រដ្ឋាភិបាលលើកលែងពន្ធបីខែដល់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងទីភ្នាក់ងារទេសចរណ៍
រដ្ឋាភិបាលបានប្រកាស់ផ្តល់ការលើកលែងពន្ធរយៈពេល ៣ ខែដល់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាននិងភ្នាក់ងារទេសចរណ៍នានាក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួន ដោយសារអាជីវកម្មទាំងនេះកំពុងតែទទួលរងឥទ្ធិពលរីករាលដាលនៃជំងឺរាតត្បាត COVID-19។
នៅក្នុងលិខិតមួយកាលពីម្សិលមិញផ្ញើជូនបណ្តាប្រធានមន្ទីរទេសចរណ៍ លោក ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍បានមានប្រសាសន៍ថា ការលើកលែងពន្ធត្រូវបានធ្វើឡើងស្របតាមវិធានការណ៍របស់រដ្ឋាភិបាលដែលមានគោលបំណងជួយវិស័យឯកជននិងនិយោជិកដែលរងគ្រោះដោយរោគរាតត្បាត។
លោក ទិត ចន្ថា បានបញ្ជាក់ថា ការលើកលែងរយៈពេល ៣ ខែគិតចាប់ពីខែមីនាដល់ខែឧសភាគឺសម្រាប់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងភ្នាក់ងារទេសចរណ៍នៅភ្នំពេញ សៀមរាប ព្រះសីហនុ កែបកំពត ក្រុងបាវិត និងក្រុងប៉ោយប៉ែតដែលបានចុះឈ្មោះជាមួយអគ្គនាយកដ្ឋានពន្ធដារ។
លោកបានមានប្រសាសន៍ថា៖« អាជីវកម្មទាំងនេះនៅតែមានកាតព្វកិច្ចប្រកាសពន្ធរបស់ពួកគេដោយប្រើប្រព័ន្ធអនឡាញដើម្បីគ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែក្នុងកំឡុងពេលលើកលែង» ។
លោកបន្តថា ម្ចាស់អាជីវកម្មលក់ចំនីអាហារនិងភេសជ្ជៈដែលបានផ្អាកឬបញ្ឈប់អាជីវកម្មរបស់ពួកគេត្រូវដាក់ពាក្យស្នើសុំនៅក្រសួងការងារដើម្បី ឲ្យកម្មករដែលអស់ការងារធ្វើរបស់ពួកគេអាចទទួលបានប្រាក់ឧបត្ថម្ភ ៤០ ដុល្លារសម្រាប់រយៈពេល ២ ខែ។
លោក ខៀវ បូរី អ្នកគ្រប់គ្រងនៅផ្ទះសំណាក់យីហោរហ្គោតមូនក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ បានកោតសរសើរចំពោះការលើកលែងពន្ធរយៈពេល ៣ ខែរបស់រដ្ឋាភិបាលដោយនិយាយថា ផ្ទះសំណាក់របស់លោកទទួលរងការខាតបង់ផ្នែកហិរញ្ញវត្ថុដោយសារតែការផ្ទុះឡើងនៃមេរោគកូរ៉ូណា។
លោកថ្លែងថា៖ « ផ្ទះសំណាក់របស់យើងបានបាត់បង់អតិថិជនប្រហែលពី ៧០ ទៅ ៨០ ភាគរយហើយប្រាក់ចំណូលរបស់យើងបានធ្លាក់ចុះនៅក្នុងអំឡុងពេលនេះ។ យើងប្រឈមនឹងការលំបាកផ្នែកហិរញ្ញវត្ថុ។ ប្រសិនបើរដ្ឋាភិបាលសម្រេចដកពន្ធរយៈពេល ៣ ខែវានឹងជួយយើងបានច្រើន» ។
កាលពីខែកុម្ភៈ រដ្ឋាភិបាលបានប្រកាសលើកលែងពន្ធប្រចាំខែសម្រាប់សណ្ឋាគារនិងផ្ទះសំណាក់តែនៅក្នុងខេត្តសៀមរាបរយៈពេល ៤ ខែគិតចាប់ពីខែកុម្ភៈដល់ខែឧសភា ចាប់តាំងពីវិស័យទេសចរណ៍បានធ្លាក់ចុះនៅក្នុងខេត្តនេះ៕