មេដឹកនាំរបបយោធាក្នុងប្រទេសម៉ាលី នឹងបន្តការពិគ្រោះយោបល់ថ្នាក់ជាតិរយៈពេលបីថ្ងៃនៅថ្ងៃសុក្រ ដើម្បីពិភាក្សាពីតំណាក់កាលអន្តរកាលមួយឆ្ពោះទៅរករដ្ឋាភិបាលស៊ីវិលមួយ គឺរយៈពេលមួយខែបន្ទាប់ពីទម្លាក់លោកប្រធានាធិបតី Ibrahim Boubacar Keita ចេញពីតំណែង។
កាលពីថ្ងៃព្រហស្បតិ៍ វរសេនីយឯក Assimi Goita ដែលជាប្រធាននៃរបបយោធានោះ បានប្រាប់ទៅគណបក្សនយោបាយ និងក្រុមសង្គមស៊ីវិលដែលបានជួបប្រជុំគ្នាក្នុងរដ្ឋធានីបាម៉ាកូ ថា គ្រប់ៗគ្នាត្រូវទុកមួយឡែកសិននូវជម្លោះដែលមិនត្រូវគ្នា ដើម្បីបង្កើតនូវប្រទេសម៉ាលីមួយដែលមានការកែទម្រង់ ពលរដ្ឋមានការងារធ្វើប្រសើរ និងសង្គមមួយដែលមានភាពយុត្តិធម៌និងត្រឹមត្រូវ។
វរសេនីយឯក Assimi Goita និងក្រុមទាហាន បានដឹកនាំធ្វើរដ្ឋប្រហារមួយ ដែលនាំទៅដល់ការចុះចេញពីតំណែងរបស់លោកប្រធានាធិបតី Keita កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០នេះ។
របបយោធាលើកឡើងថា ខ្លួនចង់ឲ្យប្រទេសនេះ វិលទៅរកការដឹកនាំដោយជនស៊ីវិលឡើងវិញ ប៉ុន្តែការពិភាក្សាគ្នាជាច្រើនលើកជាមួយមេដឹកនាំក្នុងតំបន់ នៅមិនទាន់ទទួលបានផ្លែផ្កានិងកិច្ចព្រមព្រៀងណាមួយនៅឡើយទេ ក្នុងដំណើរឆ្ពោះទៅរកផ្លូវដ៏ច្បាស់មួយសម្រាប់តំណាក់កាលអន្តរកាលនៃមេដឹកនាំស៊ីវិលនោះ។
ក្រុមប្រទេសតំបន់អាហ្វ្រិកខាងលិច ឬហៅកាត់ថា ECOWAS បានទទូចឲ្យរបបយោធា ដែលគេស្គាល់ឈ្មោះថា «គណៈកម្មការជាតិសង្គ្រោះប្រជាពលរដ្ឋ»នោះ បង្កើតឲ្យមានអ្នកដឹកនាំអន្តរកាលជាជនស៊ីវិលត្រឹមថ្ងៃទី១៥ ខែកញ្ញា ហើយធ្វើការបោះឆ្នោតក្នុងរយៈពេលមួយឆ្នាំ ដើម្បីជ្រើសរើសប្រធានាធិបតីនិងនាយករដ្ឋមន្រ្តី៕