(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជា បានសម្រេចចិត្តដឹកនាំការផលិតបទចម្រៀង មានចំណងជើងថា «ញញឹមបាយ័ន» បង្កប់ដោយអត្ថន័យអប់រំជ្រាលជ្រៅ អប់រំដល់យុវជនខ្មែរជំនាន់ក្រោយ និងបង្ហាញនូវស្នាមញញឹមមិនចេះរីងស្ងួត និងដោយក្តីសង្ឃឹមជានិច្ច នៃដូនតាខ្មែរយើងលើកំពូលប្រាសាទអង្គរធំ។
បទចម្រៀង «ញញឹមបាយ័ន» មានការបកស្រាយរួមគ្នាដោយតារាចម្រៀង២ដួង គឺអ្នកនាង ឆោម ច័ន្ទដាណេ និង លោក ម៉ាច័ន្ទបញ្ញា ដែលរំលេចស្នាដៃនិពន្ធទំនុកច្រៀង ដោយកវីជើងចាស់លោក នន់ នរិន្ទ សម្រួលបទភ្លេង ដោយកវីដែលមានស្នាដៃ គឺលោក ទី ធាវី និងលោក ចែម ពន្លឺ។
លោក នន់ នរិន្ទ កវីនិពន្ធបទចម្រៀង និងជាអ្នកនិពន្ធប្រលោមលោក ធ្លាប់ទទួលបានជយលាភី បានឲ្យដឹងថា បទនេះលោកបណ្ឌិតសភាចារ្យ ចង់បញ្ជ្រាបដល់ខ្មែរយើងឲ្យចេះសាមគ្គី រួមគិតរួមគូរគ្នា ដើម្បីវឌ្ឍភាពតាមគំរូដូនតា។ លោកបណ្ឌិតសភាចារ្យ សុខ ទូច មានទស្សនៈវែងឆ្ងាយណាស់ ហើយបានសម្រេចចិត្តផលិតបទនេះឡើងជា៣ចង្វាក់ គឺទម្រង់យីកេ ក្បាច់ និងចង្វាក់ប្រជាប្រិយ។ តាមរយៈបទភ្លេងក៏អាចឲ្យយុវជនជំនាន់ក្រោយ ស្តាប់ និងស្វែងយល់បាននោះដែរ។ បទនេះអ្នកនិពន្ធបានប្រើឃ្លាថា «ស្នាមញញឹមបាយ័នជំនាន់ថ្មី»។
លោកបញ្ជាក់ថា បទនេះគឺធ្វើឡើង ដោយមានការយល់ឃើញយ៉ាងត្រឹមត្រូវ ពីសំណាក់លោកបណ្ឌិតសភាចារ្យ សុខ ទូច ដែលមានបំណងចង់ប្រាប់ទៅយុវជន និង យុវនារីខ្មែរយើងជំនាន់ក្រោយ ឲ្យស្វែងយល់ពីស្នាមញញឹម នៃប្រាសាទបាយ័នដែលជាបេតិកភណ្ឌមនុស្សជាតិ ជាពិសេសគឺជាទ្រព្យកេរ្តិ៍ដំណែលខ្មែរ មានតម្លៃ មិនអាចកាត់ថ្លៃបាន៕