ភ្នំពេញ៖ វិទ្យាស្ថានដំបូងគេបង្អស់នៅកម្ពុជា ផ្នែកសាធារណការ និងដឹកជញ្ជូន ផ្តល់អាហារូបករណ៍ ១០០% សម្រាប់និស្សិតឆ្នើមចំនួន ៥០នាក់ និងអាហារូបករណ៍ ៥០% និស្សិតនារី សម្រាប់ឆ្នាំសិក្សា ២០២១–២០២២។
តាមរយៈសេចក្តីជូនដំណឹងរបស់ វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានអោយដឹងថា វិទ្យាស្ថានសម្រេចផ្តល់អាហារូបករណ៍ ១០០% សម្រាប់និស្សិតឆ្នើមចំនួន ៥០នាក់ និងអាហារូបករណ៍ ៥០% និស្សិតនារី លើមានកម្រិតបរិញ្ញាបត្រ+១ (វិស្វករ) សិក្សា ៥ឆ្នាំ លើជំនាញ ១-វិស្វករសំណង់ សាធារណការ ឯកទេស (ក-សំណង់ផ្លូវថ្នល់ ផ្លូវល្បឿនលឿន ស្ពាន ផ្លូវដែក និងកំពង់ផែ ខ-ប្រព័ន្ធចម្រោះទឹកកខ្វក់) ២-បរិញ្ញាបត្រដឹកជញ្ជូនផ្លូវគោក សិក្សា ៤ឆ្នាំ ឯកទេស សេដ្ឋកិច្ច និងគ្រប់គ្រងដឹកជញ្ជូនផ្លូវគោក ៣-បរិញ្ញាបត្រភស្តុភារកម្ម សិក្សា ៤ឆ្នាំ ឯកទេស គ្រប់គ្រង់ភស្តុភារកម្ម និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ៤– បរិញ្ញាបត្រនាវាចរ សិក្សា ៤ឆ្នាំ ឯកទេស បរិបាលនាវា និងម៉ាស៊ីននាវា។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងកម្មវិធី តម្រង់ទិសជំនាញសិក្សា និងការងារ មានប្រសាសន៍ថា និស្សិតនឹងទទួលបានអត្ថប្រយោជន៍ច្រើន ទាំងអំឡុងពេលសិក្សា និងនៅពេលបញ្ចប់ការសិក្សានៅទីនេះ ។
ថ្ងៃបើកទទួលពាក្យប្រឡងចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះ រហូតត្រឹមថ្ងៃ ២៨ កុម្ភៈ ២០២១ វេលាម៉ោង ៥ ល្ងាច។ និស្សិតមានជម្រើស ២ ដែលអាចដាក់ពាក្យ គឺដាក់ពាក្យប្រលងដោយផ្ទាល់នៅ វិទ្យាស្ថាន ឬស្កេនពាក្យប្រលង ទម្រង់ PDF រួចផ្ញើទៅកាន់ប្រព័ន្ធសង្គម Telegram តាមរយៈលេខទូរស័ព្ទ ០៩៦–៥៣០–៥០៨៩។ ព័ត៌មានបន្ថែមទាក់ទងលេខទូរស៍ព្ទ ០៩៦–៩៣៣–៤២៥៣ /០៩៥–៤០៤– ៥៩០ អាសយដ្ឋាន៖ ផ្លូវលេខ ៥៩៨ (ផ្លូវឯកឧត្តម ជា សុផារ៉ា)សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ(ខាងក្រោយទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន)។
សូមបញ្ជាក់ថា វិទ្យាស្ថាននេះ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២១ កន្លងទៅ៕