Alynana Media Cambodia
Icon Collap
clinic narit

ចិន​បាន​បញ្ជូន​នាវា​​ទៅ​កាន់​ព្រំដែន​សមុទ្រ​​វៀតណាម​ ជា​ការ​ព្រមានដល់​​វៀតណាម

Sang Kim | Jun 30, 2020
ចិន​បាន​បញ្ជូន​នាវា​​ទៅ​កាន់​ព្រំដែន​សមុទ្រ​​វៀតណាម​ ជា​ការ​ព្រមានដល់​​វៀតណាម
Clinic narith

2020-06-30

ចិន​បាន​បញ្ជូន​នាវា​របស់​ខ្លួន​ទៅ​កាន់​ព្រំដែន​សមុទ្រ​ជិត​វៀតណាម​ ជា​ការ​ព្រមាន​កុំ​ឱ្យ​វៀតណាម​លើក​យក​បញ្ហា​នេះ​ទៅ​ប្តឹង​តុលាការ​អន្តរជាតិ​៣ឆ្នាំ​បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​ម៉ានីល​បាន​ប្តឹង​តុលាការ​អាជ្ញាកណ្តាល​អន្តរជាតិ​ក្នុង​ទីក្រុង​ឡាអេ។

តៃប៉ិ —ចិន​បាន​បញ្ជូន​នាវា​ស្រាវជ្រាវ​មួយ​គ្រឿង​កាត់​តាម​ផ្ទៃទឹក​ដែល​បាន​ទាមទារ​ដោយ​វៀតណាម​ដែល​ជា​គូប្រជែង​អធិបតេយ្យភាព​ដែន​សមុទ្រ​របស់​ខ្លួន​នៅ​ខែ​នេះ​ដើម្បី​ព្រមាន​រដ្ឋាភិបាល​ក្រុង​ហាណូយ​កុំ​ឱ្យ​ចាប់ផ្តើម​គម្រោង​រុករក​ថាមពល​ថ្មី និង​ដាក់​ញត្តិ​ណា​មួយ​ទៅ​តុលាការ​អន្តរជាតិ។ នេះ​តាម​សម្តី​របស់​ពួក​អ្នក​សង្កេតការណ៍។

វិទ្យុ​អាស៊ី​សេរី​បាន​រាយការណ៍​ថា ឧបករណ៍​តាមដាន​បាន​បង្ហាញ​ថា នាវា​ស្រាវជ្រាវ​ Haiyang Dizhi 4 ​របស់​ចិន​ដែល​មាន​ប្រវែង​១០៥ម៉ែត្រ​និង​មាន​ផ្ទុក​មនុស្ស​៥៨នាក់​ បាន​បើក​ឆ្ពោះ​ទៅ​កាន់​ផ្ទៃ​ទឹក​វៀតណាម​កាលពី​ថ្ងៃទី១៤​ ខែ​មិថុនា។

សេចក្តីរាយការណ៍​នោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា នាវា​នោះ​បាន​ទៅ​ដល់​ចម្ងាយ៣៧០​គីឡូម៉ែត្រ ពី​ឆ្នេរ​សមុទ្រ​វៀតណាម​ដែល​ជា​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​ធម្មតា​មួយ​របស់​ប្រទេស​ជាតិ​មួយ​ក្នុង​ច្បាប់នាវាចរណ៍​អន្តរជាតិ។

ការ​បើកបរ​នាវា​នេះ​កើត​មាន​ឡើង​បន្ទាប់ពី​ការ​ឆ្លង​កាត់​របស់​នាវា​ចិន​មួយ​គ្រឿង​ទៀត​នៅ​ជិត​វៀតណាម​កាលពី​ខែមេសា និង​ភាព​តទល់​គ្នា​មួយ​កាលពី​ឆ្នាំ​ទៅ។

ពួក​អ្នក​វិភាគ​ជឿ​ថា រដ្ឋាភិបាល​ចិន​ដែល​ជា​ភាគី​មាន​កម្លាំង​ខ្លាំង​បំផុត​មួយ​នៅ​ក្នុង​ជម្លោះ​អធិបតេយ្យភាព​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​មាន​ការ​ទាមទារ​ដោយ​ភាគី​ចំនួន​៦​ដែល​រួម​មាន​វៀតណាម​ផង​ដែរ​នោះ​សង្ឃឹម​ថា នាវា​របស់​ខ្លួន​ធ្វើ​ឱ្យ​ពួក​មេដឹកនាំ​វៀតណាម​រែក​ចិត្ត​កុំ​ដាក់​ពាក្យ​ប្តឹង​នៅ​តុលាការ​អន្តរជាតិ​ដូច​ដែល​ហ្វីលីពីន​បាន​ធ្វើ​នៅ​ឆ្នាំ២០១៣។

ពួក​អ្នក​វិភាគ​ជឿ​ថា នៅ​ពេល​ជាមួយ​គ្នា​នោះ​ដែរ ចិន​កំពុង​ព្រមាន​វៀតណាម​ពី​គម្រោង​រុករក​ប្រេង​ ឬ​ឧស្ម័ន​ថ្មី​នៅ​ក្រោម​បាត​សមុទ្រ​នៅ​ជិត​ខ្សែបន្ទាត់​៩ចំណុច​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ប្រើ​ដើម្បី​កំណត់​ព្រំដែន​សមុទ្រ​របស់​ខ្លួន។

លោក Collin Koh ជា​អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​ខាង​សន្តិសុខ​ផ្លូវ​នាវាចរណ៍​នៅ​ឯ​សាកលវិទ្យាល័យ​បច្ចេកវិទ្យា Nanyang ក្នុង​ប្រទេស​សិង្ហបុរី​និយាយ​ថា «អ្វី​ដែល​ខ្ញុំ​មើលឃើញ​គឺ​ចំណាត់ការ​នៅ​ពេល​ថ្មីៗ​នេះ រួម​មាន​ទាំង​ចំណាត់ការ​កាលពី​ថ្មីៗ​បំផុត​នេះ​ជា​ការ​ផ្តល់​សញ្ញា​ដល់​វៀតណាម​ឱ្យ​គិត​ឡើង​វិញ​មុន​នឹង​រក​មធ្យោបាយ​ដើម្បី​ធ្វើ​ឱ្យ​ខូច​ខាត​ដល់​ផលប្រយោជន៍​របស់​ចិន​ហើយ​ការណ៍​នេះ​រួមបញ្ចូល​ទាំង​ការ​ចាប់ផ្តើម​កិច្ចព្រមព្រៀង​ថ្មី​ជាមួយ​ដៃគូ​ថាមពល​នានា‍»។

កាលពី​ខែវិច្ឆិកា​ឆ្នាំ​មុន អនុ​រដ្ឋមន្រ្តី​ការបរទេស​វៀតណាម​បាន​លើក​ឡើង​ពី​អន្តរាគមន៍​តាម​រយៈ​អាជ្ញាកណ្តាល និង​ការ​ដាក់​ពាក្យ​បណ្តឹង​ជា​វិធានការ​២​ដែល​អាច​ទៅ​រួច​ដើម្បី​ប្រឆាំង​នឹង​ចិន។

៣ឆ្នាំ​បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​ម៉ានីល​បាន​ប្តឹង​តុលាការ​អាជ្ញាកណ្តាល​អន្តរជាតិ​ក្នុង​ទីក្រុង​ឡាអេ​បាន​កាត់​សេចក្តី​ប្រឆាំង​មូលដ្ឋាន​ផ្លូវ​ច្បាប់​សម្រាប់​ខ្សែ​បន្ទាត់​ព្រំដែន​សមុទ្រ​ដែល​ដាច់​ជា​៩ចំណុច​របស់​ចិន។ ចិន​បាន​ច្រានចោល​ការ​សម្រេច​របស់​តុលាការ​នោះ ក៏ប៉ុន្តែ​បាន​ប្រើ​ជំនួយ និង​ការ​វិនិយោគទុន​របស់​ខ្លួន​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេស​ទាមទារ​ដែន​ទឹក​នោះ។ ប្រទេស​ប៊្រុយណេ ម៉ាឡេស៊ី និង​កោះ​តៃវ៉ាន់​ក៏​បាន​ទាមទារ​ផ្នែក​ទាំងអស់​ ឬ​ផ្នែក​ខ្លះ​នៃ​សមុទ្រ​ដែល​មាន​ទំហំ​៣លាន​៥សែន​គីឡូម៉ែត្រ​ការ៉េ​ដែរ។

វៀតណាម និង​ចិន​បាន​ប៉ះទង្គិច​គ្នា​នៅ​សមុទ្រ​ក្នុង​ឆ្នាំ១៩៧៤ ឆ្នាំ១៩៨៨ និង​ឆ្នាំ២០១៤ ដែល​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ទីក្រុង​ហាណូយ​ខុស​ពី​ប្រទេស​ទាមទារ​សមុទ្រ​ផ្សេង​ទៀត​ដែល​កម្រ​ធ្វើ​ឱ្យ​មាន​ជម្លោះ​ណាស់។​ ឧបទ្ទវហេតុ​២​លើក​ដំបូង​មាន​មនុស្ស​ស្លាប់។ នៅ​ឆ្នាំ២០១៤ វៀតណាម​បាន​ចោទប្រកាន់​ចិន​ពី​ការ​បើក​បុក​កប៉ាល់​នេសាទ​វៀតណាម។ ឧបទ្ទវហេតុ​នេះ​រួម​ជាមួយ​ការ​រកាំចិត្ត​អំពី​ការ​ដំឡើង​ការដ្ឋាន​បូម​ប្រេង​របស់​ចិន​បាន​បណ្តាល​ឱ្យ​មាន​កុបកម្ម​ប្រឆាំង​ចិន​នៅ​ក្នុង​ប្រទេស​វៀតណាម។

ចិន​ដែល​មាន​កម្លាំង​យោធា​ខ្លាំង​ទី៣​របស់​ពិភពលោក​ទាមទារ​សមុទ្រ​ចិន​ខាង​ត្បូង​ប្រហែល​៩០ភាគរយ​ដែល​សម្បូរ​ត្រី ​មានប្រេង​ឥន្ទនៈ និង​ជា​ផ្លូវ​ដឹក​ជញ្ជូន។

ចិន​បាន​យោង​ដល់​កំណត់ត្រា​ប្រវត្តិសាស្រ្ត​ដើម្បី​គាំទ្រ​ការ​ខួង​ប្រេង​ការ​ស៊ើប​យក​ការណ៍ និង​ការ​ស្ថាបនា​កោះ​នៅ​ក្នុង​ចំណុច​ខ្សែ​បន្ទាត់​ព្រំដែន​សមុទ្រ​៩ចំណុច។

វៀតណាម និង​ចិន​កំពុង​ស្វែង​រក​អណ្តូង​ប្រេងកាត​នៅ​ក្រោម​បាត​សមុទ្រ។ ចិន​បាន​ដក​នាវា​របស់​ខ្លួន​កាលពី​ខែតុលា​ឆ្នាំ​ទៅ​បន្ទាប់ពី​ការ​យាម​ល្បាត​អស់​រយៈពេល​៤ខែ​នៅ​ជិត​តំបន់​ដែល​មាន​ឧស័្មន និង​ប្រេង​នៅ​ចម្ងាយ​៣៥២​គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​ប្រទេស​វៀតណាម។

លោក Euan Graham ជា​អ្នក​សិក្សា​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៅ​វិទ្យាស្ថាន​សម្រាប់​ការ​សិក្សា​យុទ្ធសាស្រ្ត​ដែល​មាន​ទីតាំង​ក្នុង​ប្រទេស​សិង្ហបុរី​បាន​និយាយ​ថា កប៉ាល់​រុករក​ប្រេង​ផ្សេង​ទៀត​គួរ​ចាប់​អារម្មណ៍​ពី​ចលនា​នាវា​រុករក​របស់​ចិន។ ប្រទេស​ប៊្រុយណេ​ ម៉ាឡេស៊ី និង​ហ្វីលីពីន​កំពុង​ស្វះស្វែង​រក​ប្រេង​នៅ​ក្រោម​បាត​សមុទ្រ​ជួន​កាល​ធ្វើ​កិច្ចសន្យា​គម្រោង​ជាមួយ​ក្រុមហ៊ុន​ខួង​ប្រេង​បរទេស។

លោក Graham និយាយ​បន្ត​ទៀត​ថា «ខ្ញុំ​គិត​ថា វា​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្រ្ត​បំភិតបំភ័យ​ និង​រំខាន​យាយី​មិន​ស្រាកស្រាន​ចំពោះ​សកម្មភាព​រុករក​ទាំងអស់​នៅ​តំបន់​អាស៊ីអាគ្នេយ៍​នៅ​ក្នុង​ចំណុច​ខ្សែ​បន្ទាត់​ព្រំដែន​សមុទ្រ​៩ចំណុច​ រហូត​ដល់ក្រុមហ៊ុន​បរទេស និង​ក្រុមហ៊ុន​ក្នុង​ស្រុក​មិន​អាច​រុករក​ប្រេង​បាន​ដោយ​ដឹង​ថា ចិន​នឹង​ធ្វើ​ឱ្យ​មាន​ការ​លំបាក​ដល់​ពួកគេ»។

លោក​បាន​និយាយ​ថា ចិន​អាច​ធ្វើ​ឱ្យ​ប្រទេស​ទាមទារ​ផ្សេង​ទៀត​ចូលរួម​ការ​រុករក​ ថាមពល​រួម​គ្នា។

លោក Koh និយាយ​ថា ក្រុមហ៊ុន​ធ្វើ​កិច្ចសន្យា​ខួង​ប្រេង​រំពឹង​ថា វៀតណាម​នឹង​ផ្តល់​សន្តិសុខ​ក្នុង​អំឡុង​ធ្វើ​គម្រោង​ណា​មួយ។ លោក Nguyen Thanh Trung នាយក​មជ្ឈមណ្ឌល​សម្រាប់​ការ​សិក្សា​អន្តរជាតិ​នៅ​ឯ​សាកលវិទ្យាល័យ​វិទ្យាសាស្រ្ត​សង្គម និង​មនុស្សសាស្ត្រ​ក្នុង​ទីក្រុង​ហូជីមិញ​និយាយ​ថា ក្រុមហ៊ុន​ទាំង​នោះ​អាច​សុំ​ឱ្យ​វៀតណាម​នូវ​តម្លៃ​កិច្ចសន្យា​ខ្ពស់ ប្រសិនបើ​ពួកគេ​ភ័យ​ខ្លាច​ការ​រំខាន​យាយី។

លោក Nguyen បាន​និយាយ​ទៀត​ថា វៀតណាម​មិន​មាន​ការដ្ឋាន​ខួង​ប្រេង​នៅ​ឯ​កន្លែង​រុករក​នៅ​តាម​បណ្តោយ​ផ្លូវ​នាវាចរណ៍​ដែល​បាន​រាយការណ៍​កាលពី​ពាក់​កណ្តាល​ខែ​មិថុនា​ដោយ​នាវា​ចិន​ទេ។

លោក Nguyen បាន​ថ្លែង​បន្ត​ទៀត​ថា «វៀតណាម​កំពុង​ធ្វើ​ការ​សម្របសម្រួល​ដោយ​មិន​ចង់​ប្រឈមមុខ​ជាមួយ​ចិន​នៅ​ពេល​ឥឡូវ​នេះ។ នៅ​ឆ្នាំ​ក្រោយ សមាជ​គណបក្ស​កុម្មុយនិស្ត​វៀតណាម​នឹង​ត្រូវ​ធ្វើ​ឡើង ដូច្នេះ​អ្វីៗ​ដែល​កំពុង​កើត​មាន​ឡើង​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​អាច​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង ដូច្នេះ​នេះ​ជា​ហេតុផល​មួយ​ថា​តើ​ហេតុអ្វី​បាន​ជា​រដ្ឋាភិបាល​វៀតណាម​ចង់​ពន្លត់​ការ​តានតឹង​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​នោះ»៕