ម៉ុងហ្គោលី៖ យុវជនវ័យ ១៥ឆ្នាំម្នាក់ បានស្លាប់ដោយសារជំងឺប៉េស្ត (Bubonic Plague) នៅភាគខាងលិច ប្រទេសម៉ុងហ្គោលី។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងសុខាភិបាលម៉ុងហ្គោលី នាពេលថ្មីៗនេះ។
យោងតាមការចុះផ្សាយរបស់ CNN នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ អ្នកនាំពាក្យក្រសួងសុខាភិបាល លោក Dorj Narangerel បានឱ្យដឹងថា យុវជនខាងលើ បានឆ្លងជំងឺប៉េស្ត (Bubonic Plague) បន្ទាប់ពីបរបាញ់ និងទទួលទានសាច់សត្វ ម៉ាម៉ត (Marmot) ។ គេបានស្លាប់កាលពីថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២០។
សត្វម៉ាម៉ត ជាប្រភេទកំប្រុករស់នៅលើដី ដែលមានរូបរាងធំ។ ពួកវា មានប្រវត្តិចម្លងជំងឺប៉េស្តទៅលើមនុស្ស នៅក្នុងតំបន់នេះ កាលពីអតីតកាល ដែលសម្លាប់មនុស្សរាប់រយនាក់។ ជំងឺនេះ ក៏ចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់បានផងដែរ។
បន្ទាប់ពីការធ្វើតេស្ត យុវជនដែលបានទទួលទានសាច់ម៉ាម៉ត បានឆ្លងជំងឺប៉េស្ត ហើយអាជ្ញាធរបានធ្វើការបិទស្រុកមួយទាំងមូលដែលយុវជនរូបនេះរស់នៅ ដើម្បីអនុវត្តវិធានចត្តាឡីស័ក រយៈពេល៦ថ្ងៃ នៅស្រុក Tugrug ក្នុងខេត្ត Gobi-Altai នៃប្រទេសម៉ុងហ្គោលី។ មនុស្សយ៉ាងតិច ១៥នាក់ បានប៉ះពាល់ជាមួយយុវជនដែលបានស្លាប់ដោយជំងឺប៉េស្តនោះ។ ប៉ុន្តែបច្ចុប្បន្ន ពួកគេ មានសុខភាពធម្មតា។
សូមរំឭកថា ជំងឺប៉េស្ត (Bubonic Plague) បានឆ្លងនៅម៉ុងហ្គោលី ចំនួន ៦៩២ករណី គិតចាប់ពីឆ្នាំ១៩២៨ ដល់ ២០១៨។ ក្នុងនោះ ៥១៣ករណី បានស្លាប់៕
ប្រភព៖ CNN