ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា ប្រជាពលរដ្ឋមិនត្រូវដុតសំណល់សំរាមនិងកុំបោះចោលសំណល់ផ្តេសផ្តាសជាពិសេសសំណល់ប្លាស្ទិកចូលទៅក្នុងបឹងទន្លេសាប ដើម្បីធ្វើឱ្យប៉ះពាល់ប្រព័ន្ធអេកូឡូស៊ីបឹងទន្លេសាប។ ជីវៈចម្រុះគ្រប់ប្រភេទនៅបឹងទន្លេសាបត្រូវបានការពារ មិនបំពុលដោយមីក្រូប្លាស្ទិកដែលកើតពីការរលាយសារធាតុប្លាស្ទិកក្នុងទឹកហើយការពារបាននូវទេសភាពដ៏ល្អនៃបឹងទន្លេសាប។
ឯកឧត្តម នេត្រ ភក្រ្តា បានថ្លែងបែបនេះ នាឱកាសចូលរួមជាអធិបតីប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ អនាម័យបរិស្ថានល្អ សុខភាពសហគមន៍ល្អ ដែលបានប្រារព្ធធ្វើឡើងនៅឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាបនៅថ្ងៃទី២២ខែវិច្ឆិកា ឆ្នាំ២០២០។ វេទិកានេះរៀបចំឡើងជាយុទ្ធនាការប្រមូលសំរាមពីបឹងទន្លេសាប ក្នុងភូមិសាស្រ្តខេត្តសៀមរាប ស្របនឹងពិធីបុណ្យទន្លេសាបរដូវទឹកសម្រកប្រចាំឆ្នាំ២០២០ ហើយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋខ្មែររេត្តសៀមរាប បានចូលរួម និងគាំទ្រដល់យុទ្ធនាការនេះផងដែរ។
ឯកឧត្តម នេត្រភក្ត្រា បានឱ្យដឹងថា ប្លាស្ទិកជាច្រើនត្រូវបានហូរចូលបឹងទន្លេសាបដោយការប្រើប្រាស់របស់សហគមន៍ដែលរស់នៅលើបឹងទន្លេសាបនេះផង និងការហូរនាំយកប្លាស្ទិក ដែលបងប្អូនប្រជាពលរដ្ឋបោះចោលគ្មានសណ្តាប់ធ្នាប់តាមព្រែក តាមស្ទឹងនានាចាក់ចូលមកក្នុងបឹងទន្លេសាបផង។
ជាមួយគ្នានេះ ការប្រារព្ធទិវាអនាម័យបរិស្ថានជាតិ និងពិធីបុណ្យទន្លេសាបរដូវទឹកសម្រកនាពេលនេះ ដើម្បីបំផុសចលនាឱ្យពលរដ្ឋបញ្ឈប់ចោលសំរាមក្នុងទន្លេសាប និងឈប់ឱ្យបឹងទន្លេសាបទទួលរងនូវការបំពុលដោយសំរាមជាពិសេសសំណល់ប្លាស្ទិកតទៅទៀត។ ការអប់រំនិងផ្សព្វផ្សាយលើផលប៉ះពាល់ពីសំណល់ប្លាស្ទិកពិតជាមានសារៈសំខាន់និងត្រូវធ្វើ ជាប្រចាំហើយជាមួយគ្នានេះត្រូវមានការចូលរួមអនុវត្តជាប្រចាំ រួមនឹងបង្កើតគំនិតផ្តួចផ្តើមផ្សេងៗដើម្បីប្រសិទ្ធភាពនៃការកាត់បន្ថយការបំពុលដោយប្លាស្ទិកក្នុងបឹងទន្លេសាប។
ឯកឧត្ដម ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាបបានបញ្ជាក់ថា ការប្រារព្ធទិវានេះឡើង គឺផ្តល់សារអប់រំដល់ប្រជាពលរដ្ឋពីបញ្ហាអនាម័យ ការទុកដាក់និងញែកសំរាមឱ្យបានត្រឹមត្រូវ។ ឯកឧត្តមបានលើកទឹកចិត្តអ្នកពាក់ព័ន្ធចញលរួមក្នុងយុទ្ធនាកានេះដើម្បីភូមិដ្ឋានស្អាត ប្រជាពលរដ្ឋមានសុខភាពល្អ។
សូមបញ្ជាក់ថាយុទ្ធនាការប្រមូលសំណល់ប្លាស្ទិកពីបឹងទន្លេសាបមានប្រជាពលរដ្ឋចូលរួមប្រមាណ ២,៦៧៩នាក់ ដោយក្នុងនោះប្រជាពលរដ្ឋចូលរួមសម្អាតតាមមុខផ្ទះរៀងៗខ្លួនចំនួន ២,៣១៩ គ្រួសារ និងពលរដ្ឋចំនួន ជាង ៤០០ នាក់ផ្សេងទៀតចូលរួមក្នុងកម្មវិធីរួមគ្នានាពេលនេះ។
លោក ស៊ា សុផល ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី និងអ្នកសម្របសម្រួលក្រុមយុវជនមេត្រីភាពបរិស្ថានបានឱ្យដឹងថា កម្មវិធីបរិស្ថានទាំងមូលនឹងផ្តោតជាសំខាន់ក្នុងការប្រមូលសំរាមយកតែប្លាស្ទិក ដែលជាសំរាមដែលមានហានិភ័យ និងមានអាយុរាប់រយឆ្នាំ ដែលបង្កហានិភ័យខ្ពស់ទាំងជីវិតមនុស្ស សត្វ៕