ឯកឧត្តមបណ្ឌិត ឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងនារសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ តាមរយៈបណ្តាញតេឡេក្រាមថា ក្រសួងអប់រំ និងក្រសួងសុខាភិបាល បានឯកភាពគ្នា នឹងបើកសាលារៀនឡើងវិញជា ៣ដំណាក់កាល។
ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា៖ “ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល បានជួបប្រជុំ និងបានឯកភាពគ្នា ពិចារណាក្នុងការបើកឱ្យដំណើរការសាលារៀន ជា៣ដំណាក់កាល ដោយដំណាក់កាលទី១ នឹងចាប់ផ្តើមពីសាលាដែលមានស្តង់ដារខ្ពស់ជាមុនសិន បន្ទាប់មកគឺ ស្តង់ដាមធ្យម និងស្តង់ដាអប្បបរមា”។
ពាក់ព័ន្ធនឹងកាលបរិច្ឆេទដែលថានឹងចាប់ផ្តើមដំណាក់កាលទី១នៅពេលណានោះ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថា ក្រសួងអប់រំ ពុំទាន់កំណត់កាលបរិច្ឆេទនៅឡើយទេ ប៉ុន្តែក្រសួងនឹងចេញសេចក្តីប្រកាស ក្នុងពេលខាងមុខនេះ ដើម្បីបញ្ជាក់ជូនសាធារណជន ជាពិសេសគឺអាណាព្យាបាល ដែលកំពុងរងចាំយ៉ាងអន្ទះសារ ចំពោះការបើកសាលារៀននេះ។
គួររំលឹកថា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ បានចេញសេចក្តីណែនាំបន្ទាន់មួយ ដោយសម្រេចឱ្យសិស្ស និងនិស្សិតគ្រប់កម្រិតសិក្សាទាំងអស់ នៅទូទាំងប្រទេស ឈប់សម្រាកមុនកាលកំណត់ រហូតដល់មានការជូនដំណឹងថ្មី ហើយការសម្រេចរបស់ក្រសួងអប់រំនេះធ្វើឡើងដើម្បីជាវិធានការបង្ការ និងទប់ស្កាត់ជាបន្ទាន់នូវការរីករាលដាលជំងឺ Covid-19។