សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ កាលពីថ្ងៃពុធ បានស្នើដល់ក្រសួងអប់រំ យុវជន និងកីឡា ពិចារណាបើកគ្រឹះស្ថានសិក្សាគ្រប់កម្រិតសិក្សាឲ្យដំណើរការឡើងវិញ ខណៈរយៈពេលប្រមាណ ៣សប្តាហ៍ចុងក្រោយនេះ មិនមានករណីថ្មីនៃការឆ្លងវីរុសកូវីដ១៩ ។
លោកស្រី អ៊ុក ឆាយ៉ាវី ប្រធានសមាគមគ្រូបង្រៀនឯករាជ្យ បានមានប្រសាសន៍ថា ស្ថានភាពនៃការឆ្លងរាលដាលនៃវីរុសកូវីដ១៩ មានស្ថានភាពល្អប្រសើរ ដោយសារក្នុងរយៈពេលជាង៣សប្តាហ៍មកហើយ ដែលក្រសួងសុខាភិបាល រកមិនឃើញករណីថ្មីនៃការឆ្លងវីរុសកូវីដ១៩ ដែលករណីនេះ ក្រសួងអប់រំ គួរពិនិត្យមើលលទ្ធភាពឲ្យគ្រឹះស្ថានសិក្សាគ្រប់កម្រិតបើកដំណើរការ នៅតំបន់មួយចំនួន ដើម្បីឲ្យសិស្សានុសិស្សបានចូលរៀនឡើងវិញ។
ចំពោះកម្មវិធីសិក្សាតាមអេឡិចត្រូនិច របស់ក្រសួងដែលបាននិងកំពុងដាក់ដំណើរការនោះ លោកស្រីថា មានសិស្សមួយចំនួន ពិបាកនឹងទទួលបានការសិក្សាពីកម្មវិធីនេះ ខណៈដែលឪពុកម្តាយរបស់ពួកគេ ជាប់រវល់ធ្វើការ និងប្រកបរបររកស៊ីចិញ្ចឹមជីវិត ដែលពុំមានពេលវេលាគ្រប់គ្រាន់ក្នុងការជួយមើលការរៀនសូត្ររបស់កូនៗ ស្របពេលដែលសេវាអ៉ឺនធឺណែតនៅតំបន់មួយចំនួនដំណើរការរអាក់រអួលជាដើម។
លោកស្រីថា៖ «ដូច្នេះបានយើងដាក់សំណើរទៅក្រសួងសុំបើកគ្រឹះស្ថានសិក្សាគ្រប់កម្រិតឡើងវិញ នៅរាជធានី-ខេត្តដែលគ្មានករណីឆ្លងកូវីដ១៩ និងរាជធានី-ខេត្តដែលមានករណីឆ្លងកូវីដ១៩ ប៉ុន្តែត្រូវបានព្យាបាលជាសះស្បើយហើយ ព្រោះបើសិនជានៅពន្យាពេលទៀត សិស្សមួយចំនួនអាចខ្ជិលរៀន ហើយអ្នកខ្លះទំនេរពេកអាចទៅសេពគប់មិត្តភ័ក្តមិនល្អ ដើរសេពគ្រឿងស្រវឹងឬគ្រឿងញៀនជាដើម»។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានឆ្លើយតបថា គិតមកដល់ថ្ងៃពុធ ក្រសួងនៅតែបន្តការពន្យារពេលនៃការចូលរៀនឡើងវិញសម្រាប់គ្រឹះស្ថានសិក្សាគ្រប់កម្រិត គ្រប់ប្រភេទ ទាំងសាធារណៈនិងឯកជន រួមនឹងគ្រឹះស្ថានបណ្តុះបណ្តាលគ្រូនៅទូទាំងប្រទេស រហូតដល់មានការជូនដំណឹងជាថ្មី ស្របទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដែលតម្រូវឲ្យបន្តអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
លោកបន្តថា៖ «ជាទូទៅ មាតាបិតា សិស្សានុសិស្ស និងគ្រប់ភាគីពាក់ព័ន្ធ មានការស្វាគមន៍ និងគាំទ្រសេវាសិក្សាពីចម្ងាយរបស់ក្រសួង ជាពិសេសជាមួយនឹងការផ្សាយតាមរយៈទូរទស្សន៍ ទទក២ ដែលអាចបន្តឲ្យមានការរៀន និងបង្រៀននៅទីក្រុង និងជនបទទូទាំង២៥ខេត្ត រាជធានី ក្នុងឱកាសចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩»។
យោងតាមសេចក្តីជូនដំណឹងរបស់អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានលើកឡើងថា គិតមកដល់ម៉ោង៧ព្រឹកថ្ងៃពុធ ស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា មានអ្នកព្យាបាលជាសះស្បើយចំនួន ១២០នាក់ និងមានអ្នកដែលកំពុងសម្រាកព្យាបាលចំនួន ២នាក់ ក្នុងចំណោមអ្នកមានវីរុសកូវីដ១៩សរុបដែលបានរកឃើញទាំងអស់ចំនួន ១២២នាក់។
លោកស្រី បានបញ្ជាក់ថា៖ «នៅថ្ងៃទី៥ ខែឧសភា មិនមានករណីជាសះស្បើយ និងមិនមានករណីវិជ្ជមានវីរុសកូវីដ១៩ឡើយ»។
បើទោះជាស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ពុំបានរកឃើញអ្នកឆ្លងវីរុសនេះថ្មីក្នុងរយៈពេល៣សប្តាហ៍មកនេះ ហើយមានអ្នកជំងឺជាសះស្បើយបានកើនឡើងរហូតដល់ជាង ៩៨ភាគរយហើយក៏ដោយ ក៏ស្ថានភាពជំងឺកូវីដ១៩ ស្ថិតនៅក្នុងការប្រុងប្រយ័ត្នជាប់ជានិច្ចនៅឡើយ ដោយសារស្ថានភាពនៃការឆ្លងជំងឺនៅលើសកលលោក នៅពុំទាន់មានការធូរស្រាលនៅឡើយ។ នេះបើតាមការលើកឡើងរបស់ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកម៉ម ប៊ុនហេង នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ។
លោករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បង្កើន និងបន្តការយកចិត្តទុកដាក់ប្រកបដោយការទទួលខុសត្រូវ និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយរក្សាការធ្វើអនាម័យ លាងដៃជាប្រចាំជាមួយសាប៊ូ ឬអាល់កុល ឬជែល និងពាក់ម៉ាស់ការពារ, ចៀសវាងការរៀបចំពិធីជួបជុំដែលមានមនុស្សច្រើន និងគួរកាត់បន្ថយការធ្វើដំណើរចល័តពីកន្លែងមួយទៅកន្លែងមួយក្នុងករណីមិនចាំបាច់ ជាពិសេសត្រូវអនុវត្តតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីបង្ការកុំឲ្យជំងឺនេះបន្តចំលងរាតត្បាតចូលក្នុងសហគមន៍៕