គណបក្សកំម្មុយនីស្តដែលជាគណបក្សកាន់អំណាចរបស់ប្រទេសវៀតណាម បានជួបជុំសមាជិកដើម្បីធ្វើសមាជជាតិលើកទី១របស់គណបក្សចាប់តាំងពីឆ្នាំ២០១៦នៅថ្ងៃច័ន្ទនេះ ក្នុងបំណងជ្រើសរើសមេដឹកនាំថ្មី និងរៀបចំនយោបាយសម្រាប់រយៈពេល៥ឆ្នាំក្រោយ និងរយៈពេលតទៅមុខ។
ការជួបជុំនៅថ្ងៃច័ន្ទនេះ ជាសមាជលើកទី១៣ចាប់តាំងពីគណបក្សកំម្មុយនីស្តរបស់ប្រទេសវៀតណាមបង្កើតឡើងនៅឆ្នាំ១៩៣០ និងមានប្រតិភូចូលរួជិត១៦០០នាក់មកពីជុំវិញប្រទេស មកជួបជុំគ្នានៅទីក្រុងហាណូយ(Hanoi)។ នៅពេលព្រឹកដែលពោរពេញទៅដោយអ័ព្ទពាសពេញបរិយាកាសនៅក្នុងទីក្រុងហាណូយ គេបានឃើញថា ប្រតិភូទាំងឡាយ បានទៅគោរពសពលោកប្រធានបដិវត្តន៍ហូជីមិញ មុនពេលចាប់ផ្តើមកិច្ចពិភាក្សា។
មន្ត្រីវៀតណាម ជាប្រពៃណីតែងតែទៅកន្លែងតំកល់សពលោកប្រធានហូជីមិញមុនពេលកិច្ចប្រជុំសំខាន់ៗ និងកម្មវិធីបុណ្យជាតិ។
ក្រុមប្រតិភូដែលចូលរួមក្នុងសមាជគណបក្ស នឹងជ្រើសរើសក្រុមមេដឹកនាំថ្មីមួយនៅក្នុងអំឡុងពេលនៃកិច្ចប្រជុំដែលមានរយៈពេល៩ថ្ងៃ ដែលភាគច្រើនធ្វើឡើងជាកិច្ចប្រជុំបិទទ្វារ។ក្នុងបំណងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ គេឃើញថា ប្រតិភូ និងក្រុមសារព័ត៌មានដែលមានវត្តមានចូលរួមក្នុងសមាជ ត្រូវបានធ្វើតេស្តរកជំងឺកូវីដ១៩ ជាច្រើនដងនៅមុនថ្ងៃសមាជ ។