អស់រយៈពេលជាងមួយឆ្នាំមកហើយ ដែលជំងឺកូវីដ-១៩ ដ៏កាចសាហាវបានរីករាលដាលលើពិភពលោក និង ជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ដែលមិនត្រឹមតែទៅលើផ្នែកសុខាភិបាល តែថែមទាំងលើវិស័យសេដ្ឋកិច្ច និងសង្គមទាំងមូល។
ជាក់ស្តែង ដូចដែរបងប្អូនបានដឹងហើយ នាពេលថ្មីៗនេះ ព្រឹត្តការណ៍ ២០ កុម្ភៈត្រូវបានគេរកឃើញចំនួនអ្នកធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ជាបន្តបន្ទាប់។ កុំភ្លេចអនុវត្តអនាម័យ និងរក្សាគម្លាតសង្គមឱ្យបានល្អ ដើម្បីការពារខ្លួន ក្រុមគ្រួសារ និងសង្គម!
តើគ្រួសារក្រីក្រ និងជនងាយរងគ្រោះ ទទួលបានការឧបត្ថម្ភអ្វីខ្លះពីរដ្ឋក្នុងកំឡុងពេលដ៏លំបាកនេះ?
ដូចយើងបានដឹងស្រាប់ហើយ ជំងឺកូវីដ-១៩ បានគម្រាមកំហែងយ៉ាងខ្លាំងទៅលើសកម្មភាពសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ខណៈដែលវិស័យទេសចរណ៏ វិស័យកាត់ដេរ និងវិស័យសំណង់ត្រូវបានគេមើលឃើញថាជាវិស័យដែលបានរងផលប៉ះពាល់ខ្លាំងបំផុត។
វិស័យទាំងបីខាងលើនេះបានចូលរួមចំណែកច្រើនជាង ៧០ ភាគរយនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងបង្កើតការងារប្រហែលជា ៤០% នៃការងារសរុប។ អញ្ចឹងហើយ វាបានផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងទៅលើបងប្អូនដែលពឹងផ្អែកជីវភាពទៅលើវិស័យនេះ ដូចជាការបាត់បង់ការងារ ការថយចុះនៃប្រាក់ចំណូល និងរបរអាជីវកម្មជាដើម។
យ៉ាងណាមិញ ក្នុងគោលបំណងជួយឧបត្ថម្ភជ្រោមជ្រែងដល់គ្រួសារក្រីក្រ និងជនងាយរងគ្រោះ មិនឱ្យអ្នកណាម្នាក់អត់បាយ, រាជរដ្ឋាភិបាល ចាប់តាំងពីខែមិថុនា ឆ្នាំ ២០២០ បានរៀបចំកម្មវិធីឧបត្ថម្ភសាច់ប្រាក់ពិសេស ទៅដល់គ្រួសារក្រីក្រ និងងាយរងគ្រោះបានជាង ៧១ម៉ឺនគ្រួសារ (ឬប្រជាជនជាង ២.៨លាននាក់) ដោយរាជរដ្ឋាភិបាលបានចំណាយថវិកាបើកផ្ដល់អស់ប្រមាណ ២៣២ លានដុល្លារ ខណៈដែលប្រាក់ត្រៀមបម្រុងក្នុងកញ្ចប់ថវិកាសម្រាប់កម្មវិធីនេះ មានប្រមាណ ៣០០ លានដុល្លារ។
កាលពីពេលថ្មីៗកន្លងទៅនេះ រដ្ឋាភិបាលក៏បានប្រកាសបន្តការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ រហូតដល់ខែមីនា ឆ្នាំ ២០២១ ដោយបន្តតាមដាន និងសិក្សាអំពីការវិវឌ្ឍនៃស្ថានភាពការរីករាលដាល និងផលប៉ះពាល់ នៃជំងឺកូវីដ-១៩។
ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប ក្រៅពីថវិកា, យើងក៏អាចធ្វើការចូលរួមចំណែកទៅដល់គ្រួសារក្រីក្រ និងជនងាយរងគ្រោះ តាមរយៈការសហការរក្សាគម្លាតសង្គមឱ្យបានខ្ជាប់ខ្ជួន ដើម្បីជួយឱ្យព្រឹត្តការណ៍ ២០ កុម្ភៈបញ្ឈប់ការឆ្លងក្នុងសហគមន៍ និង ឆ្លងផុតក្នុងរយៈពេលឆាប់ៗនេះ។ ថែទាំខ្លួនទាំងអស់គ្នា!
ប្រភពៈ LuyBook