ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ បន្តអប់រំសុខភាពជូនប្រជាពលរដ្ឋ និងពង្រឹងការតាមដានការអនុវត្តវិធានការការពារ ជាពិសេសហាមឃាត់ការជួបជុំឬការប្រមូលផ្តុំនានានៅក្នុងមូលដ្ឋានរហូតដល់ខែកញ្ញា ដើម្បីការពាររលកទី២នៃការចម្លងមេរោគកូវីដ១៩នៅរាជធានីភ្នំពេញ។
អភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានលើកឡើងនៅក្នុងសេចក្តីណែនាំកាលពីថ្ងៃចន្ទថា នាពេលថ្មីៗនេះ ស្ថានការណ៍នៃការចម្លងមេរោគកូវីដ១៩ បានធូរស្បើយមួយកម្រិត ដោយអ្នកផ្ទុកវីរុសកូវីដ១៩ ចំនួន១២២នាក់ ត្រូវបានជាសះស្បើយ និងនៅសល់អ្នកផ្ទុកវីរុសនេះចំនួន២នាក់ទៀត ដែលកំពុងសម្រាកព្យាបាល។ លោកបានបន្តថា ប៉ុន្តែទន្ទឹមនឹងការថមថយនៃការរីករាលដាលមេរោគនេះ ក៏អត្រាអ្នកឆ្លងនៅលើពិភពលោកនៅតែមានកម្រិតខ្ពស់នៅឡើយ ដែលទាមទារឲ្យមានការបង្ការ និងទប់ស្កាត់បន្ថែមទៀត។
ដើម្បីធានាបាននូវសុខមាលភាពសាធារណៈ ក៏ដូចជាបញ្ចៀសហានិភ័យនៃរលកទី២ការចម្លងវីរុសកូវីដ១៩ នៅលើផ្ទៃប្រទេស ជាពិសេសនៅតាមសហគមន៍នោះ លោកឃួង ស្រេង បានណែនាំដល់អាជ្ញាធរខណ្ឌទាំងអស់ ត្រូវបន្តផ្សព្វផ្សាយ អប់រំ និងណែនាំដល់ប្រជាពលរដ្ឋ ជាពិសេសកម្មករ-កម្មការិនីនៅតាមបណ្តាររោងចក្រនានា អនុវត្តនូវវិធានការអនាម័យ និងរក្សាគម្លាតសុវត្ថិភាពសង្គមនិងបុគ្គលជាចាំបាច់។
លោកបានបន្តថា៖ «ត្រូវបន្តហាមឃាត់ការជួបជុំ ឬការប្រមូលផ្តុំ ដូចជា កម្មវិធីជប់លៀងឬការជួបជុំបែបសាសនាទាំងអស់ក្នុងមូលដ្ឋាន រហូតដល់ខែកញ្ញា ឆ្នាំ២០២០ និងត្រូវបន្តចុះពិនិត្យនិងតាមដានការអនុវត្តវិធានការផ្អាកបណ្តោះអាសន្ននូវទីតាំងអាជីវកម្មមួយចំនួន ដូចជា ក្លឹបហាត់ប្រាណ រោងភាពយន្ត KTV ក្លឹបកម្សាន្ត បៀរហ្គាឌិន អាជីវកម្មម៉ាស្សាសុខភាពនិងស្ប៉ា»។
លោកក៏បានណែនាំដល់អាជ្ញាធរទាំងអស់ ត្រូវចុះត្រួតពិនិត្យតាមដាននៅតាមភោជនីយ៍ដ្ឋាន អាហារដ្ឋាន និងកន្លែងលក់ដូរនានា ឲ្យអនុវត្តវិធានការបង្ការ ដូចជា ត្រូវរៀបចំជែលឬអាល់កុលលាងដៃ នៅមុខច្រកទ្វារចេញចូលនិងត្រូវចាត់បុគ្គលិកវាស់កម្តៅភ្ញៀវទាំងអស់ ហើយក្នុងករណីដែលម្ចាស់ទីតាំងអាជីវកម្មមិនអនុវត្តតាម រដ្ឋបាលរាជធានីភ្នំពេញនឹងបិទអាជីវកម្មនោះជាបណ្តោះអាសន្ន។
លោកបានបន្ថែមថា ត្រូវចុះស្រង់ស្ថិតិប្រជាពលរដ្ឋដែលទើបមកពីក្រៅប្រទេស និងណែនាំឲ្យពួកគាត់ធ្វើចត្តាឡីស័ក និងតាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំរយៈពេល១៤ថ្ងៃ និងត្រូវចុះពិនិត្យស្ថានភាពនៅទីកន្លែងស្នាក់នៅរបស់ប្រជាពលរដ្ឋដែលធ្វើចត្តាឡីស័កទាំងអស់ រួមនិងការអនុវត្តឲ្យបានម៉ឹងម៉ាត់បន្ថែមទៀត នូវវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺនេះរបស់ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ។
អភិបាលខណ្ឌឬស្សីកែវ លោកជា ពិសី បានមានប្រសាសន៍កាលពីថ្ងៃអង្គារថា ក្រោយពីបានទទួលការណែនាំនោះ អាជ្ញាធរខណ្ឌ បាននិងកំពុងអនុវត្តនូវវិធានការដែលបានដាក់ចេញនោះ ដូចជា ការផ្សព្វផ្សាយអប់រំបន្ថែមដល់ប្រជាពលរដ្ឋ ចុះទប់ស្កាត់មិនឲ្យមានការបើកលួចលាក់នូវក្លឹបហាត់ប្រាណ KTV ក្លឹបកម្សាន្ត បៀរហ្គាឌិន និងទីតាំងផ្សេងៗទៀត រួមនឹងការត្រួតពិនិត្យតាមអាហារដ្ឋាននានាជាដើម។ លោកថា៖ «យើងបានប្រជុំផ្សព្វផ្សាយសេចក្តីណែនាំនេះ ដល់សង្កាត់ទាំង៧ រួមនឹងអាជ្ញាធរភូមិ និងយុវជន ហើយយើងនឹងបន្តពង្រឹងការងារនេះបន្ថែមទៀត ដើម្បីចូលរួមទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩នេះ»។
លោក ជា ពិសី បានកត់សម្គាល់ឃើញថា កាលពីមានករណីឆ្លងរាលដាលជំងឺនេះដំបូង ប្រជាពលរដ្ឋហាក់មានការភ័យខ្លាចនឹងការឆ្លង ដោយបានអនុវត្តវិធានការការពារខ្លួនបានយ៉ាងល្អ ប៉ុន្តែបច្ចុប្បន្ន ប្រជាពលរដ្ឋខ្លះហាក់មានការធូររលុងខ្លះក្នុងការការពារ ប៉ុន្តែអាជ្ញាធរនឹងបន្តពង្រឹងការងារផ្សព្វផ្សាយបន្ថែមទៀតលើបញ្ហានេះ។
កាលពីថ្ងៃសៅរ៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានអំពាវនាវជាថ្មី ដល់ប្រជាពលរដ្ឋឲ្យបន្តការប្រុងប្រយ័ត្ន និងអនុវត្តនូវរាល់វិធានការនានារបស់រាជរដ្ឋាភិបាល បើទោះជាអ្នកជំងឺនេះបានព្យាបាលសះស្បើយចំនួន១២២នាក់ និងមានករណីឆ្លងថ្មីដែលនាំចូលពីក្រៅ ចំនួន២នាក់ក៏៏ដោយ។ លោកបានបញ្ជាក់ថា៖ «ដូច្នេះ យើងមិនត្រូវមានការធ្វេសប្រហែស មើលស្រាលចំពោះជំងឺឆ្លងដ៏កាចសាហាវនេះឡើយ…ប្រជាពលរដ្ឋត្រូវមានការយល់ដឹងខ្ពស់អំពីជំងឺឆ្លងនេះ និងត្រូវបង្កើនអនាម័យសុខភាពរស់នៅឲ្យបានល្អ»៕