ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូ ការពារសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង (AHKFTA) នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ជាមួយគណៈកម្មការទី៩ នៃរដ្ឋសភា ដែលដឹកនាំដោយលោកជំទាវ និន សាផុន សមាជិកគណៈ
កម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការទី៩ និងមានការចូលរួមពីគណៈកម្មការទី៥ ដឹកនាំដោយ ឯកឧត្តមឈាង វុន សមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មការទី៥ នៃរដ្ឋសភាផង
ដែរ។
ជាកិច្ចចាប់ផ្តើម លោកជំទាវប្រធានគណៈកម្មការទី៩ បានជម្រាបអង្គប្រជុំថា គណៈកម្មការជំនាញទី៥ និងទី៩ នៃរដ្ឋសភាបានពិនិត្យលើអត្ថបទកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង ដោយបានឯកភាពទាំងស្រុងទៅលើបែបបទ និងនីតិវិធីនៃការស្នើសុំសច្ចាប័នលើកិច្ចព្រមព្រៀងនេះ។ ក្នុងកិច្ចប្រជុំនេះផងដែរ គណៈកម្មការជំនាញទាំងពីរនៃរដ្ឋសភាបានលើកជាសំណួរមួយចំនួនជាពិសេសទៅលើខ្លឹមសារ ក៏ដូចជាអត្ថប្រយោជន៍ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ។
ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តី បានជម្រាបអង្គប្រជុំអំពីខ្លឹមសារសំខាន់ៗនៃកិច្ចព្រមព្រៀង ព្រមទាំងអត្ថប្រយោជន៍ដែលកម្ពុជានឹងទទួលបាននៅពេលកិច្ចព្រមព្រៀងនេះចូលជាធរមាន។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានជម្រាបអង្គប្រជុំពីកិច្ចខិតខំរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញការនាំចេញតាមរយៈការធ្វើពិពិធកម្មទីផ្សារ ទាញយកប្រយោជន៍ឱ្យអស់លទ្ធភាពពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដែលកម្ពុជាជាសមាជិក និងស្វែងរកទីផ្សារបន្ថែម តាមរយៈការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗផងដែរ។
ជាលទ្ធផល កិច្ចប្រជុំបានឯកភាពទាំងស្រុងលើខ្លឹមសារនៃកិច្ចព្រមព្រៀង ដោយពុំមានការកែសម្រួលបន្ថែមនោះទេដើម្បីដាក់ជូនកិច្ចប្រជុំពេញអង្គរដ្ឋសភានាពេលខាងមុខ។
គួរជម្រាបផងដែរថា កិច្ចព្រមព្រៀងនេះ នឹងធ្វើឱ្យកាន់តែស៊ីជម្រៅនូវការតភ្ជាប់សេដ្ឋកិច្ចរវាងប្រទេសអាស៊ាននិងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈការបន្តធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មទំនិញ ពាណិជ្ជកម្មសេវាកម្ម និងការធ្វើឲ្យប្រសើរឡើងនូវនីតិវិធីគយ និងវិធានការនានាលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស និងរួមចំណែកដ៏សំខាន់ក្នុងការសម្រួលដល់ពាណិជ្ជកម្ម និងវិនិយោគឆ្លងដែន ព្រមទាំងកាត់បន្ថយនូវរបាំងចូលទីផ្សារដើម្បីជំរុញដល់ភាពងាយស្រួលដល់សហគ្រាសធុនតូច និងមធ្យម រវាងប្រទេសអាស៊ាន និងហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន៕