យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅមុននេះបន្ដិច (ថ្ងៃទី២១ ខែមេស) បានឲ្យដឹងថា លទ្ធផលនៃការត្រួតពិនិត្យសុខភាពបងប្អូនកម្មកររោងចក្រថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ គិតត្រឹមម៉ោង ១៨ យប់ មានកម្មកររោងចក្រមកត្រួតពិនិត្យសុខភាពចំនួន ១ ០១៨នាក់ ក្នុងនោះ ដាក់ឲ្យធ្វើចត្ដាឡីស័កនៅផ្ទះ ១៤ ថ្ងៃ ចំនួន ៩៥៩ នាក់ ដាក់ឲ្យស្នាក់នៅមណ្ឌលចត្ដាឡីស័កកម្រិត ១ (វិទ្យល័យជម្ពួវ័ន) ចំនួន ៣៨ នាក់ និងយកសំណាក់ទៅពិសោធន៍បន្ដចំនួន ១៨ នាក់ និងដាក់ឲ្យស្នាក់នៅមណ្ឌលចត្ដាឡីស័កកម្រិត ២ (វិទ្យល័យជម្ពួវ័ន) ចំនួន ២១ នាក់។
ដោយឡែកលទ្ធផលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ គិតត្រឹមម៉ោង ១១ ព្រឹក មានកម្មកររោងចក្រមកត្រួតពិនិត្យសុខភាព ចំនួន ៤០៥នាក់ ដាក់ឲ្យស្នាក់នៅផ្ទះ ១៤ ថ្ងៃ ចំនួន ៣៧៦ នាក់ ដាក់ឲ្យស្នាក់នៅមណ្ឌលចត្ដាឡីស័កកម្រិត ១ ចំនួន ៦ នាក់ និងដាក់ឲ្យស្នាក់នៅមណ្ឌលចត្ដាឡីស័កកម្រិត ២ ចំនួន ២៣ នាក់។
សូមជម្រាបថា ក្រសួងសុខាភិបាល និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយក្រសួងសុខាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមគ្រួពេទ្យស្ម័គចិត្ដសម្ដេចតេជោ រួមទាំងមន្ទីរសុខភាពរាជធានីភ្នំពេញ បានដាក់ដំណើរការមណ្ឌលត្រួតពិនិត្យសុខភាព ចំនួន ១០មណ្ឌល និងមណ្ឌលចត្ដាឡីស័កចំនួន ៣ មណ្ឌល ដើម្បីត្រួតពិនិត្យសុខភាពកម្មកររោងច្រកដែលបានឈប់សម្រាកអំឡុងពេលបុណ្យចូលឆ្នាំ និងវិញត្រឡប់ចូលធ្វើការវិញ៕