ស្វីស៖ អង្គការសុខភាពពិភពលោកបានរាយការណ៍ករណីឆ្លងវីរុសកូរ៉ូណា ឬ COVID-19 ខ្ពស់បំផុតនៅទូទាំងពិភពលោកកាលពីថ្ងៃអាទិត្យ ដែលមានអ្នកឆ្លងសរុបកើនឡើងរហូតដល់ ២៣០,៣៧០នាក់ក្នុងរយៈពេល២៤ម៉ោង។ យោងតាមរបាយការណ៍ប្រចាំថ្ងៃ ការកើនឡើងខ្ពស់បំផុតគឺនៅសហរដ្ឋអាមេរិក ប្រេស៊ីល ឥណ្ឌា និងតំបន់អាហ្វ្រិកខាងត្បូង។ កំណត់ត្រាកាលពីកន្លងទៅរបស់អង្គការសុខភាពពិភពលោក សម្រាប់ករណីថ្មីគឺចំនួន ២២៨.១០២នាក់កាលពីថ្ងៃទី១០ ខែកក្កដា។ ការស្លាប់នៅតែមានចំនួនថេរក្នុងចន្លោះប្រហែល ៥ពាន់នាក់ក្នុងមួយថ្ងៃ។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ករណីឆ្លងវីរុសកូរ៉ូណានៅលើពិភពលោកបានឈានដល់ជាង ១៣លាននាក់នៅថ្ងៃអាទិត្យ។ សហរដ្ឋអាមេរិកបានកត់ត្រាករណីឆ្លងថ្មីចំនួន ៥៩.៧៤៧នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយកាលពីថ្ងៃអាទិត្យ នេះបើយោងតាមរបាយការណ៍សរុបពីសាកលវិទ្យាល័យ Johns Hopkins។ ចំនួនករណីឆ្លងនៅអាមេរិកបានកើនឡើងខ្លាំង ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ ដោយហក់ឡើងដល់ចំនួនខ្ពស់បំផុត ៦៦,៥២៨នាក់ក្នុងរយៈពេល ២៤ម៉ោងកាលពីថ្ងៃសៅរ៍។ រដ្ឋ Florida បានកត់ត្រាករណីឆ្លងថ្មីនៃវីរុសកូរ៉ូណាទូទាំងរដ្ឋចំនួន ១៥,២៩៩នាក់ក្នុងរយៈពេល ២៤ម៉ោងក្នុងរង្វង់មួយត្រីមាសនៃការឆ្លងប្រចាំនៅសហរដ្ឋអាមេរិក៕