ក្រសួងការពារជាតិប្រទេសចិនបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា យោធាចិន និងយោធារុស្ស៊ីនឹងរួមគ្នាធ្វើសមយុទ្ធយោធានៅភាគខាងត្បូងប្រទេសរុស្ស៊ីនៅចុងខែកញ្ញានេះ ជាមួយនឹងកងទ័ពមកពីប្រទេសអាមេនី បេឡារុស អ៊ីរ៉ង់ មីយ៉ាន់ម៉ា ប៉ាគីស្ថាន និងប្រទេសផ្សេងៗទៀត នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសចិនបានឲ្យដឹងថា សមយុទ្ធដែលមានឈ្មោះថា «Caucuses 2020» នឹងប្រើយានយន្តលើគោក និងអាវុធធុនស្រាល ដែលនឹងត្រូវដឹកដោយយន្តហោះដឹកសម្ភារៈចម្បាំងទំនើបបំផុតរបស់ចិន ទៅកាន់ទីតាំងសមយុទ្ធ។សមយុទ្ធយោធានេះនឹងចាប់ផ្ដើមពីថ្ងៃទី២១ដល់២៦ ខែកញ្ញា។
សេចក្ដីថ្លែងការណ៍ដដែលនេះក៏បានឲ្យដឹងថាសមយុទ្ធនេះមានអត្ថន័យពិសេសសម្រាប់ទំនាក់ទំនងរវាងប្រទេសចិននិងរុស្ស៊ី «នៅក្នុងកាលៈទេសៈដ៏សំខាន់នេះ គឺនៅពេលដែលពិភពលោកទាំងមូលកំពុងប្រយុទ្ធនឹងការរាតត្បាតនៃជំងឺកូវីដ១៩»។
ប្រទេសចិនបានរាយការណ៍ថា មិនមានករណីឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសទេនៅប៉ុន្មានសប្ដាហ៍នេះ ស្របពេលដែលប្រទេសរុស្ស៊ីនៅតែមានករណីឆ្លងថ្មី ដែលមកដល់ពេលនេះមានអ្នកឆ្លងជាង ១លាននាក់ហើយ៕