Alynana Media Cambodia
Icon Collap
clinic narit

កន្លែង​កម្សាន្ត​ជាង ៤០ ទីតាំងនៅ​សៀមរាប ​បាន​បិទ​ជា​បណ្ដោះអាសន្ន ​ដើម្បី​បង្ការ​ករណី​ចម្លង​មេរោគ​កូ​វីដ​-១៩

Sang Kim | Nov 12, 2020
កន្លែង​កម្សាន្ត​ជាង ៤០ ទីតាំងនៅ​សៀមរាប ​បាន​បិទ​ជា​បណ្ដោះអាសន្ន ​ដើម្បី​បង្ការ​ករណី​ចម្លង​មេរោគ​កូ​វីដ​-១៩
Clinic narith

សៀមរាប ៖ គ្រប់​បណ្តា​មណ្ឌល​កំសាន្ត​មនុស្សពេញវ័យ​ប្រមាណ​ជាង​៤០​កន្លែង​នៅ​ក្រុង​សៀមរាប បាន​ផ្អាក​អាជីវកម្ម​បណ្តោះ​អាសន្ន ​រក្សាបាន​នូវ​ភាព​ស្ងប់ស្ងាត់ ​ដែលជា​ការ​ចូលរួមរ​បស់​ប្រតិបត្តិ​ករ​ទេសចរណ៍​ពាក់ព័ន្ធ ​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ​ដើម្បី​រួមគ្នា​ទប់ស្កាត់​កូ​វីដ​–១៩ ក្នុង​សភាពការណ៍​ថ្មី ( ៣​វិច្ឆិកា ) ។

 

មណ្ឌល​កំសាន្ត​មនុស្សពេញវ័យ ដែល​សំដៅ​ទៅលើ​រង្គសាល បៀរហ្គាឌិន ខេ​ធី​វី និង ឌី​ស្កូ​តេ​ក ត្រូវ​បាន​បិទទ្វារ​ផ្អាក​អាជីវកម្ម​របស់ខ្លួន​ជា​បណ្តោះអាសន្ន​ទាំងអស់ ​នៅ​ក្រុង​សៀមរាប​។ ​នេះ​បើ​យោង​តាម​លទ្ធផល នៃ​ការចុះ​ឃ្លាំមើល​របស់​ប្រធាន​មន្ទីរ​ទេសចរណ៍ និង​សហការី នា​រាត្រី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ បន្ទាប់ពី​មាន​កិច្ចប្រជុំ​រវាង​អាជ្ញាធរ​ខេត្ត ​ជាមួយ​ប្រតិបត្តិ​ករ​ពាក់ព័ន្ធ ​កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ ​ទប់ស្កាត់​រលក​ទី​២ នៃ​ការចម្លង​វីរុស​ជំងឺ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ ​(​កូ​វីដ​–១៩)​។

ការផ្អាក​អាជីវកម្ម​ក្លឹប​កំសាន្ត​នេះ គឺជា​ការ​គោរព​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​នៃ​ប្រមុខ​រាជរដ្ឋាភិបាល ​ និង​យោង​តាម​ការណែនាំ​របស់​ក្រសួងទេសចរណ៍ រួមទាំង​វិធានការ​ដ៏​ម៉ឺងម៉ាត់​របស់​ក្រសួងសុខាភិបាល ដែលជា​ចំណាត់​ការ​ថ្មី ក្នុង​ព្រឹត្តិការណ៍​៣​វិច្ឆិកា​។

ជាមួយ​លទ្ធផល​នៃ​ការឃ្លាំមើល​នោះ លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​វាយ​តម្លៃថា​ ៖ នោះ​គឺជា​ស្ថានភាព​មួយ​ ដែល​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​អំពី​ការចូលរួម​របស់​ម្ចាស់​ក្លឹប​កំសាន្ត​ដែល​មាន​ក្នុង​ក្រុង​សៀមរាប​ប្រមាណ​ជាង​៤០​កន្លែង ​ដោយ​ស្មារតី​ទទួលខុសត្រូវ ​ដើម្បី​សុវត្ថិភាព​ក្នុង​វិស័យ​ទេសចរណ៍​ ដែល​ជា​វិស័យ​ងាយ​បង្ក​ហានិភ័យ​។

លោក​ក៏បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​៣​វិច្ឆិកា​នេះ ខេត្តសៀមរាប​ បាន​ផ្សព្វផ្សាយ​និង​ដាក់​ឲ្យ​អនុវត្ត​ភ្លាមៗ​ នូវ​សេចក្តីជូន​ដំណឹង​របស់​ក្រសួង​ជំនាញ ​ក្រោម​ការចេញ​បទបញ្ជា​ដោយ​គណៈបញ្ជាការ​ឯកភាព​ខេត្ត និង​មាន​វត្តមាន​ លោក​អភិបាលរង​ខេត្ត​១​រូប ទទួល​បន្ទុក​លើ​កិច្ចប្រតិបត្តិការ​នេះ​។

គួរ​រំលឹក​ដែរ​ថា នៅក្នុង​កិច្ចប្រជុំ​រវាង​អាជ្ញាធរខេត្ត ជាមួយ​ម្ចាស់​មណ្ឌល​កំសាន្ត​មនុស្សពេញវ័យ​កន្លងមក​នេះ អាជ្ញាធរខេត្ត​ព្រមាន​ថា ម្ចាស់​ក្លឹប​កំសាន្ត​ណាមួយ​ដែល​មិន​អនុវត្ត​តាម​វិធានការ​ផ្អាក​អាជីវកម្ម​របស់​ខ្លួន​ជា​បណ្តោះអាសន្ន ​រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​ទេនោះ ​នឹង​ត្រូវ​ប្រឈម​ចំពោះ​ការបញ្ឈប់​អាជីវកម្ម​ស្ថាពរ នឹង​ដកហូត​អាជ្ញា​ប័ណ្ណ​អាជីវកម្ម​ផងដែរ​។

យ៉ាងណាក៏ដោយ អាជ្ញាធរ​ខេត្តសៀមរាប​ សង្ឃឹមថា ចាប់ពីពេលនេះ​ទៅ ​ពុំមាន​ក្លឹប​កំសាន្ត​ណាមួយ បំពាន​បំរាម​បណ្តោះអាសន្ន​នេះឡើយ ​ហើយក៏​មាន​ជំនឿ​ដែរ​ថា ​ប្រតិបត្តិ​ករ ម្ចាស់​ក្លឹប​កំសាន្ត​ទាំងអស់ ពិតជា​ព្រម​យល់ ​នឹង​ការអនុវត្ត​ប្រកបដោយ​ភាព​ស្មោះត្រង់​ មិន​ធ្វើ​ឲ្យ​មណ្ឌល​កំសាន្ត​របស់ខ្លួន ​ក្លាយជា​មណ្ឌល​ចម្លង​កូ​វីដ​–១៩ ​ បង្ក​ឲ្យ​មាន​ហានិភ័យ​ក្នុង​សហគមន៍​នោះឡើយ​៕