ភ្នំពេញ ៖ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានរំលឹកដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ដាច់ខាតត្រូវតែការពារសុខសន្តិភាពជូនដល់ប្រទេសជាតិ និងប្រជាជនគ្រប់រូប ហើយត្រូវតែទប់ស្កាត់ឲ្យបានចំពោះក្រុមជ្រុលនិយមមួយចំនួន ដែលមានលក្ខណៈញុះញង់ឲ្យមានការបែកបាក់សាមគ្គីគ្នារវាងប្រជាជន និងកងកម្លាំងប្រដាប់អាវុធក្រោមលេស យកលទ្ធិប្រជាធិបតេយ្យមកនិយាយ។
ថ្លែងនៅក្នុងឱកាសខួប៣០ឆ្នាំ ថ្ងៃបង្កើតកងវរសេនាតូចលេខ២៤៦ និងខួបអនុស្សាវរីយ៍គម្រប់១១ឆ្នាំនៃការបង្កើតបញ្ជាការដ្ឋានអង្គរក្ស នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០នេះ នៅបញ្ជាការដ្ឋានអង្គរក្ស ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា ភារកិច្ចស្នូលរបស់បងប្អូនកងកម្លាំងប្រដាប់អាវុធទាំងអស់គឺការពារប្រជាពលរដ្ឋ ការពារប្រទេសជាតិរបស់យើងទាំងមូល ដោយមិនត្រូវស្តាប់ជនមួយក្តាប់តូចដែលកំពុងលាក់ខ្លួននៅក្រៅប្រទេស និងក្រុមអ្នកវិភាគហ៊ុនដីមួយចំនួននោះឡើយ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា «បងប្អូនទាំងអស់(កងកម្លាំងប្រដាប់អាវុធ) គោលដៅច្បាស់លាស់របស់យើង គឺការពារយើងទាំងអស់គ្នា ការពារប្រជាជន និងប្រទេសជាតិរបស់យើង ការពារសិទ្ធិសេរីភាពស្របច្បាប់ និងសុខសន្តិភាពដែលយើងមានសព្វថ្ងៃ ដែលបានមកដោយការលំបាក ដែលទាំងនេះហើយ គឺជាការប្តេជ្ញាចិត្តរបស់កងទ័ពយើងពីថ្ងៃនេះ ដល់អនាគត។ ចង់អ្នកណាថា អ្វីក៏ថាទៅ ប៉ុន្តែនេះ ជាមូលដ្ឋានដែលយើងត្រូវធ្វើម្ចាស់ការ ហើយប្រសិនបើយើងបាត់បង់ម្ចាស់ការ នឹងភាព នឹងនរនៅកិច្ចការពារជាតិនេះ គឺនឹងត្រូវចប់ហើយ….នេះជាការផ្ដាំផ្ញើដល់កងកម្លាំងប្រដាប់អាវុធប្រឈមជាមួយនឹងការវាយប្រហារពីខាងក្រៅ»នោះ (ពួកប្រឆាំង)។
ជាមួយគ្នានោះដែរ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានផ្ដាំផ្ញើដល់ក្រុមអ្នកខ្លាំងក្រៅច្បាប់ ដែលបច្ចុប្បន្នកំពុងរត់ចោលស្រុក និងក្រុមកំពុងវិភាគហុយដីទាំងអស់ធ្វើអ្វីធ្វើទៅកុំ ធ្វើម៉េចកុំឲ្យមាន ការប៉ះពាល់ដល់ផលប្រយោជន៍រួមរបស់ប្រទេសជាតិ ដែលកំពុងមានសុខសន្តិភាព និងការអភិវឌ្ឍនាពេល បច្ចុប្បន្ននេះ ហើយអ្វីដែលក្រុមពួកអគតិទាំងនេះបានធ្វើសកម្មភាពនាពេលកន្លងមកគឺគោលបំណងតែ មួយគត់គឺចង់បំផ្លាញសុខសន្តិភាព និងការរីកចំរើនប្រទេសជាតិនាពេលសព្វថ្ងៃនេះ ដោយយកលេសលទ្ធិ ប្រជាធិបតេយ្យមកអះអាងនោះ។
យ៉ាងណាក៏ដោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា ការប៉ុងប៉ងរបស់ជនអគតិ ទាំងនោះ នឹងមិនអាចទៅរួចនោះឡើយ ខណៈកងកម្លាំងប្រដាប់អាវុធបានសាមគ្គីគ្នាជានិច្ចចំពោះជាតិមាតុភូមិ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សន្តិភាព និងការអភិវឌ្ឍ ការពារជាតិសាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់។
ក្នុងឱកាសនោះដែរ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវបង្កើនចំណេះជំនាញរបស់ខ្លួនជាបន្តបន្ទាប់ទៀត ដើម្បីធ្វើយ៉ាងណាឲ្យខឿនការពារជាតិកម្ពុជាកាន់តែរឹងមាំក្នុងកិច្ចការពារបូរណភាពទឹកដី ឯករាជ្យជាតិ និងអធិបតេយ្យជាតិជាដើមនោះ៕