នៅក្នុងរយៈពេលជាង ១០ ឆ្នាំចុងក្រោយនេះ កម្រិតនៃបទល្មើសបរបាញ់សម្លាប់សត្វដំរីព្រៃដើម្បីយកភ្លុក និងកន្ទុយដើម្បីប្រើស្ទើរតែគ្មានសោះ ដោយសារតែការអនុវត្តច្បាប់ប្រាស់តាមជំនឿពីបុរាណមកនៅកម្ពុជាមានការធ្លាក់ចុះយ៉ាងខ្លាំង។ នេះគឺជាការថ្លែងឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។
ឯកឧត្តមរដ្ឋលេខាធិការ បានឱ្យដឹងថាកម្រិតនៃការបរបាញ់សត្វដំរីព្រៃត្រូវបានកត់សម្គាល់ឃើញថាមានការធ្លាក់ចុះខ្លាំងស្ទើរតែគ្មានក្នុងរយៈពេលជិត ១០ ឆ្នាំមកនេះដោយសារតែអាជ្ញាធរមានសមត្ថកិច្ច ពង្រឹងការអនុវត្តច្បាប់បានយ៉ាងល្អ ខណៈពីជាង ៣០ ឆ្នាំមុន ការបរបាញ់បានសម្លាប់សត្វដំរីព្រៃអស់ជាច្រើនក្បាល។
ក្រសួងកត់សម្គាល់ឃើញថា ជម្លោះរវាងមនុស្ស និងសត្វដំរីព្រៃ បានកើតឡើងនៅតាមតំបន់ការពារធម្មជាតិមួយចំនួន ដោយសារតែការផ្លាស់ទីតាមរដូវកាល និងការស្វែងរកចំណីអាចរងការរំខានដោយសារតែវត្តមានរបស់មនុស្សនៅក្នុងតំបន់ដែនជម្រករបស់ពួកវា។ លើសពីនេះ ដំរីព្រៃអាចទទួលរងការវាយតបពីសំណាក់ប្រជាជនរហូតដល់រងរបួស ឬឈានដល់ការសម្លាប់នៅពេលដំរីបានចូលមកស៊ីដំណាំរបស់ពួកគេ។
នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ ដំរីអាស៊ីមានចំនួនប្រមាណចន្លោះពី ៤០០ ទៅ ៦០០ ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគិរី ដែលជាតំបន់ជីវៈចម្រុះដ៏សំបូរបែប ប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត។ ចំណែកដំរីស្រុកត្រូវបានប៉ាន់ស្មានថាមានចំនួន ៧១ ក្បាល។ យោងតាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញ ក្នុងរយៈពេល ៦០ ទៅ ៧០ ឆ្នាំចុងក្រោយនេះ ចំនួនដំរី អាស៊ីនៅលើពិភពលោកបានថយចុះប្រហែលជា ៥០% ចំណែកឯទីជម្រករបស់វាបានបាត់បង់អស់ជិត ៩០%។ ក្នុងចំណោមដំរីអាស៊ីសរុបប្រមាណពី ៣៩ ៤៦៣ ក្បាលទៅ ៤៧ ៤២៧ ក្បាលដែលកំពុងរស់នៅក្នុងព្រៃសព្វថ្ងៃ។ ក្នុងនោះប្រហែល ៧៥% រស់នៅក្នុង ប្រទេសឥណ្ឌា និងស្រីលង្កា។
ក្រៅពីរងការ គំរាមកំហែងធ្ងន់ធ្ងរនៅទូទាំងដែនជម្រករបស់វា។ អ្នកជំនាញក៏បានព្រមានផងដែរថា ដោយសារតែរយៈពេលនៃការបន្តពូជរបស់ដំរីអាស៊ីយឺត (ប្រាំឆ្នាំបង្កើតបានកូនមួយ) បើសិនអាត្រាស្លាប់នៃកូនដំរីព្រៃខ្ពស់ដោយសារតែរងរបួសពីអន្ទាក់ នោះចំនួនដំរីព្រៃនៅកម្ពុជា អាចមានបញ្ហាប្រឈមខ្ពស់ក្នុងការផុតពូជ។ ដូច្នេះហើយទើបសត្វដំរីត្រូវបានចាត់បញ្ចូលជាប្រភេទជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្ដរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN)។
រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថានបានរៀបចំផែនការសកម្មភាពដើម្បីអភិរក្សសត្វដំរីអាស៊ី ដែលហៅថា «ក្រុមអភិរក្សដំរីព្រៃនៅកម្ពុជា» ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៥ ហើយផែនការសកម្មភាពដើម្បី អភិរក្សសត្វដំរីអាស៊ីឱ្យនៅគង់វង្សត្រូវបានរៀបចំឡើងសម្រាប់រយៈពេល ១០ ឆ្នាំ គឺពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៩ ដោយកំណត់បញ្ហាអាទិភាពចំនួន ៦ ក្នុងនោះរួមមាន ១) ការកាត់បន្ថយការបាត់បង់ទីជម្រក ២)អភិរក្សនិងតភ្ជាប់ច្រករបៀង និងហ្វូងដំរីព្រៃឡើងវិញ ៣) ពង្រឹងការអនុវត្តច្បាប់ ៤) បង្ការមិនឱ្យមានការចាប់ដំរីព្រៃមកចិញ្ចឹម ៥)បន្ធូរបន្ថយជម្លោះរវាងសត្វដំរីព្រៃនិងមនុស្ស ៦)អប់រំផ្សព្វផ្សាយ និងដាក់ចេញសកម្មភាពយុទ្ធសាស្ត្រសម្រាប់ដោះស្រាយបញ្ហាទាំងនោះ។
យោងតាមការប៉ាន់ស្មានផែនការសកម្មភាពរយៈពេល ១០ ឆ្នាំដើម្បីអភិរក្សសត្វដំរីព្រៃអាស៊ីនេះត្រូវការថវិកាចំនួន ៤០,៥លានដុល្លារសហរដ្ឋអាមេរិកដែលជាគម្រោងថវិការំពឹងថានឹថបានមកពីប្រភពរួមបញ្ចូលគ្នាទាំងកញ្ចប់ថវិការាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា៕