចរាល់ខណៈសាលាឧទ្ធរណ៍តំបន់ចំនួនពីរទៀតគឺ បាត់ដំបង និង ត្បូងឃ្មុំ ត្រូវបើកដំណើរការជំនុំជម្រះរឿងក្ដីផ្លូវការចាប់ពីថ្ងៃទី១ ខែមេសា នេះតាមការគ្រោងទុក ។
លោក: ជិនម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌កាលពីថ្ងៃពុធ ម្សិលមិញថាតាមការគ្រោងទុកក្រសួងនឹងដាក់ឱ្យ ដំណើរការសាលាឧទ្ធរណ៍តំបន់ទាំង៣តាមការត្រាស់បង្គាប់ដាក់ឲ្យដំណើរការ របស់ព្រះមហាក្សត្រចាប់ពី ថ្ងៃទី ១ ខែ មេសា ។ ក៏ប៉ុន្ដែឥឡូវនេះដាក់ដំណើរការបានតែសាលាឧទ្ធរណ៍តំបន់តែ ២ ប៉ុណ្ណោះគឺសាលាឧទ្ធរណ៍តំបន់ក្នុងខេត្ដបាត់ដំបង និង ខេត្ដត្បូងឃ្មុំ ។
ចំណែកសាលាឧទ្ធរណ៍ ខេត្ដ ព្រះសីហនុគឺត្រូវពន្យារពេលសិន « ដោយសារតែដំណើរការនៃការសាងសង់អគារមិនទាន់រួចរាល់មានការយឺតយ៉ាវព្រោះតែ មានការរីករាលដាលនៃជំងឺកូវីដ-១៩ បណ្ដាលឱ្យមានការរាំងស្ទះដំណើរការនៃការសាងសង់បានជាត្រូវធ្វើការពន្យារនេះនឹងតំរូវដាក់ដំណើរការនៅពេលក្រោយ ។ ក៏ប៉ុន្ដែសាលាឧទ្ធរណ៍តំបន់ ២ ទៀតនៅដាក់ដំណើរការធម្មតាដូចការគ្រោងទុក » ។
តាមព្រះរាជក្រឹត្យស្ដីពីការដាក់ឲ្យដំណើរការសាលាឧទ្ធរណ៍ តំបន់កាលពី ថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០២០ កន្លង ទៅបាន បញ្ជាក់ថាសាលាឧទ្ធរណ៍ តំបន់ទាំង៣ខាងលើត្រូវចាប់ផ្តើមដំណើរការចាប់ពីថ្ងៃទី១ ខែ មេសា ឆ្នាំ២០២០ តទៅដើម្បីសម្រួលការលំបាករបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរនិងការបន្តនីតិវិធីនៃការប្ដឹងតវ៉ាដោយមិនចាំបាច់ឡើងមកភ្នំពេញដូចកាលពីមុន។
សេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួង យុត្ដិធម៌ចុះ ហត្ថលេខា ដោយលោក កើត រិទ្ធ កាលពីថ្ងៃ ទី៣១ ខែមីនា ស្ដីពី ការពន្យារពេលនៃ ការដាក់ឱ្យដំណើរការ សាលាឧទ្ធរណ៍តំបន់ខេត្ដ ព្រះសីហនុ នេះគឺធ្វើឡើងដោយមានសំណើពី ប្រធានស្ដីទីសាលាឧទ្ធរណ៍និង អគ្គព្រះរាជអាជ្ញាអម សាលាឧទ្ធរណ៍ តំបន់ខេត្ដព្រះសីហនុ ។
សេចក្ដីប្រកាសព័ត៌មាន នេះសរសេរថា តាមការគ្រោងទុកសាលាឧទ្ធរណ៍ ព្រះសីហនុ នឹងត្រូវដាក់ឱ្យដំណើរការជា ផ្លូវការចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ ២០២០ ។ ប៉ុន្ដែដោយ យោង តាម សំណើរបស់ សាលាឧទ្ធរណ៍ព្រះសីហនុ ចុះ ថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២០ ដែល បានស្នើសុំពន្យារពេលនៃការដាក់ ឱ្យ ដំណើរការជាផ្លូវការនេះមួយរយៈ ដោយ មូលហេតុអំពីស្ថានភាពនៃការរីក រាលដាលនៃជំងឺ កូវីដ-១៩ ដែលធ្វើឱ្យ ការសាងសង់អគារសាលាឧទ្ធរណ៍ ព្រះសីហនុមិនបានរួចរាល់ជាស្ថាពរ តាម ពេលវេលាដែលគ្រោងទុក ។
សេចក្ដីប្រកាសព័ត៌មាននេះបញ្ជាក់ថា ៖ « ក្រសួងយុត្ដិធម៌សូមធ្វើការ ពន្យារពេលនៃការដាក់ឱ្យដំណើរការសាលាឧទ្ធរណ៍ ព្រះសីហនុមួយរយៈរហូតដល់មានការជូនដំណឹងជាថ្មី ។ ចំពោះសមត្ថកិច្ច ជំនុំជម្រះរឿងក្ដីដែលស្ថិតនៅក្នុងសមត្ថកិច្ចដែនដីនៃសាលាឧទ្ធរណ៍ ព្រះសីហនុត្រូវស្ថិតនៅក្រោមសមត្ថកិច្ច របស់សាលាឧទ្ធរណ៍ ភ្នំពេញដោយអនុលោមតាមមាត្រា៤ នៃ ព្រះរាជក្រឹត្យ ចុះ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ស្ដីពី ការដាក់ឱ្យ ដំណើរការសាលាឧទ្ធរណ៍ តំបន់ » ។
តាម ព្រះរាជក្រឹត្យសាលាឧទ្ធរណ៍តំបន់ ព្រះសីហនុមានសមត្ថកិច្ចជំនុំជម្រះ រឿងក្ដីដែលស្ថិតនៅក្នុងដែនដីដែល គ្របដណ្ដប់លើ ខេត្ដ ព្រះសីហនុ ខេត្ដ កោះកុង ខេត្ដកំពត និង ខេត្ដកែប លើកលែង តែ រឿងក្ដី ទាំងឡាយ ដែល ច្បាប់ ប្រគល់សមត្ថកិច្ចទៅឲ្យតុលាការផ្សេងទៀត ៕