Alynana Media Cambodia
Icon Collap
clinic narit

ទំនាយជោគជតារាសីឆ្នាំទាំង១២ ប្រចាំឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ គ.ស ២០២១

Admin Alynana | Apr 13, 2021
ទំនាយជោគជតារាសីឆ្នាំទាំង១២ ប្រចាំឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ គ.ស ២០២១
Clinic narith

ភ្នំពេញ)៖ លោកអ្នកកើតឆ្នាំជូត

* បើជាមនុស្សប្រុសទំនាយថា៖ ក្នុងឆ្នាំនេះ ជាឆ្នាំដែលអ្នកមិនសូវរីករាយសោះឡើយ ទោះជាយ៉ាងនេះក៏ដោយ អ្នកគង់បានសម្រេចក្នុងការដែលអ្នកបានតាំងចិត្តទុកយ៉ាងប្តូរផ្តាច់ មិត្តភក្តិរបស់អ្នក ឬមនុស្សធ្វើការជាមួយអ្នក គេជាមនុស្សអាប់ជោគថោករាសី ដឹកនាំអ្នកឲ្យខកខាតទុន ក្នុងរយៈឆ្នាំនេះអ្នកមិនគួរ ធ្វើដំណើរីផ្លូវឆ្ងាយពេកទេ សូម្បីតែបើកហាងលក់ដូរឥវ៉ាន់ថ្មី ឬប្រកបការយ៉ាងណាក៏ដោយ អ្នកកុំធ្វេសប្រហែសឲ្យសោះ ហើយមិនគួរពឹងរកឲ្យគេជួយទុក្ខធុរៈខ្លួនជាដាច់ខាត។

* បើជាមនុស្សស្រីទំនាយថា៖ ឆ្នាំនេះជាឆ្នាំដែលលោកអ្នកមានសេចក្តីសុខសម្រាន្តយ៉ាងលើសលុប ហើយបានគាប់ចិត្តគ្រប់យ៉ាង មានគេនាំកំណល់រង្វាន់មកឲ្យដល់ទីកន្លែង ក្នុងឆ្នាំនេះជោគរាសី របស់អ្នកល្អជាទីបំផុត បើអ្នកមានបំណងធ្វើអ្វី មុខជាបានសម្រេចផលយ៉ាងមែនពិត។ ប៉ុន្តែថាអ្នកកុំផ្តេកផ្តួលនឹងការជួយឈឺឆ្អាល ពីគេឯទៀតខ្លាំងពេក នៅក្នុងរឿងរាប់អានស្រឡាញ់ទុកចិត្ត គួរតែប្រយ័ត្នឲ្យមែនទែន ហើយខំស្ទាបស្ទង់បន្តិចផង បើសិនជាវៀរមិនផុត។ នៅក្នុងបន្ទុកក្រុម គ្រួសារមានសេចក្តីសុខយ៉ាងក្រៃលែង។

លោកអ្នកកើតឆ្នាំឆ្លូវ

* បើជាមនុស្សប្រុសទំនាយថា៖ ក្នុងឆ្នាំនេះ អ្នកមិនសូវបានស្រួលបួលទេ គឺថាអ្នកត្រូវតែជួបប្រទះនឹងឧបសគ្គជាញឹកញយ ក្នុងដំណើរការធម្មតារបស់អ្នក ប៉ុន្តែអ្នកត្រូវខំតាំងចិត្ត ពុះពារ និងប្រឹងរម្ងាប់ចិត្តទប់ទល់ និងអធិករណ៍ឲ្យមែនទែន ហើយគួរតាំងចិត្តធ្វើការងារ ឬកិច្ចការយ៉ាងណាៗ ដោយសេចក្តី ឧស្សាហ៍ និងស្វាហាប់ចុងបំផុត អ្នកខំបំពេញឲ្យបានអង់អាចជានិច្ច។ បើអ្នកធ្វើយ៉ាងនេះបាន ទើបអ្នកបានជោគជ័យគ្រាន់បើឡើងវិញ ក្នុងរវាងអាយុប៉ុណ្ណោះ។

* បើជាមនុស្សស្រីទំនាយថា៖ ក្នុងឆ្នាំនេះ អ្នកនឹងបានមុខការងារធ្វើជាពិតប្រាកដ បើសិនជាការរៀបចំមង្គលការ ផ្ទាល់ខ្លួនមុខជាបានសម្រេចដូចសេចក្តីប្រាថ្នា ជួបលាភផលយ៉ាងបន្ទាន់ តែបើទោះទៅជាយ៉ាងនោះក៏ដោយ ក៏គង់តែនៅមានមនុស្សឫស្សា ចំពោះលទ្ធផលរបស់អ្នកជានិច្ច នៅក្នុងរឿងនេះ អ្នកកុំខ្លាចឲ្យសោះ ព្រោះមានគេរង់ចាំ ជួយឈឺឆ្អាលអ្នកពេញទំហឹង ខាងមុខនៃការដូចពេលនេះ ចូរអ្នកប្រយ័ត្នមនុស្សមានទុក្ខទោសគ្របសង្កត់ ណាមួយ មកបញ្ចុះបញ្ចូលបញ្ជោលើកជើងអ្នក ឲ្យចូលរួមការងារជាមួយគេ ទោះការងារនោះមានសភាពយ៉ាងណាក៏ដោយ សុទ្ធតែមិនបរិសុទ្ធទាំងអស់។ ហើយមិនគួរលីសែងរែកពុនលើកដាក់របស់ធ្ងន់ហួសពេកទេ ក្រែងថ្លោះចង្កេះគ្រេចឆ្អឹងខ្នង។

លោកអ្នកកើតឆ្នាំខាល

* បើជាមនុស្សប្រុសទំនាយថា៖ ក្នុងឆ្នាំនេះជាឆ្នាំល្អប្រសើរណាស់ នឹងបានលាភធំតែមុននឹងកើតលាភផល ត្រូវបាត់បង់ទ្រព្យរបស់ជាមុនសិន ហេតុដូចនេះត្រូវប្រុងប្រយ័ត្នខ្លួនបន្តិច ព្រោះត្រូវចោរកម្មវាបំណងទុក បន្ទាប់ពីនោះទៅអ្នកត្រូវបានទទួលមុខតំណែងនាទីថ្មី មាននាទីទទួលខុសត្រូវជាន់ខ្ពស់ ឯជោគលាភដែលអ្នកត្រូវបាននោះនឹងបានមកពីទីឆ្ងាយ។ តែត្រូវខំរក្សាកាយឲ្យល្អក្រែងមានជំងឺតម្កាត់ខ្លះផង។

* បើជាមនុស្សស្រីទំនាយថា៖ ក្នុងឆ្នាំនេះ អ្នកតោងតែកែកុនប្រើសេចក្តីពិនិត្យពិច័យឲ្យល្អិតល្អន់បន្តិច សូម្បីតែអ្នកដែលធ្លាប់រាប់រកអ្នកយ៉ាងណា ឬអ្នកធ្វើការងាររួមនឹងគេ អ្នកកុំសង្ឃឹមឡើយថានឹងបានកម្រៃ ផលពីវង់ការបែបនោះឲ្យសោះ ពុំនោះនឹងបណ្ដាលហេតុពីក្នុងក្រុមគ្រួសារមានភ័យព្រួយ ឈឺថ្កាត់ ឬមានរឿងទំនាស់ពីមនុស្សបម្រើការក្នុងលំនៅដ្ឋាន។ ជតារាសីអ្នកក្នុងឆ្នាំនេះពុំប្រសើរទេ ជាគ្រោះកម្មកាចសាហាវណាស់ ការងារប្រចាំជីវិតរបស់អ្នក ឬសេចក្តីស្និទ្ធស្នាលរបស់លោក អ្នកនឹងផ្តល់ផលជាអសារឥតការដល់អ្នកវិញ បើអ្នកចង់បន្ធូរបន្ថយការអាប់បែបនេះ អ្នកត្រូវខំខ្នះខ្នែងដោយប្រើសេចក្តីឆ្លៀវឆ្លាត និងសេចក្តីអង់អាចឲ្យគ្រប់កម្លាំង ទើបអ្នកបានប្រាស ចាកវិបត្តិទាំងនេះទៅខ្លះ។

លោកអ្នកកើតឆ្នាំថោះ

* បើជាមនុស្សប្រុសទំនាយថា៖ ឆ្នាំនេះ ជាឆ្នាំដែលអ្នកត្រូវឃ្លាតពីទីកន្លែង បើសិនជាមិនដូច្នោះទេ អ្នកមុខជាត្រូវនឿយណាយធុញទ្រាន់នឹងកន្លែងចាស់ ឬត្រូវផ្លាស់ប្តូរទីលំនៅផងក៏មាន ពុំនោះសោតនាទីការពាររបស់អ្នកនឹងត្រូវរុះរើជាថ្មី បើមានការលក់ដូរជំនួញជួញប្រែជាអាជីព ការនេះនឹងបណ្តាលជាហេតុឲ្យមានសេចក្តីតឹងចង្អៀតខ្លះៗ តំណទៅពេលខាងមុខក្នុងឆ្នាំនេះ អ្នកនឹងមានស្កៀបរមាស់រង្គោះរង្គើដល់ក្រុមហ៊ុន បើមានជើងឈ្នួលក្នុងបន្ទុក វានឹងធ្វើមោះមិនគាប់ឲ្យអ្នកមានសេចក្តីហ្មងមួររឿយៗ មួយវិញទៀតញាតិព័ន្ធ ឬមិត្តភក្តិនឹងកើតក្ដីរង្គៀសឫស្សាដល់អ្នកដោយ បំពានលើផលល្អ និងសេចក្តីចម្រើនរបស់អ្នក ហេតុការណ៍ទាំងអស់ នេះចូរអ្នកកុំភ្លេចស្មារតីឲ្យសោះ បើយ៉ាងហោចណាស់ ។ ក៏នឹងមានវិបត្តិឈឺថ្កាត់មិនខានឡើយ។

* បើជាមនុស្សស្រីទំនាយថា៖ ក្នុងឆ្នាំនេះ ការរៀបមង្គលការរបស់អ្នក បានផលសម្រេចបំណងមែនពិត ដោយសេចក្តីសុខ ប៉ុន្តែអ្នកនៅមានទំនាស់នឹងមេបារបស់អ្នកបន្តិចបន្តួច រួចពីហេតុភេទបែបនេះទៅនឹងបានល្អឡើងវិញ បើអ្នកធ្វើការងារកាន់មុខតំណែងមានមុខនាទី អ្នកត្រូវបានឡើងតំណែងនាទីបន្ថែមជាមិនខាន ការដែលអ្នកត្រូវប្រុងប្រយ័ត្នជាទីបំផុតនោះ គឺចោរកម្ម និងអគ្គីភ័យបំផ្លាញ បើសិនជាមានជំងឺច្រើនតែផ្តាសាយ។

លោកអ្នកកើតឆ្នាំរោង

* បើជាមនុស្សប្រុសទំនាយថា៖ ឆ្នាំនេះជាឆ្នាំដែលលោកអ្នក មានសេចក្តីសុខសម្រាន្តយ៉ាងលើសលុប ហើយបានគាប់ចិត្តគ្រប់យ៉ាង មានគេនាំកំណល់រង្វាន់មកឲ្យដល់ទីកន្លែង ក្នុងឆ្នាំនេះជោគរាសីរបស់អ្នកល្អជាទីបំផុត បើអ្នកមានបំណងធ្វើអ្វីមុខជាបានសម្រេចផលយ៉ាងមែនពិត ប៉ុន្តែថាអ្នកកុំផ្តេកផ្តួលនឹងការជួយឈឺឆ្អាលពីគេឯទៀតខ្លាំងពេក នៅក្នុងរឿងរាប់អានស្រឡាញ់ទុកចិត្តគួរតែប្រយ័ត្នឲ្យមែនទែន ហើយខំស្ទាបស្ទង់បន្តិចផង បើសិនជាវៀរមិនផុតនៅក្នុងបន្ទុកក្រុម គ្រួសារមានសេចក្តីសុខយ៉ាងក្រៃលែង ។

* បើជាមនុស្សស្រីទំនាយថា៖ ក្នុងឆ្នាំនេះអ្នកនឹងមានគ្រោះអាសន្នអាក្រក់ណាស់ ដួងជតាត្រូវខាតបង់ ឬត្រូវមានធុរៈ ជំងឺឈឺថ្កាត់ ប៉ុន្តែអ្នកត្រូវបានមិត្តជិតស្និទ្ធជួយឈឺឆ្អាលយ៉ាងពេញទំហឹង ។ បើអ្នកចង់ធ្វើអ្វីត្រូវពិចារណាមុខក្រោយឲ្យល្អិតល្អន់មែនទែន បើកាលណាភ្លាត់ការអ្នកមុខជាត្រូវរងនូវអំពើសង្កត់សង្កិនយ៉ាងគួរឲ្យធរមានចិត្ត ចូរកុំគប្បីបញ្ចេញឈ្មោះបោះសម្លេងជាតួកំប្លែង លលេងជាមួយគេញយៗពេក ចូរខំបំពេញខ្លួនឲ្យគេឃើញថា យើងជាមនុស្សមានរបៀប និង សុភាពរៀបរយ ចូរធ្វើសេចក្តីល្អតបតជាមួយសត្រូវ ទើបគ្រោះរបស់អ្នកនឹងត្រូវបន្ទោបង់បន្ធូរបន្ថយទៅបានខ្លះ ហើយពេលក្រោយមានគេជួយឲ្យបានទ្រព្យ នឹងបានស្តុកស្តម្ភ ។

លោកអ្នកកើតឆ្នាំម្សាញ់

* បើជាមនុស្សប្រុសទំនាយថា៖ ក្នុងឆ្នាំនេះ អ្នកនឹងបានមុខការងារធ្វើជាពិតប្រាកដ បើសិនជាការរៀបចំមង្គលការផ្ទាល់ខ្លួន មុខជាបានសម្រេចដូចសេចក្តីប្រាថ្នា ជួបលាភផលយ៉ាងបន្ទាន់ តែបើទោះទៅជាយ៉ាង នោះក៏ដោយ ក៏គង់តែនៅមានមនុស្សឫស្សា ចំពោះលទ្ធផលរបស់អ្នកជានិច្ច នៅក្នុងរឿងនេះអ្នកកុំខ្លាចឲ្យសោះ ព្រោះមានគេរង់ចាំជួយឈឺឆ្អាលអ្នកពេញទំហឹង ខាងមុខនៃការដូចពេលនេះ ចូរអ្នកប្រយ័ត្នមនុស្សមានទុក្ខទោសគ្របសង្កត់ ណាមួយមកបញ្ចុះបញ្ចូលបញ្ជោរ លើកជើងអ្នកឲ្យចូលរួមការងារជាមួយគេ ទោះការងារនោះមានសភាពយ៉ាងណាក៏ដោយ សុទ្ធតែមិនបរិសុទ្ធទាំងអស់ ។ ហើយមិនគួរលីសែងរែកពុន លើកដាក់របស់ធ្ងន់ហួសពេកទេ ក្រែងថ្លោះចង្កេះគ្រេចឆ្អឹងខ្នង។

* បើជាមនុស្សស្រីទំនាយថា៖ ក្នុងឆ្នាំនេះជាឆ្នាំដែលជោគលាភមុខ ជានឹងមានដល់លោកអ្នកហើយ បើលោកអ្នកចង់ ធ្វើអ្វីនឹងបានសម្រេចជាដរាបមិត្តភក្តិ ឬចៅហ្វាយនាយជាធំ ប្រុងទំនុកបម្រុងដល់អ្នក តែថារឿងដែលអ្នកត្រូវប្រិតប្រៀងខ្លួនជានិច្ច គឺកុំបេះបួយនាំរឿងពីនេះ ទៅនិន្ទាឲ្យអ្នកឯណោះ ឮ ឬដឹងបើអ្នកបានតមប្រាដក ក្នុងហេតុភេទបែបនេះ ឈ្មោះថាខ្លួនអ្នកបានដោះស្រាយ ពីការបែកបាក់រវាងមេត្រីភាព ។

លោកអ្នកកើតឆ្នាំមមី

* បើជាមនុស្សប្រុសទំនាយថា៖ ក្នុងឆ្នាំនេះ អ្នកតោងតែកែកុនប្រើសេចក្តីពិនិត្យពិច័យឲ្យល្អិតល្អន់បន្តិច សូម្បីតែអ្នកដែលធ្លាប់រាប់រកអ្នកយ៉ាងណា ឬអ្នកធ្វើការងាររួមនឹងគេ អ្នកកុំសង្ឃឹមឡើយថានឹងបានកម្រៃ ផលពីវង់ការបែបនោះឲ្យសោះ ពុំនោះនឹងបណ្ដាលហេតុពីក្នុងក្រុមគ្រួសារមានភ័យព្រួយឈឺ ថ្កាត់ ឬក៏មានរឿងទំនាស់ពីមនុស្សបម្រើការ ក្នុងលំនៅដ្ឋាន ជតារាសីអ្នកក្នុងឆ្នាំនេះពុំប្រសើរទេ ជាគ្រោះកម្មកាចសាហាវណាស់ ការងារប្រចាំជីវិតរបស់អ្នក ឬសេចក្តីស្និទ្ធស្នាលរបស់លោក អ្នក និងផ្តល់ផលជាអសារឥតការដល់អ្នកវិញ បើអ្នកចង់បន្ធូបន្ថយការអាប់បែបនេះ អ្នកត្រូវខំខ្នះខ្នែងដោយប្រើសេចក្តីឆ្លៀវឆ្លាត និងសេចក្តីអង់អាចឲ្យគ្រប់កម្លាំង ទើបអ្នកបានប្រាសចាកវិបត្តិទាំងនេះទៅខ្លះ។

* បើជាមនុស្សស្រីទំនាយថា៖ ក្នុងឆ្នាំនេះ ជាឆ្នាំសម្រេចលាភផល ជូនដល់កណ្តាប់ដៃយើងហើយ ទោះសត្រូវកាចប៉ុនប៉ងប្រទុស្តសារាយយ៉ាង ដូចម្តេចក៏ដោយ ខ្លួនអ្នកត្រូវបានជោគជ័យគ្រប់ប្រការ ហើយនឹងបានទទួលការលើកតម្កើងពីមនុស្សទូទៅថាបើអ្នកបានរៀបមង្គលការក្នុងឆ្នាំនេះ រាប់ថាល្អផ្តាច់ហើយ ប៉ុន្តែឧបសគ្គរបស់អ្នកក៏មិនសោះសូន្យដែរ ចំពោះក្រុមញាតិព័ន្ធនឹងផ្តល់សេចក្តីរំខាន ដល់អ្នកក្នុងរយៈឆ្នាំនេះមួយចំនួន ។

លោកអ្នកកើតឆ្នាំមមែ

* បើជាមនុស្សប្រុសទំនាយថា៖ ក្នុងឆ្នាំនេះ ការរៀបមង្គលការរបស់អ្នក បានផលសម្រេចបំណងមែនពិត ប្រកបទៅដោយសេចក្តីសុខ ប៉ុន្តែអ្នកនៅមានទំនាស់នឹងមេបារបស់អ្នកបន្តិចបន្តួច រួចពីហេតុភេទបែបនេះទៅនឹងបានល្អឡើងវិញ បើអ្នកធ្វើការងារកាន់មុខតំណែងមានមុខនាទី អ្នកត្រូវបានឡើងតំណែងនាទីបន្ថែមជាមិនខាន ការដែលអ្នកត្រូវប្រុងប្រយ័ត្នជាទីបំផុតនោះ គឺចោរកម្ម និងអគ្គីភ័យបំផ្លាញ បើសិនជាមានជំងឺច្រើនតែផ្តាសាយ។

* បើជាមនុស្សស្រីទំនាយថា៖ ក្នុងឆ្នាំនេះ ជាឆ្នាំដែលលោកអ្នកមានចិត្តខ្វល់ខ្វាយច្រើនអនេក មិត្តភក្តិជាទីស្រឡាញ់ ឬញាតិសន្តានដែលមានគុណបំណាច់លើរូបអ្នកត្រូវនិរាសគ្នា មិនតែប៉ុណ្ណោះអ្នកត្រូវខូចខាត ផលប្រយោជន៍ខ្លះទៀតផង តាមការពិតអ្នកមិនត្រូវរងទុក្ខក្តៅណាស់ណាទេ មានគេជួយឈឺឆ្អាលឲ្យអ្នកបានសាន្តសុខ បើទុកជាមានឧបសគ្គក្នុងការងារអ្នកខ្លះ ក៏គង់នឹងសាបរលាបទៅវិញបានដោយសារពេលនេះ មានភឿនរបស់អ្នកបានតទល់យ៉ាងស្វិតស្វាញ ជួនកាលឆ្នាំនេះ អ្នកត្រូវរុះរើផ្ទះសម្បែងជួសជុល ឬធ្វើថ្មី តែមិនជាការសំខាន់ទេ។

លោកអ្នកកើតឆ្នាំវក

* បើជាមនុស្សប្រុសទំនាយថា៖ ក្នុងឆ្នាំនេះអ្នកនឹងមានគ្រោះអាសន្នអាក្រក់ណាស់ ដួងជតាត្រូវខាតបង់ ឬត្រូវមានធុរៈ ជំងឺឈឺថ្កាត់ ប៉ុន្តែអ្នកត្រូវបានមិត្តជិតស្និទ្ធជួយឈឺឆ្អាលយ៉ាងពេញទំហឹង ។ បើអ្នកចង់ធ្វើអ្វីត្រូវពិចារណាមុខក្រោយ ឲ្យល្អិតល្អន់មែនទែន ។ បើកាលណាភ្លាត់ការអ្នកមុខជាត្រូវរងនូវ អំពើសង្កត់សង្កិនយ៉ាងគួរឲ្យធរមានចិត្ត ចូរកុំគប្បីបញ្ចេញឈ្មោះបោះសម្លេងជាភ្លុកកំប្លែង លលេងជាមួយគេញយៗពេក ចូរខំបំពេញខ្លួនឲ្យគេឃើញថា យើងជាមនុស្សមានរបៀប និង សុភាពរៀបរយ ចូរធ្វើសេចក្តីល្អតបតជាមួយសត្រូវ ទើបគ្រោះរបស់អ្នកនឹងត្រូវបន្ទោរបង់បន្ធូរបន្ថយទៅបានខ្លះ ហើយពេលក្រោយមានគេជួយឲ្យបានទ្រព្យ នឹងបានស្តុកស្តម្ភ។

* បើជាមនុស្សស្រីទំនាយថា៖ ក្នុងឆ្នាំនេះ ជាឆ្នាំដែលអ្នកមិនសូវរីករាយសោះឡើយ ទោះជាយ៉ាងនេះក៏ដោយអ្នកគង់ បានសម្រេចក្នុងការដែលអ្នកបានតាំងចិត្តទុកយ៉ាងប្តូរផ្តាច់ មិត្តភក្តិរបស់អ្នក ឬមនុស្សធ្វើការជា មួយអ្នកគេជាមនុស្សអាប់ជោគថោករាសី ដឹកនាំអ្នកឲ្យខកខាតទុន ក្នុងរយៈឆ្នាំនេះអ្នកមិនគួរ ធ្វើដំណើរផ្លូវឆ្ងាយពេកទេ សូម្បីតែបើកហាងលក់ដូរឥវ៉ាន់ថ្មីឬ ប្រកបការយ៉ាងណាក៏ដោយ អ្នកកុំធ្វេសប្រហែសឲ្យសោះ ហើយមិនគួរពឹងរកឲ្យគេជួយទុក្ខធុរៈខ្លួនជាដាច់ខាត ។

លោកអ្នកកើតឆ្នាំរកា

* បើជាមនុស្សប្រុសទំនាយថា៖ ក្នុងឆ្នាំនេះ ជាឆ្នាំដែលជោគលាភមុខជានឹងមានដល់លោកអ្នកហើយ បើលោកអ្នកចង់ធ្វើអ្វីនឹងបានសម្រេចជាដរាបមិត្តភក្តី ឬនាយចៅហ្វាយនាយជាធំ ប្រឹងទំនុកបម្រុងដល់អ្នក តែថារឿងដែលអ្នកត្រូវប្រៀងខ្លួនជានិច្ច គឺកុំបេះបួយនាំរឿងពីនេះទៅនិន្ទាឲ្យអ្នកឯនោះឮ ឬដឹង បើអ្នកបានតមប្រាដក ក្នុងហេតុភេទបែបនេះ ឈ្មោះថាខ្លួនអ្នកបានដោះស្រាយ ពីការបែកបាក់រវាងមេត្រីភាព។

* បើជាមនុស្សស្រីទំនាយថា៖ ក្នុងឆ្នាំនេះ អ្នកមិនសូវបានស្រួលបួលទេ គឺថាអ្នកត្រូវតែជួបប្រទះនឹងឧបសគ្គជាញឹកញយ ក្នុងដំណើរការធម្មតារបស់អ្នក ប៉ុន្តែអ្នកត្រូវខំតាំងចិត្តពុះពារ និងប្រឹងរម្ងាប់ចិត្តទប់ទល់ និងអធិករណ៍ឲ្យមែនទែន ហើយគួរតាំងចិត្តធ្វើការងារ ឬកិច្ចការយ៉ាងណាៗ ដោយសេចក្តី ឧស្សាហ៍ និងស្វាហាប់ ចុងបំផុតអ្នកខំបំពេញឲ្យបានអង់អាចជានិច្ច។ បើអ្នកធ្វើយ៉ាងនេះបាន ទើបអ្នកបានជោគជ័យគ្រាន់បើឡើងវិញ ក្នុងរវាងអាយុប៉ុណ្ណោះ។

លោកអ្នកកើតឆ្នាំច

* បើជាមនុស្សប្រុសទំនាយថា៖ ក្នុងឆ្នាំនេះ ជាឆ្នាំសម្រេចលាភផល ជូនដល់កណ្តាប់ដែយើងហើយ ទោះសត្រូវកាចប៉ុនប៉ងប្រទុស្តសារាយយ៉ាង ដូចម្តេចក៏ដោយ ខ្លួនអ្នកត្រូវបានជោគជ័យគ្រប់ប្រការ ហើយនឹងបានទទួលការលើកតម្កើងពីមនុស្សទូទៅ ថាបើអ្នកបានរៀបមង្គលការ ក្នុងឆ្នាំនេះរាប់ថាល្អផ្តាច់ហើយ ប៉ុន្តែឧបសគ្គរបស់អ្នកក៏មិនសោះសូន្យដែរ ចំពោះក្រុមញាតិព័ន្ធនឹងផ្តល់សេចក្តីរំខាន ដល់អ្នកក្នុងរយៈឆ្នាំនេះមួយចំនួន ។

* បើជាមនុស្សស្រីទំនាយថា៖ ក្នុងឆ្នាំនេះ ជាឆ្នាំល្អប្រសើរណាស់នឹងបានលាភធំ តែមុននឹងកើតលាភផលត្រូវបាត់បង់ ទ្រព្យរបស់ជាមុនសិន ហេតុដូចនេះត្រូវប្រុងប្រយ័ត្នខ្លួនបន្តិច ព្រោះត្រូវចោរកម្មវាបំណងទុក បន្ទាប់ពីនោះទៅអ្នកត្រូវបានទទួលមុខតំណែងនាទីថ្មី មាននាទីទទួលខុសត្រូវជាន់ខ្ពស់ ឯជោគ លាភដែលអ្នកត្រូវបាននោះនឹងបានមកពីទីឆ្ងាយ។ តែត្រូវខំរក្សាកាយឲ្យល្អក្រែងមានជំងឺតម្កាត់ខ្លះផង ។

លោកអ្នកកើតឆ្នាំកុរ

* បើជាមនុស្សប្រុសទំនាយថា៖ ក្នុងឆ្នាំនេះ ជាឆ្នាំដែលលោកអ្នកមានចិត្តខ្វល់ខ្វាយច្រើនអនេក មិត្តភក្តីជាទីស្រឡាញ់ ឬញាតិសន្តាន ដែលមានគុណបំណាច់លើរូបអ្នក ត្រូវនិរាសគ្នា មិនតែប៉ុណ្ណោះអ្នកត្រូវខូចខាត ផលប្រយោជន៍ខ្លះទៀតផង តាមការពិតអ្នកមិនត្រូវរងទុក្ខក្តៅណាស់ណាទេ មានគេជួយឈឺឆ្អាលឲ្យអ្នកបានសាន្តសុខ បើទុកជាមានឧបសគ្គក្នុងការងារអ្នកខ្លះ ក៏គង់នឹងសាបរលាបទៅវិញបានដោយសារពេលនេះ មានភឿនរបស់អ្នកបានតទល់យ៉ាងស្វិតស្វាញ ជួនកាលឆ្នាំនេះ អ្នកត្រូវរុះរើផ្ទះសម្បែង ជួសជុល ឬធ្វើថ្មី តែមិនជាការសំខាន់ទេ ។

* បើជាមនុស្សស្រីទំនាយថា៖ ឆ្នាំនេះ ជាឆ្នាំដែលអ្នកត្រូវឃ្លាតពីទីកន្លែង បើសិនជាមិនដូច្នោះទេ អ្នកមុខជាត្រូវនឿយណាយ ធុញទ្រាន់នឹងកន្លែងចាស់ ឬត្រូវផ្លាស់ប្តូរទីលំនៅផងក៏មាន ពុំនោះសោតនាទីការពារ របស់អ្នកនឹងត្រូវរុះរើជាថ្មី បើមានការលក់ដូរជំនួញជួញប្រែជាអាជីព ការនេះនឹងបណ្តាជាហេតុឲ្យមានសេចក្តីតឹងចង្អៀត ខ្លះៗ តំណទៅពេលខាងមុខក្នុងឆ្នាំនេះ អ្នកនឹងមានស្គៀបរមាស់រង្គោះរង្គើរដល់ក្រុមហ៊ុន បើមានជើងស្នូលក្នុងបន្ទុក វានឹងធ្វើមោះមិនគាប់ឲ្យអ្នកមាន សេចក្តីហ្មងមួររឿយៗ មួយវិញទៀតញាតិពន្ធ័ ឬមិត្តភក្តិនឹងកើតជាក្តីរង្គៀសឫស្សាដល់អ្នក ដោយបំពានលើផលល្អ និងសេចក្តីចម្រើនរបស់អ្នក ហេតុការណ៍ទាំងអស់នេះចូរអ្នកកុំភ្លេច ស្មារតីឲ្យសោះ បើយ៉ាងហោចណាស់ក៏នឹងមានវិបត្តិឈឺថ្កាត់មិនខានឡើយ៕

ដកស្រង់ពីសៀវភៅ មហាសង្ក្រាន្តឆ្នាំថ្មី ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ គ្រឹស្តសករាជ ២០២១ របស់លោក អ៉ឹម បុរិន្ទ នាយកនៃគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ៕