បច្ចុប្បន្ន អ្នកឈឺដោយសារជំងឺកូវីដ១៩ នៅលើសកលលោកមានចំនួនជាង ២លាននាក់ ក្នុងនោះមានអ្នកស្លាប់ចំនួនជាង ១៦ម៉ឺននាក់ និងអ្នកដែលបានជាសះស្បើយឡើងវិញមានចំនួនជាង ៦២ម៉ឺននាក់។
ឥឡូវនេះមានការសិក្សាខ្លះបង្ហាញថា មេរោគកូរ៉ូណា ដែលធ្វើឱ្យកើតជំងឺកូវីដ១៩ មានភាពខុសគ្នារវាងមេរោគ នៅវូហាន និងនៅប៉ែកអឺរ៉ុប ដែលគេសង្ស័យថានៅប្រទេសចិន ជាជំងឺកូវីដ១៩ប្រភេទ B និងនៅអាមេរិចជា ជំងឺកូវីដ១៩ប្រភេទ C ដែលវាមានលក្ខណៈកាចសាហាវជាងប្រភេទ B នេះស្ថិតក្នុងការសិក្សានៅឡើយ។
សព្វថ្ងៃសម្រាប់អ្នកដែលបានជាសះស្បើយ មានមួយចំនួនតូច គឺត្រូវបានធ្វើតេស្តឡើងវិញមានឃើញវិជ្ជមាន មិនថានៅកម្ពុជា(មានមួយករណី) ក៏ដូចជាប្រទេសនានា នៅទូទាំងពិភពលោកគឺមានដូចគ្នា។ នេះមិនមានន័យថាការអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យដោយខុសបច្ចេកទេសនោះទេ ពីព្រោះមុននិងមានការអនុញ្ញាតឱ្យចេញ គឺត្រូវធ្វើតេស្តអវិជ្ជមានចំនួន ២ដងនិងអ្នកជំងឺកូវីដ១៩ គ្មានរោគសញ្ញាអ្វីទាំងអស់។
អ្វីដែលគួរឱ្យមានការបារម្ភនោះថាតើពួកគាត់អាចចម្លងជំងឺដល់អ្នកដទៃដូចដែលពេល ឈឺដំបូងដែរឬទេ?ឥឡូវនេះមិនទាន់មានការសិក្សាណាមួយបញ្ជាក់ឱ្យបានច្បាស់លាស់នៅឡើយទេ។
ប៉ុន្តែបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត Bory Sotharith ជាអ្នកឯកទេសខាងជំងឺឆ្លង និងជាប្រធានផ្នែកជំងឺទូទៅនៃមន្ទីរពេទ្យកាល់ម៉ែតដោយយោងទៅតាមទ្រីស្ដីនិងស្ថានភាពជាក់ស្ដែងបានពន្យល់ថា “ ដោយសារតែកម្ពុជាឥឡូវមានតែមួយករណី យើងមិនអាចបញ្ជាក់អ្វីបាននៅឡើយទេ។
ប៉ុន្តែបើយោងតាមការបង្ហាញរបស់ប្រទេស ចិន ព្រោះគេមានករណីបែបនេះគួរសមដែរ គឺគេសង្គេតឃើញថា អ្នកដែលធ្វើតេស្តឃើញវិជ្ជមាន ក្រោយពីការជាសះស្បើយ និងបានធ្វើតេស្តអវិជ្ជមានចំនួន ២ដងនិងគ្នារោគសញ្ញាអ្វីទាំងអស់ គឺចំពោះអ្នកនៅក្បែរ និងរស់នៅជាមួយមិនឃើញមានឆ្លងទេតាមរបាយការណ៍របស់ប្រទេស ចិន។
លោកបន្ថែមថា ការតេស្តឃើញវិជ្ជមានក្រោយជាសះស្បើយនេះ វាអាចជាសំបករបស់មេរោគនៅសល់ ក្រោយពីការជាសះស្បើយ ឬអាចមានការចម្លងជាថ្មីម្ដងទៀតនៃជំងឺកូវីដ១៩ នូវប្រភេទផ្សេង អាចប្រភេទ A, B, C .ល. នៅក្នុងករណីមានការឆ្លងនូវជំងឺកូវីដ១៩ ពូជផ្សេងបែបនេះ គឺអាចមានការចម្លងទៅអ្នកដទៃបាន ឬបើនៅមានរោគសញ្ញាណាមួយនៅឡើយ ”។
ប៉ុន្តែការលាប់ឡើងវិញវាគឺជារឿងកម្រ អាចមាន១ ក្នុងចំណោម១០០០ ឬ១០០០០នាក់ ឯណោះ។ ដូចនេះចំពោះអ្នកដែលបានជាសះស្បើយ ត្រូវតែមានអនាម័យ និងអនុវត្តន៍ឱ្យបានត្រឹមត្រូវតាមការណែនាំវេជ្ជបញ្ជា៕