(រ៉ង់ហ្គូន)៖ អាជ្ញាធរបាននិយាយថា ចំនួនអ្នកស្លាប់នៅក្នុងគ្រោះធម្មជាតិរអិលបាក់ដី នៅអណ្តូងរ៉ែមួយនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ១៦៨នាក់ ខណៈអាជ្ញាធររំពឹងថា ចំនួនអ្នកស្លាប់អាចកើនច្រើនជាងនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី០៣ ខែកក្កដា ឆ្នាំ២០២០។
ក្រុមជួយសង្គ្រោះរបស់មីយ៉ាន់ម៉ា បានបង្ហោះសារនៅលើបណ្តាញសង្គមថា គ្រោះមហន្តរាយនេះបានកើតឡើងបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅរដ្ឋកាឈីន (Kachin) ជាប់ព្រំដែនជាមួយចិន ក្រុមសង្គ្រោះបានរកឃើញសាកសព ១៦៨នាក់ ខណៈការរុករកនៅតែបន្ត។ អាជ្ញាធរបានស្តីបន្ទោស ទៅលើក្រុមហ៊ុនរុករករ៉ែ ដែលមិនបានអើពើពីការព្រមានរបស់អាជ្ញាធរមូលដ្ឋាន ដែលហាមមិនឱ្យធ្វើការរុករករ៉ែក្នុងពេលមានភ្លៀងខ្លាំង។
គ្រោះរអិលបាក់ដីអាក្រក់ៗ និងគ្រោះថ្នាក់ផ្សេងៗទៀត តែងតែកើតមានឡើងជារឿយៗនៅតាមទីតាំងរុករករ៉ែជាពិសេសនៅក្នុងរដូវភ្លៀង។ ជាក់ស្តែងកាលពីខែវិច្ឆិកា ឆ្នាំ២០១៥ កន្លងទៅនេះគ្រោះរអិលបាក់ដីមួយបានកើតឡើងនៅទីនោះដែរ ដែលបានបណ្តាលឲ្យមនុស្សចំនួន ១១៦នាក់ស្លាប់។ ប្រទេសមីយ៉ាន់ម៉ា គឺស្ថិតក្នុងចំណោមប្រទេស ដែលនាំចេញត្បូងមានតម្លៃច្រើនជាងគេ ហើយវិស័យនេះកំពុងមានតំរូវការយ៉ាងខ្លាំងពីសំណាក់ប្រទេសជិតខាង ជាពិសេសគឺប្រទេសចិន៕