Alynana Media Cambodia
Icon Collap
clinic narit

អ្នកជំងឺកូវីដ១៩ ដែលនៅសល់ចំនួន ០២ នាក់នោះ នឹងឈានទៅរកការជាសះស្បើយឆាប់ៗនេះ

Sang Kim | May 05, 2020
អ្នកជំងឺកូវីដ១៩ ដែលនៅសល់ចំនួន ០២ នាក់នោះ នឹងឈានទៅរកការជាសះស្បើយឆាប់ៗនេះ
Clinic narith

យោងតាមការចុះផ្សាយពីក្រសួងព័ត៌មាន កាលពីយប់មិញ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០នេះ ថាឯកឧត្តមវេជ្ជបណ្ឌិត លី សូវ៉ាន់ ដែលជាប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង និង ជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអោយដឹងថា អ្នកជំងឺកូវីដ១៩ ដែលនៅសល់ចំនួន ០២ នាក់នោះ នឹងឈានទៅរកការជាសះស្បើយឆាប់ៗនេះ តែប្រឈមនឹងបញ្ហាផ្លូវចិត្តខ្លះៗ នៅក្នុងអំឡុងពេលនេះ។

ឯកឧត្តមវេជ្ជបណ្ឌិតបានគូសបញ្ជាក់ថា អ្នកជំងឺដែលនៅសល់ទាំង០២ នាក់នោះគឺម្នាក់ជាស្ត្រីជនជាតិខ្មែរ ដែលកំពុងសម្រាកព្យាបាលនៅខេត្តបន្ទាយមានជ័យ ដែលពុំមានចេញរោគសញ្ញាណាមួយគួរឱ្យព្រួយបារម្ភនោះទេ ហើយយើងសន្និដ្ឋានថាគាត់នឹងឈានទៅរកការជាសះស្បើយក្នុងពេលឆាប់ៗនេះ ប៉ុន្តែដោយសារតែគាត់នៅបន្តវិជ្ជមាន ធ្វើឱ្យអារម្មណ៍គាត់មិនសប្បាយចិត្ត ហើយអាចប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់គាត់ខ្លះៗ ព្រោះយើងពុំអាចអនុញ្ញាតឱ្យគាត់ចេញពីមន្ទីរពេទ្យបានឡើយ ដោយនៅបន្តតាមដានរហូតទាល់តែការធ្វើតេស្តអវិជ្ជមានចំនួន០២ដងសិន។

ឯកឧត្តមវេជ្ជបណ្ឌិតខាងលើដដែលនោះក៏បានធ្វើការបញ្ជាក់បន្ថែមអោយដឹងទៀតថា ចំពោះការយកចិត្តទុកដាក់ទៅលើបញ្ហានៃការបាក់ទឹកចិត្តរបស់អ្នកជំងឺកូវីដ១៩ ដែលជាស្ត្រីជនជាតិខ្មែរម្នាក់នោះថា ក្នុងកំឡុងពេលនេះ ក្រុមគ្រូពេទ្យរបស់យើង បានបន្តយកចិត្តទុកដាក់ផ្នែកអារម្មណ៍របស់គាត់ផងដែរ ដោយធ្វើការពិគ្រោះយោបល់ និងណែនាំគាត់ជាដើម។ល។

ចំណែក០១ករណីទៀត គឺបុរសជនជាតិខ្មែរ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ក៏មានអារម្មណ៍ប្រហាក់ប្រហែលគ្នា ដូចស្ត្រីនៅខេត្តបន្ទាយមានជ័យដែរ ព្រោះថាពួកគាត់បានដឹងថាអ្នកជំងឺផ្សេងទៀត បានជាសះស្បើយ នៅឡើយតែពួកគាត់ ប៉ុន្តែក្រោមការយកចិត្តទុកដាក់ព្យាបាល ក៏ដូចជាពិគ្រោះផ្នែកសតិអារម្មណ៍ អ្នកជំងឺរូបនេះ បានធូរស្រាលអារម្មណ៍ច្រើនហើយខ្ញុំជឿជាក់ថា អ្នកជំងឺទាំងពីរនាក់នេះ នឹងឈានទៅរកការជាសះស្បើយមិនខាន ក្នុងពេលដ៏ឆាប់នេះ

សូមបញ្ជាក់ផងដែរថា ទោះបីជាក្រសួងសុខាភិបាលពុំមានរកឃើញករណីឆ្លងកូវីដ១៩ ថ្មីណាមួយចំនួន២៣ថ្ងៃជាប់គ្នាក៏ដោយក្រសួងសុខាភិបាលនៅតែបន្តអំពាវនាវឱ្យប្រជាពលរដ្ឋ កុំធ្វេសប្រហែសអោយសោះ និងរក្សាអនាម័យជាប់ជានិច្ច ព្រោះថាកម្ពុជាមិនអាចឈ្នះជំងឺកូវីដ១៩ទាំងស្រុងនោះទេ ដរាបណាប្រទេសនៅជិតខាង ឬពិភពលោក ពុំទាន់មានការថមថយករណីឆ្លងជំងឺកូវីដ១៩នេះនៅឡើយ៕