
រហូតដល់ម៉ោង ៨:៣០ព្រឹក ថ្ងៃទី ៩ កក្កដា ២០២០ យើងពុំរកឃើញករណីជំងឺកូវីដ-១៩ ថ្មីទេ ដូច្នេះចំនួនសរុបកូវីដ-១៩ ១៤១នាក់ដដែល ជាសះស្បើយគ្មាន ចំនួនសំរាកនៅពេទ្យនៅសល់១០នាក់ ចំនួនជាសះស្បើយសរុបចំនួន១៣១នាក់ និងស្លាប់គ្មាន ។ នេះបើយោងតាមការបញ្ជាក់របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងកម្ពុជា (CDC) លើផេករបស់ហ្វេសប៊ុករបស់ខ្លួននៅមុននេះបន្ដិច។
នាយកដ្ឋានបញ្ជាក់បន្ដថា ជំងឺកូវីដ-១៩ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡើយ ។ ដូច្នេះយើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។
ហើយទោះជាយ៉ាងណាយើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ។ ល។ ក្នុងនោះក៏ត្រូវបន្តពាក់ម៉ាស់នៅពេលចាំបាច់ និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ។
សូមបញ្ជាក់ថា ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។ ហើយគិតមកដល់ពេលនេះកម្ពុជាយើងបានធ្វើតេស្តរកមេរោគនេះលើមនុស្សសរុបចំនួន ៤២៣១៤ ស្មើនឹង ២៥៤៩ ក្នុងចំណោមមនុស្ស ១ លាននាក់។
ពត៌មានបន្ថែមសូមទាក់ទងលេខ 115