ដំណើរការសាកល្បងឡដុតសំរាមរួមរបស់ស្រុកជាលើកដំបូង៖ សំរាមជាច្រើនតោន មកពីគ្រប់ទិសទីនៅក្នុងស្រុកបន្ទាយស្រី ដែលបានកកស្ទះ សេសសល់រាយប៉ាយនៅតាមទីសាធារណៈ នៅក្នុងភូមិ និងតាមដងផ្លូវនានាជាយូរមកហើយ ជាពិសេសសំរាមថ្មីដែលបានបន្សល់ទុកក្រោយថ្ងៃសម្រាកបុណ្យភ្ជុំបិណ្ឌ ត្រូវបានប្រមូលយកមកដុតជាលើកទីមួយនៅក្នុងទីលានឡដុតសំរាមថ្នាក់ស្រុក ដែលទើបតែបានតម្លើងរួចដោយក្រុមការងារក្រសួងបរិស្ថានកាលពីពេលថ្មីៗនេះ ក្រោយពីបានហាលសម្ងួត និងញែកយកសំរាមដែលអាចលក់អេតចាយ និងអាចកែច្នៃបានរួចមក។
ចាប់ពីថ្ងៃនេះតទៅ ប្រជាពលរដ្ឋនៅគ្រប់ភូមិទាំងអស់នៅក្នុងស្រុកបន្ទាយស្រីអាចជញ្ជូនយកសំរាមប្រចាំថ្ងៃរបស់ខ្លួនទៅដាក់ដោយខ្លួនឯងនៅ”កន្លែងរក្សាទុកសំរាមបណ្តោះអាសន្ន” ដែលត្រូវបានរៀបចំរួចជាស្រេចជាច្រើនកន្លែងនៅតាមភូមិរបស់ខ្លួននីមួយៗ។ សេវានេះគឺជាសេវាមិនគិតថ្លៃសម្រាប់ប្រជាពលរដ្ឋទូទៅ តែតម្រូវឱ្យមានការញែកសំរាម និងវេចខ្ចប់ត្រឹមត្រូវមុននឹងយកមករក្សាទុក រង់ចាំក្រុមការងាររបស់ឃុំនិងស្រុកធ្វើការប្រមូលបន្តមកកាន់ទីលានឡដុតសំរាមជាប្រចាំ។
ជាមួយនឹងយន្តការថ្មីនេះ បងប្អូនប្រជាពលរដ្ឋមិនចាំបាច់ដុតសំរាមនៅតាមផ្ទះរៀងៗខ្លួន រឺដឹកយកទៅចាក់ចោលតាមដីទំនេរតាមបែបអនាធិបតេយ្យ និងខុសច្បាប់យទៀតទេ។ នៅក្រោយពេលដែលយន្តការថ្មីនេះដំណើរការទៅបានរលូន រដ្ឋបាលស្រុកនឹងរៀបចំឱ្យមានការផាកពិន័យចំពោះការចោលសំរាមរាយប៉ាយនៅតាមទីសាធារណៈ ក៏ដូចជាការហាមឃាត់មិនឱ្យមានការដុតសំរាមនៅតាមផ្ទះរៀងៗខ្លួន ដែលនាំឱ្យប៉ះពាល់ដល់សុខភាពនិងគុណភាពខ្យល់ដកដង្ហើមនៅក្នុងភូមិ។
ខ្ញុំសូមថ្លែងអំណរគុណដល់បងប្អូនប្រជាការពារនៅក្នុងឃុំរំចេក ដែលបានស្ម័គ្រចិត្តចូលរួមជួយប្រមូលដុតសំរាមចាស់ៗដែលកកស្ទះជាច្រើនតោននេះ។ សង្ឃឹមថា ក្រោយពេលដំណើរការដុតជាប្រចាំថ្ងៃអាចធ្វើទៅបាន យើងនឹងមិនមានការរាំងស្ទះដូចពេលនេះទៀតទេ ជាពិសេសនៅពេលដែលប្រជាពលរដ្ឋមានការយល់ដឹងច្រើនជាងនេះ ដឹងថាសំណល់ផ្ទះបាយជាជី និងដឹងថារបស់ណាអាចយកទៅលក់អេតចាយរឺកែច្នៃប្រើឡើងវិញបាន៕