ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យថ្មីមួយ ស្តីពីស្តីពីការអនុវត្តអាករលើតម្លៃបន្ថែម ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។
អនុក្រឹត្យនេះ គោលបំណង និងគោលដៅ កំណត់អំពីលក្ខខណ្ឌពិសេស និងដាក់ចេញនូវយន្តការ អនុវត្តអាករលើតម្លៃបន្ថែមលើទំនិញ ឌីជីថល និងសេវាឌីជីថល ដែលធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក សម្រាប់ប្រើប្រាស់ក្នុងប្រទេសកម្ពុជា និងធ្វើការផ្គត់ផ្គង់ដោយអ្នកជាប់ពន្ធអនិវាសនជន ដែលមិនមានគ្រឹះស្ថានអចិន្ត្រៃយ៍នៅកម្ពុជា ដើម្បីធានាប្រសិទ្ធភាព នៃការអនុវត្តស្របតាមមាត្រា៧៥ នៃច្បាប់ស្តីពីសារពើព័ន្ធ ។
អនុក្រឹត្យនេះ មានវិសាលភាពអនុវត្ត ចំពោះការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថលតាមប្រព័ន្ធអេឡិចត្រូនិក ឬ រាល់សកម្មភាពពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ដែលធ្វើឡើងដោយអ្នកផ្គត់ផ្គង់អនិវាសនជន នៅក្រៅប្រទេសកម្ពុជា មកក្នុងប្រទេសកម្ពុជា។ ដោយឡែកចំពោះសកម្មភាពពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវអនុវត្តតាមបទប្បញ្ញត្តិ ស្តីពីអាករលើតម្លៃបន្ថែមជាធរមាន។ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានសិក្សាជាមួយភាគីពាក់ព័ន្ធលើកបញ្ហាផ្លូវច្បាប់ទាំងច្បាប់ជាតិ និងអន្តរជាតិ ដើម្បីឈានទៅដល់ការប្រមូលពន្ធលើសេវាកម្មឌីជីថលរបស់ក្រុមហ៊ុន ក៏ដូចជាបច្ចេកវិទ្យាបរទេស ដែលមិនចុះបញ្ជីនៅកម្ពុជា។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានជួបជាមួយភាគីពាក់ពន្ធជាច្រើនហើយក្នុងនោះ មានជាអាទិ៍ ៖ ក្រុមហ៊ុន Facebook, Google, Amazon, Visa, Huawei Cambodia, San Data Systems, Cisco និង IBM ជាដើម។
ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ធ្លាប់បានបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារត្រៀមអនុវត្តយន្តការគ្រប់គ្រងប្រមូលចំណូលពន្ធ លើវិស័យមួយចំនួនបន្ថែមទៀត ដើម្បីធានាបាននូវតម្លាភាព និងមានភាពប្រកួតប្រជែងសម្រាប់ថ្ងៃអនាគត៕