Alynana Media Cambodia
Icon Collap
clinic narit

គម្រោង​សាងសង់​ព្រលាន​យន្តហោះ​ថ្មី​ខេត្តមណ្ឌលគិរីអាច​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំក្រោយ

Sang Kim | Feb 17, 2021
គម្រោង​សាងសង់​ព្រលាន​យន្តហោះ​ថ្មី​ខេត្តមណ្ឌលគិរីអាច​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំក្រោយ
Clinic narith

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​ (SSCA) ​រំពឹងថា ការអភិវឌ្ឍ​គម្រោង​សាងសង់​ព្រលាន​យន្តហោះ​ថ្មី​ខ្នាត​តំបន់​នៅ​ខេត្តមណ្ឌលគិរី ដែលមាន​តម្លៃ​ប្រហែល ៨០ ​លាន​ដុល្លារ​ នឹង​ចាប់ផ្តើម​នៅ​ឆ្នាំក្រោយ​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ១០ ខែកុម្ភៈ បាន​ចុះហត្ថលេខា​លើ​សេចក្តី​សម្រេច​បង្កើត​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ដឹកនាំ សម្របសម្រួល និង​ជំរុញ​ការអនុវត្ត​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​អាកាសយានដ្ឋាន​ថ្មី​ខ្នាត​តំបន់ នៅ​ខេត្តមណ្ឌលគិរី​។

គណៈកម្មការ​នេះ​មាន​ភារកិច្ច​សំខាន់ៗ​មួយចំនួន​ដូចជា ដឹកនាំ និង​ចរចា​លើ​ការរៀបចំ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ (Framework Agreement) ​ជាមួយ​ក្រុមហ៊ុន Powerchina International Group (PIG) ​ដើម្បី​អនុវត្ត​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​អាកាសយានដ្ឋាន​ថ្មី​នៅ​ខេត្តមណ្ឌលគិរី​។

គណៈកម្មការ​នេះ​ក៏មាន​តួនាទី​ដឹកនាំ ពិនិត្យ វាយតម្លៃ និង​ផ្តល់​អនុសាសន៍​ទៅលើ​ការសិក្សា​ទាំងឡាយណា​ពាក់ព័ន្ធ​នឹង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​អាកាសយានដ្ឋាន​ថ្មី ហើយ​ក៏​ដឹកនាំ និង​ចរចា​លើ​ការរៀបចំ​កិច្ចសន្យា​ភាព​ជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន​រហូតដល់​ចុះ​កិច្ចសន្យា​ជា​ស្ថាពរ​ជាដើម​។

លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ថា ការសិក្សា​ពី​ការអភិវឌ្ឍ​អាកាសយានដ្ឋាន​ថ្មី​នេះ​នឹង​បញ្ចប់​នៅ​ចុងខែ​កុម្ភៈ​នេះ​ដើម្បី​ដាក់​ការសិក្សា​ជូន​រដ្ឋាភិបាល​ធ្វើការ​សម្រេច​។ លោក​បន្តថា​៖ «​បច្ចុប្បន្ន​យើង​កំពុង​អនុវត្ត​នីតិវិធី​ដំណើរ​រៀបចំ​លើ​កិច្ចការ​អភិវឌ្ឍន៍​អាកាសយានដ្ឋាន​នេះ​»​។

 

លោក ចាន់សិរីវុត្ថា បានឱ្យដឹង​ទៀតថា បន្ទាប់ពី​ការសិក្សា​ចប់សព្វគ្រប់​ភាគី​នឹង​ពិភាក្សា​ចរចា​គ្នា​នៃ​កិច្ចព្រមព្រៀង​ទាំងអស់​នោះ​ទៅក្នុង​កិច្ចព្រមព្រៀង​សម្បទាន​ដែល​ត្រូវការ​ពេល​ជិត​ ១ ​ឆ្នាំ​ទៀត ទើប​អាច​ចាប់ផ្ដើម​បាន​គម្រោង​នេះ​។

បើតាម​លោក ចាន់សិរីវុត្ថា ព្រលានយន្ដហោះ​ថ្មី​នេះ​នឹង​សាងសង់​លើដី ៣០០ ហិកតា ដែល​មាន​ទុនវិនិយោគ​ប្រហែល ៨០ លាន​ដុល្លារ​។

រាជរដ្ឋាភិបាល​បានសម្រេច​ជាគោលការណ៍​ជ្រើសរើស​ក្រុមហ៊ុន PIG ជា​ដៃគូ​ឯកជន​ក្នុង​ការសិក្សា និង​អភិវឌ្ឍ​សំណើ​គម្រោង​សាងសង់​អាកាសយានដ្ឋាន​ថ្មី​ខ្នាត​តំបន់​នៅ​ខេត្តមណ្ឌលគិរី​ដោយ​តម្រូវឱ្យ​ក្រុមហ៊ុន​ទទួល​រ៉ាប់រង​លើ​ចំណាយ​នៃ​ការសិក្សា​សមិទ្ធ​លទ្ធភាព​គម្រោង​ដោយ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​។ នេះ​បើតាម​លិខិត​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ចុះហត្ថលេខា​ដោយ​លោក ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការ​ប្រចាំការ​កាលពី​ថ្ងៃទី​ ៣១ ខែ ធ្នូ ឆ្នាំ​ ២០២០​។

លោក ស្វាយ សំអ៊ាង អភិបាល​ខេត្តមណ្ឌលគិរី​ធ្លាប់​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា អាជ្ញាធរខេត្ត​កំពុង​ធ្វើការ​កំណត់​ព្រំដី​ព្រលានយន្តហោះ​ថ្មី​ដែលមាន​ផ្ទៃក្រឡា​ប្រមាណ ៦០០ ​ហិកតា​ ស្ថិតនៅ​ចម្ងាយ​ជាង ២០ ​គីឡូម៉ែត្រ​ពី​ក្រុង​សែនមនោរម្យ​។

សព្វថ្ងៃ​ប្រទេស​កម្ពុជា​កំពុង​ប្រតិបត្តិការ​អាកាសយានដ្ឋាន​អន្តរជាតិ​ចំនួន​ ៣ រួមមាន ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ សៀមរាប និង​ខេត្ត​ព្រះសីហនុ ដែល​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន Cambodia Airports ដែលជា​បុត្រសម្ព័ន្ធ​របស់​ក្រុមហ៊ុន VINCI Airports​។

កម្ពុជា​ក៏​ដំណើរការ​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​ចំនួន​ ២ ទៀត គឺ​ព្រលាន​យន្តហោះ​អន្តរជាតិ​សៀមរាប សាងសង់​ដោយ​ក្រុមហ៊ុន Angkor International Airport Investment (Cambodia)Co Ltd(AIAI) ​ជាមួយ​ទុន​វិនិយោគ​ជិត ៩០០ ​លាន​ដុល្លារ ដែល​គ្រោង​នឹង​បញ្ចប់​គម្រោង​នៅ​ឆ្នាំក្រោយ និង​ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី​មួយទៀត​នៅក្នុង​រាជធានី​ភ្នំពេញ​ក្នុងតម្លៃ ១៥០០ ​លាន​ដុល្លារ ហើយ​គ្រោង​នឹង​ដាក់ឱ្យ​ដំណើរការ​ដំណាក់កាល​ទី​ ១ នៅក្នុង​ឆ្នាំ​ ២០២៣ ដែលជា​ការវិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន​សាជីវកម្ម​វិនិយោគ​ក្រៅប្រទេស​ (OCIC) ជាមួយនិង​ក្រុមហ៊ុន​ចិន ដោយ​កាន់​ភាគហ៊ុន​រួម​ ៩០ ​ភាគរយ និង​ ១០ ​ភាគរយ​ផ្សេងទៀត​គ្រប់គ្រង​ដោយ SSCA៕