Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជាមានសត្វទោចថ្ពាល់លឿងប្រមាណ១២០០ក្បាល និងសត្វស្វាកន្ទុយស ២ម៉ឺនក្បាល

Sang Kim | Oct 07, 2020
កម្ពុជាមានសត្វទោចថ្ពាល់លឿងប្រមាណ១២០០ក្បាល និងសត្វស្វាកន្ទុយស ២ម៉ឺនក្បាល
Clinic narith

(មណ្ឌលគិរី)៖ យោងតាមការសិក្សាស្រាវជ្រាវដោយអង្គការសមាគមអភិរក្សសត្វព្រៃ ប្រចាំកម្ពុជា ស្ថិតិសត្វស្វាកន្ទុយស ដែលមានវត្តមាន នៅក្នុងប្រទេសកម្ពុជា មានប្រមាណជាង ២០,០០០ក្បាល ហើយភាគច្រើនមានវត្តមាននៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ហើយសត្វទោចថ្ពាល់លឿងមានចំនួនប្រមាណ ១,២០០ក្បាល ដែលសត្វពានរទាំងនេះ គឺជាប្រភេទសត្វកម្រ និងជិតផុតពូជ។

តាមរយៈវត្តមានប្រភេទសត្វកម្រនេះ សបញ្ជាក់ឱ្យឃើញថា ប្រទេសកម្ពុជា គឺជាដែនដីមួយ និងជាទីកម្រកសម្រាប់ប្រភេទសត្វកម្រនៅលើពិភពលោក ហើយប្រភេទសត្វកម្រដែលមានវត្តមាននៅក្នុងព្រៃកម្ពុជារួមមាន៖ សត្វទាព្រៃស្លាបស, សត្វត្រដក់តូច, សត្វខ្សឹប ឬក្ងោកទេព, សត្វត្រយ៉ងយក្ស, សត្វសត្វក្ងោក, សត្វត្រដក់ធំ, សត្វត្មាត, សត្វត្រយ៉ងចង្កំកស, សត្វខ្ទីង, សត្វក្តាន់ ព្រមទាំងប្រភេទសត្វមួយចំនួនផ្សេងៗទៀតជាដើម។

តំបន់ជម្រកសត្វស្វាកន្ទុយស និងទោចថ្ពាល់លឿង ក្នុងសហគមន៍អណ្តូងក្រឡឹង ក្នុងភូមិសាស្ត្រឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បាននឹងកំពុងទាក់ទាញភ្ញៀវទេសចរបរទេស ឱ្យមកទស្សនាកម្សាន្ត។

ក្នុងនោះកាលពីឆ្នាំ២០១៩ Jahoo Gibbon Camps ដែលជាគម្រោងសហគមន៍អេកូទេសចរណ៍លក្ខណៈធម្មជាតិ បានទទួលភ្ញៀវទេសចរចំនួនប្រមាណ ៤៥០នាក់ និងបានទទួលចំណូលប្រមាណ ១៧,០០០ដុល្លារ ជូនដល់សហគមន៍ផងដែរ។

ក្នុងកំលុងដឹកនាំក្រុមអ្នកសារព័ត៌មានជិត ២០ស្ថាប័ន ចុះធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីការអនុវត្តគម្រោងរេដបូកលក់ឥណទាន កាបូននៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី រយៈពេល៣ថ្ងៃ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងយ៉ាងដូច្នេះថា «យោងតាមរបាយការណ៍សិក្សាស្រាវជ្រាវដោយអង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា ស្ថិតិសត្វស្វាកន្ទុយស ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា មានចំនួនប្រមាណជាង ២០,០០០ក្បាល ហើយភាគច្រើនមានវត្តមាននៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ហើយសត្វទោចថ្ពាល់លឿង មានចំនួនប្រមាណ ១,២០០ក្បាល»។

អ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ ក៏បានគូសបញ្ជាក់ថា ដែនជម្រកសត្វព្រៃកែវសីមា មិនត្រឹមតែជាដែនជម្រកសត្វព្រៃ ដែលមានព្រៃស្រោង និងអាចលក់ឥណទានកាបូននោះទេ តែជាគឺជាតំបន់ការពារធម្មជាតិ មានសារៈសំខាន់កម្រិតអន្តរជាតិ ក្នុងការអភិរក្សសត្វព្រៃ និងជីវៈចម្រុះជាច្រើនទៀត។

រដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ បានបញ្ជាក់ថា ដែនជម្រកសត្វព្រៃកែវសីមាមានសារៈសំខាន់ កម្រិតអន្តរជាតិក្នុងការអភិរក្សសត្វដំរីអាស៊ី សត្វពានរ រួមមានទោចថ្ពាល់លឿង ស្វាកន្ទុយស ប្រភេទមាំសាសី និងប្រភេទសត្វស្លាបជាច្រើនប្រភេទ ដែលប្រភេទសត្វ និងរុក្ខជាតិ ៧៥ប្រភេទជាប្រភេទរងការគំរាមកំហែង ស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការ IUCN។

ជាមួយគ្នានេះដែរ លោក នេត្រ ភក្ត្រា បានឱ្យដឹងថា ក្រសួងបរិស្ថានបានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមសហការគ្នាដើម្បីការពារ និងអភិរក្សធនធានធម្មជាតិ និងសត្វព្រៃដែលមាននៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត។

លោក នេត្រ ភក្ត្រា បានបន្តថា ជាមួយប្រភេទសត្វ រុក្ខជាតិ និងបុចផសិត (fungi species) ចំនួន ៩៥៩ប្រភេទដែលជារបកគំឃើញនៃការសិក្សាស្រាវជ្រាវ និងបានកត់ត្រាដោយក្រុមសិក្សាស្រាវជ្រាវ របស់អង្គការសមាគមអភិរក្សសត្វព្រៃប្រចាំកម្ពុជា (WCS) និងមន្ត្រីគ្រប់គ្រងដែនជម្រកសត្វព្រៃកែវសីមា នាពេលថ្មីៗនេះ បានធ្វើឱ្យដែនជម្រកសត្វព្រៃកែវសីមា ក្លាយជាតំបន់ការពារធម្មជាតិមួយ ដែលមានធនធានជីវៈចម្រុះសំបូរបែបជាងគេ ក្នុងចំណោមតំបន់ការពារធម្មជាតិផ្សេងទៀតក្នុងប្រទេសកម្ពុជា។

បើតាមលោក កែន សេរីរដ្ឋា នាយកអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ប្រចាំកម្ពុជា បានឱ្យដឹងថា ក្រុមអ្នកអង្កេតបានរក ឃើញពពួកសត្វពានរទាំងនេះ នៅលើដើមឈើខ្ពស់ៗ នៃព្រៃស្រោង និងព្រៃពាក់កណ្តាលស្រោង នៅក្នុងប្រទេសកម្ពុជា ក្នុងនោះដែនជម្រកសត្វព្រៃកែវសីមា គឺជាជម្រកដ៏សំខាន់នៃពួកសត្វស្វាកន្ទុយស និងសត្វទោចថ្ពាល់លឿង ព្រមទាំងពពួកសត្វមួយចំនួនទៀតជាដើម។

បើតាមលោក សុខា ធុត ប្រធានគណៈកម្មការសហគមន៍អណ្តូងក្រឡឹង និងជាជនជាតិភាគតិចព្នង បានឱ្យដឹងថា កាលដើម ឡើយប្រជាសហគមន៍ ក៏ដូចជាគ្រួសារ លោកផ្ទាល់រស់នៅអាស្រ័យផលអនុផលព្រៃឈើ តាមរយៈការដងជ័រ រកផ្តៅ ការរកផ្សិត និងឱសថជាដើម ដោយរកចំណូលបានតិចតួចប៉ុណ្ណោះ សម្រាប់ចិញ្ចឹមជីវិត។

លោកបានបន្តថា តាមរយៈគម្រោងសហគមន៍អេកូទេសចរណ៍ Jahoo Gibbon Camps ដែលនាំភ្ញៀវទេសចរទៅទស្សនា សត្វទោចថ្ពាល់លឿង និងសត្វស្វាកន្ទុយស រួមនឹងទឹកធ្លាក់នោះបានធ្វើឱ្យសហគមន៍មានជីវភាពល្អប្រសើរជាងមុន។

ជាមួយគ្នានឹងភាពរីករាយក្នុងការរកចំណូល តាមរយៈនាំភ្ញៀវទេសចរ ទស្សនាសត្វទោចថ្ពាល់លឿង និងស្វាកន្ទុយស លោក សុខា ធុត ក៏បង្ហាញក្តីព្រួយបារម្ភលើបញ្ហាមួយចំនួន ដែលមានអ្នករស់នៅក្រៅពីសហគមន៍ មកញុះញង់ឱ្យសមាជិកសហគមន៍កាប់ព្រៃឈើ និងលក់ដីរបស់សហគមន៍ ដើម្បីទទួលបានលាភសក្ការៈជាដើម ចំណុចទាំងនេះ អាចនឹងធ្វើឱ្យព្រៃឈើបាត់បង់ ព្រមទាំងសត្វព្រៃផងដែរ។

ដោយឡែកលោក ម្អើក ហុង ជាអ្នកស្រាវជ្រាវសត្វទោសថ្ពាល់លឿង រយៈពេល៥ឆ្នាំ បានឱ្យដឹងថា ការរក្សាឱ្យមានព្រៃឈើ និងធនធានធម្មជាតិ ឱ្យបានគង់វង្ស គឺបានចូលរួមចំណែកលើកស្ទួយសេដ្ឋកិច្ចរបស់គាត់ផ្ទាល់ ក៏ដូចជាប្រជាសហគមន៍ជាដើម តាមរយៈការនាំភ្ញៀវមកទស្សនាសត្វទោចថ្ពាល់លឿង និងសត្វស្វាកន្ទុយសនេះជាដើម។

លោកបានបន្តថា ចំពោះការនាំភ្ញៀវឱ្យទស្សនាសត្វទោចថ្ពាល់លឿង និងសត្វស្វាកន្ទុយសនេះ ក៏បានការលំបាកដែរ ដោយសារតែត្រូវងើបពីព្រលឹម ជាពិសេសក្នុងនាមជាអ្នកនាំភ្ញៀវទេសចរទស្សនាសត្វព្រៃនេះ គឺត្រូវអត់ធ្មត់ ព្រោះត្រូវដើរឆ្លងកាត់ព្រៃជ្រៅជ្រោះ និងអូរ បូករួមជាមួយផ្លូវពិបាកធ្វើដំណើរ ជាដើម៕

fn-2020-10-07-15-40-18-16fn-2020-10-07-15-40-18-14fn-2020-10-07-15-40-17-5fn-2020-10-07-15-40-16-4fn-2020-10-07-15-40-16-3fn-2020-10-07-15-40-16-2fn-2020-10-07-15-40-16-1fn-2020-10-07-15-40-16-0