ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១
(ភ្នំពេញ)៖ ក្នុងសេចក្តីប្រកាសនៅព្រឹកថ្ងៃទី២២ ខែកុម្ភៈនេះ ក្រសួងសុខាភិបាល បានប្រកាសពីទីតាំង ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ចំនួន ២៣ទីតាំង នៅក្នុងរាជធានីភ្នំពេញ។ ទីតាំងទាំងនេះ ត្រូវបានបិទជាបណ្តោះអាសន្ន។
ទីតាំងទាំង ២៣កន្លែងនោះ រួមមាន៖ ១. ក្លឹប N8 ២.ក្លិប Casa Bay Meridian ៣.សណ្ឋាគារ Le Gong Guan Hotel ៤.City Comfort ៥.អគារ The Bridge ៦. The Point Service Apartment ៧. Mekong Street ៨.Pent House Apartment ៩.Skyline DUMEX ១០.Somet Condoninium ១១.Residence L Olympic ១២.Prince Plaza Centre ១៣. Celeste Skybar ១៤.Diamond Twin ១៥. JinZun ខារ៉ាអូខេមុខព្រលាន ១៦.ក្លឹប Coco សណ្ឋាគារកណ្តាលសួនច្បារ ១៧. JuHao មុខហាងឆ្នេរមាស ១៨.ហាង The World ១៩.ហាង វ័នមែនសិន ២០.ក្លឹប ១៦៨ អតីតនគរសំរឹទ្ធិ ២១.Love ២២.វិទ្យាល័យហ៊ុនសែន ភ្នំពេញថ្មី ២៣.សាលា SIS។
ក្រសួងសុខាភិបាល បានលើកឡើងថា បុគ្គល ដែលធ្លាប់បានចេញចូលទីតាំងខាងលើ ពីថ្ងៃទី០៦ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឬបុគ្គលពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬដឹងថា ខ្លួនជាអ្នកប៉ះពាល់ជាមួយអ្នកមានវីរុសកូវីដ១៩ ត្រូវមានភាពស្មោះត្រង់ មិនលាក់លៀម និងស្ម័គ្រចិត្ត មកធ្វើតេស្តរកមេរោគកូវីដ១៩ នៅរៀងរាល់ម៉ោងធ្វើការ នៅមណ្ឌលសុខភាពចាក់អង្រែ ក្នុងរាជធានីភ្នំពេញ។ អ្នកទាំងនេះ ក៏ត្រូវដាក់ខ្លួននៅដាច់ដោយឡែកពីក្រុមគ្រួសារ ធ្វើចត្តាឡីស័ក ចំនួន ១៤ថ្ងៃ នៅតាមផ្ទះរៀងៗខ្លួន ព្រមទាំងតាមដានសុខភាពជារៀងរាល់ថ្ងៃ។
ប្រសិនបើមានអាការៈមិនស្រួលខ្លួន ដូចជាមានឡើងកំដៅខ្លួន ក្អក ផ្តាសាយ ឈឺបំពងក ឬពិបាកដកដង្ហើម ជាដើម សូមហៅទៅលេខទូរស័ព្ទទាន់ហេតុការណ៍ ១១៥ ឬលេខទូរស័ព្ទ ដែលមានជូននៅខាងក្រោមនេះស្រាប់ ដើម្បីជួយអន្តរាគមន៍សុខភាពបានទាន់ពេលវេលា។
ក្រសួងសុខាភិបាល ក៏បានប្រកាសអំពាវនាវ និងក្រើនរំលឹកសាជាថ្មីម្តងទៀត សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅទូទាំងប្រទេស និងជាពិសេសអ្នករស់នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវប្រកាន់យកនូវការប្រុងប្រយ័ត្នខ្លួនជាប់ជានិច្ច គ្រប់គ្រងក្រុមគ្រួសារឲ្យបានល្អ និងចូលរួមអនុវត្តវិធានការការពារខ្លួនឲ្យបានខ្ជាប់ខ្ជួនគ្រប់ៗគ្នា។
ក្រសួងសុខាភិបាល បានបញ្ជាក់ថា ការរុករកស្រាវជ្រាវ បានបង្ហាញថា ស្ថានភាពនៃការចម្លងក្នុងសហគមន៍នាពេលនេះ មានលក្ខណៈធំជាង និងសាំញ៉ាំជាងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ហើយវិធានការ និងអន្តរាគមន៍នានា បានដាក់ចេញជាបណ្តើរៗ គឺអាស្រ័យទៅតាមស្ថានភាពនៃការរកឃើញវត្តមានវីរុសកូវីដ១៩ នៅតាមទីតាំងនីមួយៗ ដើម្បីទប់ស្កាត់ការចម្លងបន្តវីរុសកូវីដ១៩ នៅក្នុងសហគមន៍ទ្រង់ទ្រាយធំធេង៕