ស្ថានភាពនៅព្រឹកនេះ នៅតែបន្តរកឃើញអ្នកឆ្លងកូវីដ ០៤ នាក់ទៀតជាអ្នកដំណើរមកពីក្រៅ។ អ្នកឆ្លងទាំង ០៤ នាក់មានឥណ្ឌូណេស៊ី ០២ នាក់ ស្វីស ០១ នាក់ និងចិន ០១នាក់។
បុរសឥណ្ឌូណេស៊ីឆ្លងកូវីដ ១៩ មានអាយុ ១៨ ឆ្នាំទាំងពីរនាក់ ដោយម្នាក់នៅប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង ម្នាក់ទៀតនៅស្រុកកោះធំខេត្តកណ្តាល។ បុរសទាំងពីរនាក់បានធ្វើដំណើរពីឥណ្ឌូណេស៊ីបន្តជើងហោះហើរនៅសិង្ហបុរី បានមកដល់ប្រទេសកម្ពុជានៅថ្ងៃ ១៦ កុម្ភៈ ត្រូវបានបញ្ជាក់មានវិជ្ជមានកូវីដ ១៩ ដោយវិទ្យាស្ថានសុខភាពសាធារណៈ។
អ្នកដំណើរជនជាតិចិនមានវិរុសកូវីដ ១៩ ម្នាក់ទៀត មានអាយុ ៣២ ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ។ ស្រ្តីរូបនេះបានធ្វើដំណើរពីចិនបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់ប្រទេសកម្ពុជានៅថ្ងៃ ០៧ កុម្ភៈ ២០២០។
ជនរងគ្រោះចាស់ជាងគេមានអាយុ ៦២ ឆ្នាំជនជាតិស្វីស បានឆ្លងកូវីដ ១៩។ បុរសចំណាស់នេះធ្វើដំណើរពីស្វីសបន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់ប្រទេសកម្ពុជានៅថ្ងៃ ០៤ កុម្ភៈ ២០២០៕
អ្នកឆ្លងទាំង ០៤ នាក់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាល និងអ្នកប៉ះពាល់ជាអ្នករួមដំណើរត្រូវបានបញ្ចូនទៅធ្វើចត្តាឡីស័កបន្តទៀត៕