កណ្ដាល ៖ ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល ការផ្តល់វ៉ាក់សាំងបង្ការកូវីដ១៩ ដើម្បីចាក់ជូនបងប្អូនកម្មករនិយោជិត តាមបណ្តារោងចក្រ សហគ្រាសក្នុងខេត្តកណ្តាលនឹងប្រព្រឹត្តនៅចុងខែ មេសា បន្ទាប់ពីរាជធានីភ្នំពេញ។
ឯកឧត្តម ធុល នាង ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកណ្តាល មានប្រសាសន៍ នៅព្រឹកថ្ងៃទី១២ មេសា ឆ្នាំ២០២១នេះថា សម្រាប់ខេត្តកណ្តាល កម្មករនិយោជិតដែលរោងចក្រ សហគ្រាស បញ្ជូនឈ្មោះមកមន្ទីរ និងក្រសួងការងារ ដើម្បីបានចាក់វ៉ាក់សាំងសរុបមានប្រមាណ ៧០ភាគរយហើយមកទល់ពេលនេះ។
កាលពីកន្លងទៅនេះ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចសម្រាប់ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរម្លឹកថា យុទ្ធនាការ ចាក់វ៉ាក់សាំងការពារកូវីដ១៩ ធ្វើឡើងក្នុងគោលបំណងដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាល ជំងឺកូវីដ១៩ និងធានាឱ្យបាននូវសុខភាព សុខុមាលភាព និងសុវត្ថិភាពជូនដល់មន្ត្រីរាជការ សហជីព និយោជក និងបងប្អូនកម្មករ និយោជិតទាំងអស់គ្នា។
ឯកឧត្តមបញ្ជាក់ទៀតថា ការផ្តល់ជូននូវការចាក់វ៉ាក់សាំង ក្នុងខេត្តកណ្តាល បន្ទាប់ពីរាជធានីភ្នំពេញ ដោយសារខេត្តនេះមានភាពប្រទាក់ក្រឡាគ្នា មានការចេញចូល ចម្រុះ ដូច្នេះយើងត្រូវគ្រប់គ្រងមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់យើងឲ្យបានរឹងមាំសិន ទើបយើងពង្រីក ទៅកាន់ខេត្តដទៃទៀត គឺខេត្តព្រះសីហនុ ខេត្តស្វាយរៀង និងខេត្តតាកែវ ជាខេត្តគោលដៅដែលកំណត់ជាខេត្តអាទិភាព បន្ទាប់ពីរាជធានីភ្នំពេញ និងខេត្តកណ្តាល។
គួរបញ្ជាក់ថា គិតចាប់ពីថ្ងៃទី៧ រហូតត្រឹមថ្ងៃទី១១ ខែមេសា ការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ស៊ីណូវ៉ាក់ ជូនកម្មករនិយោជិត និងថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ នៅរាជធានីភ្នំពេញ បានចំនួន សរុបជាង ៣ម៉ឺន ៦ពាន់នាក់ហើយ ក្នុងនោះបរទេសជាង ១ ៦០០នាក់៕