យោងតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បះ បានចេញសារាចរមួយស្តីពី ការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ ឆ្នាំ២០២១ ក្រោមប្រធានបទ យុវជនដើម្បីវប្បធម៌ជាតិ អនុវត្តតាមស្មារតីអនុក្រឹត្យលេខ០៦អនក្រ.បក ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០០៦ ស្តីពីការបង្កើតទិវា វប្បធម៌ជាតិ រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី៣ ខែមីនា ជារៀងរាល់ឆ្នាំសម្រាប់ប្រារព្ធ “ ទិវាវប្បធម៌ជាតិ ” នៃ ព្រះរាជាណាចក្រកម្ពុជា។
ទិវាវប្បធម៌ជាតិ ៣មីនា ជាទិវាដ៏មានសារៈសំខាន់មួយរបស់ប្រជាជាតិ ក្នុងការរំលឹកដល់គុណូបការៈចំពោះ បុព្វបុរសនៃយើងដែលបានបន្សល់ទុកនូវមរតកវប្បធម៌ដ៏សម្បូរបែបដែលមិនអាចកាត់ថ្លៃបានសម្រាប់កូនចៅជំនាន់ ក្រោយនិងជាទិវាបំផុសនូវស្មារតីស្រឡាញ់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិពីសំណាក់ប្រជាពលរដ្ឋ ជាពិសេស យុវជនបន្តវេនដែលមានកាតព្វកិច្ចត្រូវចូលរួមថែរក្សា ការពារនូវសម្បត្តិវប្បធម៌ជាតិនិងវប្បធម៌ចម្រុះនៃសហគមន៍ ជនជាតិដើមនៅព្រះរាជាណាចក្រកម្ពុជាឱ្យស្ថិតស្ថេរគង់វង្សតរៀងទៅ។
ផ្អែកតាមបរិបទខាងលើនិងដោយយល់ថា វប្បធម៌គឺជាព្រលឹងជាអត្តសញ្ញាណជាតិ និងជាស៊ីម៉ង់ត៍រស់ សម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ ពីសហគមន៍មួយទៅសហគមន៍មួយ ពីប្រទេសមួយទៅ ប្រទេសមួយ ដែលជាមធ្យោបាយ នាំមកនូវសាមគ្គីភាព សន្តិភាព និងសុខដុមភាពសម្រាប់ប្រជាជាតិទាំងមូលស្រប តាមទិសស្លោក “កម្ពុជា៖ ព្រះរាជាណាចក្រនៃវប្បធម៌ » ទើបរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្រេចឱ្យរៀបចំទិវាវប្បធម៌ជាតិ ៣មីនា រៀងរាល់ឆ្នាំរហូតមក ហើយលើកនេះគឺជាលើកទី២៣ ឆ្នាំ២០២១ ដោយ រក្សានូវប្រធានបទដដែលដូចឆ្នាំ២០២០ គឺ “យុវជនដើម្បីវប្បធម៌ជាតិ ក្នុងគោលបំណងជំរុញឱ្យ ប្រជាពលរដ្ឋ ពិសេសយុវជនទូទាំងប្រទេស៖
- ចូលរួមកាន់តែសកម្មថែមទៀតក្នុងការថែរក្សាការពារមរតកវប្បធម៌ជាតិ
- យល់ដឹងកាន់តែច្បាស់ពីភាពសម្បូរបែបនៃបេតិកភណ្ឌវប្បធម៌ ដែលជាប្រភពមិនចេះរីងស្ងួតក្នុងការ បង្កើតការងារនិងបង្កើតកាលានុវត្តភាព សម្រាប់ទាញយកប្រាក់ចំណូលប្រកបដោយប្រសិទ្ធភាព
- លើកកម្ពស់មនសិការនិងស្មារតីចូលរួមក្នុងការផ្ទេរ ព្រមទាំងទទួលយកនូវចំណេះដឹង ជំនាញ និងបច្ចេកទេសសិល្បៈវប្បធម៌ សំដៅជំរុញការអភិរក្សនិងអភិវឌ្ឍវប្បធម៌ជាតិ ក៏ដូចជាវប្បធម៌ចម្រុះនៃ សហគមន៍ជនជាតិដើមនៅព្រះរាជាណាចក្រកម្ពុជាឱ្យបានស្ថិតស្ថេរគង់វង្ស
- បង្កើនការយល់ដឹងឱ្យកាន់តែច្បាស់អំពីតម្លៃពិតនៃវប្បធម៌ជាតិ ដែលជាប្រភពធនធានមិនចេះរីងស្ងួត ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការបង្កើនសេវានិងផលិតផលវប្បធម៌ សម្រាប់ជា គោលដៅពាណិជ្ជកម្មនិងទេសចរណ៍
- លើកទឹកចិត្តឱ្យមានការចូលរួមក្នុងការសិក្សាស្រាវជ្រាវឈ្វេងយល់ ដើម្បីចងក្រងរក្សាទុកឱ្យបានគង់វង្ស ល្អនូវរាល់ឯកសារបេតិកភណ្ឌវប្បធម៌គ្រប់ប្រភេទដែលមានក្នុងមូលដ្ឋានរបស់ខ្លួន និងធ្វើការផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ
- លើកស្ទួយការប្រើប្រាស់សក្តានុពលវប្បធម៌ ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន
- បង្កើនការងារនិងកាលានុវត្តភាពដល់ប្រជាពលរដ្ឋទាំងអស់ជាពិសេស យុវជនឱ្យខិតខំបង្កបង្កើនស្នាដៃវិប្បធម៌ថ្មីៗប្រកបដោយគុណភាព
- ជំរុញឱ្យមានការចូលរួមដោយមានការទទួលខុសត្រូវរបស់យុវជន ក្នុងកិច្ចអភិរក្សនិងអភិវឌ្ឍន៍វប្បធម៌ ជាតិប្រកបដោយនិរន្តរភាពដោយមិនប្រកាន់នូវនិន្នាការនយោបាយ ជំនឿសាសនា និងពណ៌សម្បុរ។
ដើម្បីឱ្យការប្រារព្ធទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៣ ឆ្នាំ២០២១ ក្រោមប្រធានបទ “យុវជនដើម្បី វប្បធម៌ជាតិ» ប្រព្រឹត្តទៅប្រកបដោយជោគជ័យក្នុងបរិបទនៃការរីករាលដាលនៃជំងឺវីដ-១៩ជាសកល រាជរដ្ឋាភិបាលសូមធ្វើការណែនាំដូចតទៅ៖
១. ក្រសួងវប្បធម៌និងវិចិត្រសិល្បៈត្រូវសហការជាមួយបណ្តាក្រសួង ស្ថាប័ន អាជ្ញាធរដែនដី បណ្តាអង្គការ ជាតិ អន្តរជាតិ សមាគម ដៃគូអភិវឌ្ឍ និងវិស័យឯកជនដែលកំពុងប្រតិបត្តិលើវិស័យវប្បធម៌ ដើម្បីរួមគ្នាផ្សព្វផ្សាយវប្បធម៌ជាតិ តាមរយៈប្រព័ន្ធផ្សព្វផ្សាយឱ្យបានទូលំទូលាយ ក្នុងគោលបំណងអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនាឆ្នាំ២០២១។
២. ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ត្រូវធ្វើជាលេខាធិការដ្ឋានក្នុងការរៀបចំឯកសារឃោសនា និងផ្សព្វផ្សាយ ខ្លឹមសារទិវាវប្បធម៌ជាតិ និងត្រូវណែនាំគ្រប់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានី ខេត្ត ក្នុងការផ្សព្វផ្សាយខ្លឹមសារ ទិវាវប្បធម៌ជាតិឱ្យបានទូលំទូលាយ តាមរយៈការចងបដាតាមទីសាធារណៈ អំឡុងដើមខែមីនា ឆ្នាំ២០២១ ជា ពិសេសដល់សហគមន៍ជនជាតិដើមដែលរស់នៅលើទឹកដីភូមិសាស្រ្តរបស់ខ្លួន។
៣.ក្រសួងព័ត៌មាន ត្រូវរៀបចំកម្មវិធីផ្សព្វផ្សាយខ្លឹមសារទិវាវប្បធម៌ជាតិ ៣មីនា ឱ្យបានទូលំទូលាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយជាតិនិងឯកជនរួមមាន វិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្ដី និងឯកសារពាក់ព័ន្ធ ដើម្បីបំផុសឱ្យសាធារណជនយល់ដឹង និងចូលរួមកាន់តែសកម្មថែមទៀតក្នុងការថែរក្សាការពារសម្បត្តិវប្បធម៌ជាតិ លើកស្ទួយវប្បធម៌ជាតិ សីលធម៌សង្គម និងចេះរួមរស់ជាមួយគ្នាដោយភាពសាមគ្គីជាធ្លុងមួយ ព្រមទាំងមិនប្រកាន់និន្នាការនយោបាយ។
៤. ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ត្រូវសហការគ្នាដើម្បីរិះរកមធ្យោបាយ ផ្សព្វផ្សាយខ្លឹមសារទិវាវប្បធម៌ជាតិ ៣មីនា ដល់សិស្សនិស្សិត ក្នុងស្ថានភាពជំងឺកូដ-១៩បច្ចុប្បន្ន ដោយត្រូវអនុវត្តតាមវិធានការការពារ និងណែនាំរបស់ក្រសួងសុខាភិបាល។
៥. ក្រសួងទេសចរណ៍ ត្រូវផ្សព្វផ្សាយនូវខ្លឹមសារទិវាវប្បធម៌ជាតិ ៣មីនា តាមលទ្ធភាពបច្ចុប្បន្នដែលអាច ធ្វើបាន ជាពិសេសក្នុងចំណោមភ្ញៀវទេសចរជាតិនិងអន្តរជាតិ តាមរយៈទីភ្នាក់ងារទេសចរណ៍និងប្រតិបត្តិករទេសចរណ៍ គ្រប់ប្រភេទ។
៦. ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ត្រូវណែនាំដល់គ្រប់ឯកអគ្គរាជទូត អគ្គកុងស៊ុល និងកុងស៊ុលកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅបរទេស ផ្សព្វផ្សាយខ្លឹមសារនៃទិវាវប្បធម៌ជាតិ ៣មីនា រួមមាន ពាក្យស្លោក និងគំនូរផ្សាយឱ្យបានទូលំទូលាយ។
៧. ក្រសួងធម្មការនិងសាសនា ត្រូវបំផុសចលនាព្រះសង្ឃនិងគ្រប់សាសនិកឱ្យរៀបចំផ្សព្វផ្សាយខ្លឹមសារ ទិវាវប្បធម៌ជាតិ ៣មីនា នៅតាមទីអារាម វិហារសាសនា មណ្ឌលវិបស្សនា និងទីសក្ការៈផ្សេងៗតាមលទ្ធភាពជាក់ស្តែង បច្ចុប្បន្នដែលអាចធ្វើបាន។
៨. ក្រសួងមហាផ្ទៃនិងក្រសួងការពារជាតិ ត្រូវមានផែនការណែនាំទៅមូលដ្ឋានដើម្បីរក្សាសន្តិសុខនិង សណ្តាប់ធ្នាប់សាធារណៈក្នុងឱកាសទិវាវប្បធម៌ជាតិ ៣មីនា ឱ្យមានប្រសិទ្ធភាពនិងស្មារតីទទួលខុសត្រូវខ្ពស់។
៩. អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ និងអាជ្ញាធរជាតិសំបូរព្រៃគុក ត្រូវផ្សព្វផ្សាយនិងរំលេចឡើងនូវលទ្ធផលការងារដែលចូលរួមថែរក្សា ការពារ អភិរក្ស និងលើកតម្កើងតម្លៃបេតិកភណ្ឌវប្បធម៌ជាតិឱ្យបានស្ថិតស្ថេរគង់វង្សប្រកបដោយភាពរស់រវើកនិងមានតម្លៃលេចធ្លោជាសកលដើម្បីអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា។
១០. រដ្ឋបាលរាជធានី ខេត្ត ត្រូវចូលរួមជួយឧបត្ថម្ភគាំទ្រដល់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈក្នុងការរៀបចំ ផ្សព្វផ្សាយនិងបិទផ្សាយខ្លឹមសារទិវាវប្បធម៌ជាតិ ៣មីនា នៅក្នុងដែនដីរបស់ខ្លួន ដោយផ្តោតជាសំខាន់ទៅលើការ អប់រំដល់មហាជន ជាពិសេសក្នុងស្រទាប់យុវជនឱ្យកាន់តែមានស្មារតីមុតមាំថែមទៀតក្នុងការចូលរួមថែរក្សាការពារ និងលើកកម្ពស់តម្លៃវប្បធម៌ជាតិ។
១១. គ្រប់លំនៅដ្ឋាន គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរដែនដី សាលារៀន សហគ្រាសរដ្ឋនិងឯកជន ត្រូវលើក ទង់ជាតិ ទង់ជ្វាលា បដាពាក្យស្លោក និងបិទផ្សាយអាហ៊ូស តាមដងផ្លូវសាធារណៈ តាមអង្គភាពនិងលំនៅដ្ឋានរបស់ ខ្លួនឱ្យបានព្រមៗគ្នាចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១។
១២. ការចូលរួមសកម្មភាពផ្សព្វផ្សាយដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ទិវាវប្បធម៌ជាតិ ៣មីនា ត្រូវស្លៀកពាក់ តាមបែបប្រពៃណ៌ជាតិ៕