ភ្នំពេញៈ ទោះបីការប្រមូលពន្ធពីប្រភពចំណូលសំខាន់ ៣ បានកើនឡើងក៏ប្រាក់ចំណូលសរុបដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានក្នុងខែមករា ឆ្នាំ ២០២១ នេះមិនបង្ហាញសញ្ញាវិជ្ជមាននោះទេ ដោយធ្លាក់ចុះជាង ៨ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០ ខណៈបញ្ហានេះអ្នកសេដ្ឋកិច្ចអះអាងថា មានជាប់ទាក់ទងនឹងគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការអនុគ្រោះពន្ធចំពោះវិស័យមួយចំនួនដែលបន្តរងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិកូវីដ១៩។
យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមករា ឆ្នាំ ២០២១ របស់អគ្គនាយកដ្ឋានពន្ធដារកាលពីថ្ងៃទី ១៦ ខែកុម្ភៈ ឱ្យដឹងថា ក្នុងខែមករា អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធអាករ បានសរុបប្រមាណ ២១៧,២ លានដុល្លារ ស្មើនឹង ៩,៦៨ ភាគរយនៃផែនការប្រចាំឆ្នាំ ហើយបើធៀបនឹងចំណូលពន្ធអាករខែមករា ឆ្នាំ ២០២០ ថយចុះប្រមាណ ១៩,០៣ លានដុល្លារស្មើ ៨,០៦ ភាគរយ។
សេចក្តីប្រកាសព័ត៌មានឱ្យដឹងទៀតថា ទោះជាការប្រមូលចំណូលសរុបធ្លាក់ចុះ ប៉ុន្តែសម្រាប់ចំណូលពីប្រភេទពន្ធចំនួន ៣ នៅរក្សាកំណើនគួរឱ្យកត់សម្គាល់ ក្នុងនោះពន្ធលើប្រាក់ចំណូលមានប្រមាណ ៤២,៩១ លានដុល្លារធៀបនឹងខែមករា ឆ្នាំ ២០២០ កើនឡើង ៧,២៦ ភាគរយ អាករពិសេសចំនួន ១៩,០៣ លានដុល្លារ កើនឡើង ៥,៥៣ ភាគរយ និងពន្ធលើប្រាក់បៀវត្សរ៍ មាន ២២,៥៤ លានដុល្លារ កើនប្រមាណ ១០,០៧ ភាគរយ។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា (រាជបណ្ឌិត្យសភាកម្ពុជា) បានប្រាប់បណ្ដាញសារព័ត៌មាន កាលពីថ្ងៃទី ១៦ ខែកុម្ភៈថា ការធ្លាក់ចុះប្រាក់ចំណូលពន្ធក្នុងខែដំបូងឆ្នាំ ២០២១ គឺមិនមែនដោយសារមានក្រុមហ៊ុនមួយចំនួនផ្អាកសកម្មភាព ឬបិទអាជីវកម្មទេ ប៉ុន្តែវាបណ្តាលមកពីការដាក់ចេញនូវគោលនយោបាយរបស់រដ្ឋាភិបាលដែលផ្តល់ភាពអនុគ្រោះពន្ធដារសម្រាប់វិស័យដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិកូវីដ១៩។ ការធ្លាក់ចំណូលពន្ធក្នុងកម្រិតនេះនឹងមិនបង្កផលប៉ះពាល់អ្វីជាដុំកំភួនទេ ព្រោះស្ថានភាពនេះត្រូវបានគេដឹងមុនរួចទៅហើយ។
លោកថ្លែងថា៖ «ការបាត់ចំណូលពេលនេះ គឺជាប់ទាក់ទងនឹងគោលនយោបាយសម្រួលផ្នែកពន្ធរបស់រដ្ឋាភិបាល។ ខ្ញុំគិតថា នេះមិនមែនជាបញ្ហាដែលត្រូវបារម្ភទេ»។
លោកបានបន្ថែមថា អ្វីដែលសំខាន់ពេលនេះ គឺកម្រិតនៃការប្រមូលចំណូលពីប្រភពពន្ធសំខាន់ៗចំនួន ៣ កើនឡើងដែលវាបញ្ជាក់ថា តម្រូវការនៃការប្រើប្រាស់ក្នុងស្រុក និងស្ថានភាពនៃអត្រាមានការងារធ្វើមានភាពល្អប្រសើរ។
លោកលើកឡើងថា៖ «តាមរយៈស្ថានភាពបច្ចុប្បន្ន និងការដាក់ចេញគោលនយោបាយរបស់រដ្ឋាភិបាល ខ្ញុំគិតថា ការប្រមូលចំណូលឆ្នាំនេះនឹងមិនមានគម្លាតឆ្ងាយពីឆ្នាំ ២០២០ ទេ»។ លោកបន្តថា៖ «ទោះជាយ៉ាងណា បើរដ្ឋាភិបាលអាចធ្វើការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពទៅលើការប្រមូលពន្ធទៅលើវិស័យសំខាន់មួយចំនួន (សំណង់ និងអចលនទ្រព្យ) នោះការប្រមូលចំណូលឆ្នាំ ២០២១ នេះអាចនឹងកើនឡើងតិចតួចបើធៀបឆ្នាំមុន»។
សម្រាប់ឆ្នាំ ២០២១ នេះ អគ្គនាយកដ្ឋានពន្ធដារ មានផែនការប្រមូលចំណូលឱ្យបាន ៩ ០៨៤,៤២ ប៊ីលានរៀល (២ ២៤៣,០៧ លានដុល្លារ)។
លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារបានប្រាប់បណ្តាញព័ត៌មានក្នុងស្រុក Fresh News ថា សម្រាប់ចំណូលពន្ធខែមករា ឆ្នាំ ២០២១ ឃើញថាធ្លាក់ចុះមែន ប៉ុន្តែបើប្រៀបធៀបនឹងខែធ្នូ ឆ្នាំ ២០២០ ចំណូលនេះមិនបានធ្លាក់ចុះទេ ហើយបើតាមផែនការនៃការប្រមូលចំណូលពន្ធក្នុងឆ្នាំនេះលើសបន្តិចផង។ លោកអះអាងថា៖ «ការថយចុះនៃចំណូលពន្ធខែដំបូងនេះ ដោយសារតែបញ្ហាជំងឺកូវីដ១៩ ក៏ដូចជាបញ្ហាសេដ្ឋកិច្ចជារួម»។
ក្នុងឆ្នាំ ២០២០ ចំណូលពន្ធអាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន ២ ៨៨៩,០២ លានដុល្លារ កើនឡើង ៣,៧៣ ភាគរយធៀបនឹងឆ្នាំ ២០១៩។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានពន្ធដារ៕