(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌដូនពេញ នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងដល់បងប្អូនអាជីវករប្រកបអាជីវកម្មនៅផ្សារចាស់ ដែលមានតូប ជាប់នឹងតូបឈ្មោះ សុខ ប៉ែងសុន តូបលេខ ៤៧៤, ៤៧៥, ៥០០, ៥០១ និងតូបលេខ ១៧, ១៨, ១៩, ២០ ព្រមទាំងអ្នកដែលពាក់ព័ន្ធទាំងអស់ សូមអញ្ជើញទៅពិនិត្យយកសំណាករកមេរោគកូវីដ១៩ នៅមណ្ឌលសុខភាពចាក់អង្រែ ស្ថិតក្នុងខណ្ឌមានជ័យ ឱ្យបានគ្រប់ៗគ្នា។
អាជ្ញាធរបានបញ្ជាក់ថា ពេលទៅយកសំណាកត្រូវបញ្ជាក់ពីអាសយដ្ឋានបច្ចុប្បន្នដែលខ្លួនកំពុងរស់នៅឱ្យបានច្បាស់លាស់ ជូនក្រុមគ្រូពេទ្យពិនិត្យយកសំណាកនៅមណ្ឌលសុខភាពចាក់អង្រែ ខណ្ឌមានជ័យ។ ក្នុងករណីដែលអាជ្ញាធរពិនិត្យឃើញថា បងប្អូនខកខាន ឬគេចវេសមិនបានយកសំណាកហើយអាជ្ញាធរពិនិត្យទៅមានពាក់ព័ន្ធ ជាមួយអាជីវករលក់ដូរនៅផ្សារចាស់ ដែលមានផ្ទុកមេរោគកូវីដ-១៩នោះ អាជ្ញាធរមិនអនុញ្ញាតឱ្យបងប្អូនដែលមិនបានទៅយកសំណាករកមេរោគកូវីដ-១៩ នោះចូល ប្រកបអាជីវកម្មលក់ដូរឡើយ (នៅពេលដែលអាជ្ញាធរបើកដំណើរការតូបរបស់ឈ្មោះ សុខ ប៉ែងសុន ឡើងវិញឡើយ)។
រដ្ឋបាលខណ្ឌដូនពេញ សង្ឃឹមយ៉ាងមុតមាំថា បងប្អូនអាជីវករពាក់ព័ន្ធទាំងអស់ នឹងចូលរួមទៅពិនិត្យយកសំណាករកមេរោគកូវីដ-១៩គ្រប់ៗគ្នាប្រកបដោយទំនួលខុសត្រូវខ្ពស់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកាចសាហាវ កូវីដ-១៩នេះ។