ប្រសិនបើក្រុមហ៊ុនPfizer Inc បានដាក់ទិន្នន័យវិជ្ជមានដំបូងពីការសាកល្បងវ៉ាក់ស៊ាំងកូវីដ១៩បានឆាប់រហ័សដូចដែលការរំពឹងទុកនោះ រដ្ឋាភិបាលអាមេរិកគ្រោងនឹងចាប់ផ្តើមចាក់វ៉ាក់ស៊ាំងប្រឆាំងជំងឺកូវីដ១៩Pfizerអោយពលរដ្ឋអាមេរិកកាំងនៅក្នុងខែធ្នូ។ នេះបើតាមការអោយដឹងពីរដ្ឋមន្ត្រីក្រសួងសុខាភិបាលអាមេរិក លោក Alex Azar។
ក្រុមហ៊ុនPfizer នៅសប្តាហ៍នេះអោយដឹងថា វ៉ាក់ស៊ាំងប្រឆាំងជំងឺកូវីដ១៩ដែលបានស្រាវជ្រាវជាមួយដៃគូសហការអាលឺម៉ង់BioNTech SE មានប្រសិទ្ធភាពប្រឆាំងនឹងជំងឺកូវីដ១៩ក្នុងកម្រិតខ្ពស់ដល់ទៅ៩០ភាគរយ។ នេះបើយោងតាមលទ្ធផលធ្វើតេស្ត។ក្រុមហ៊ុនឱសថអាមេរិកក៏បានអោយដឹងដែរថា ក្រុមហ៊ុនរំពឹងនឹងមានទិន្នន័យស្តីពីសុវត្ថិភាពវ៉ាក់ស៊ាំងអោយបានឆាប់ៗតាមដែលអាចធ្វើទៅបាននៅសប្តាហ៍ក្រោយ ដែលទិន្នន័យនេះត្រូវការជាចាំបាច់ដើម្បីដាក់ស្នើរសុំប្រើប្រាស់បន្ទាន់ទៅកាន់រដ្ឋបាលឱសថ និងស្បៀងអាហារអាមេរិក។
នៅពេលដែលរដ្ឋបាលឱសថ និងស្បៀងអាហារអាមេរិកទទួលស្គាល់គុណភាពហើយ សហរដ្ឋអាមេរិក នឹងទទួលវ៉ាក់ស៊ាំងPfizerប្រហែល២០លានដូសក្នុងមួយខែ។ នេះបើតាមការអោយដឹងពីរដ្ឋមន្ត្រីសុខាភិបាលអាមេរិក។ សហរដ្ឋអាមេរិក មានកិច្ចសន្យាក្នុងទឹកប្រាក់១,៩៥ពាន់លានដុល្លារអាមេរិកសម្រាប់វ៉ាក់ស៊ាំងPfizerចំនួន១០០លានដូស ដែលជាចំនួនគ្រប់គ្រាន់មួយសម្រាប់ពលរដ្ឋអាមេរិក៥០លាននាក់ ហើយក៏នឹងងទិញវ៉ាក់ស៊ាំងបន្ថែមទៀតផងដែរ៕