(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ បានប្រមូលចំណូលពន្ធមានចំនួន ២,៤៨៩.៨ ប៊ីលានរៀល (ស្មើនឹង ៦១៤.៨ លានដុល្លារអាមេរិក) ថយចុះប្រមាណ ១៥.២% ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២០។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១៣ ខែមេសានេះ។
កិច្ចប្រជុំបូកសរុបការងារគយ និងរដ្ឋាករប្រចាំខែមីនា និង ត្រីមាសទី១ ឆ្នាំ២០២១ ត្រូវបានរៀបចំឡើង ក្រោមអធិបតីភាព បណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដោយមានការចូលរួមពី អគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានសាខា ប្រធានការិយាល័យ និងមន្ត្រីគយនិងរដ្ឋាករមួយចំនួននៅទូទាំងប្រទេស។ កិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ បានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ។
អគ្គនាយកដ្ឋានគយបានបញ្ជាក់ថា លទ្ធផលប្រមូលចំណូលក្នុងត្រីមាសទី១ ឆ្នាំ ២០២១ នេះគឺសម្រេចបាន២៦% នៃផែនការឆ្នាំដែលកំណត់ដោយច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២១។
ចំណូលប្រចាំត្រីមាសទី១ ឆ្នាំ២០២១ នេះ បើគិតតាមប្រភេទពន្ធ និងអាករនោះ ឃើញថា អាករលើតម្លៃបន្ថែមមានចំនួន ៩៣០.៧ ប៊ីលានរៀល (ត្រូវជាប្រមាណ ៣៧.៤%នៃចំណូលសរុប), អាករពិសេសមាន ៩៥៨ ប៊ីលានរៀល (ត្រូវជា ៣៨.៥%នៃចំណូលសរុប), ពន្ធគយមាន ៤៤៣.៥ ប៊ីលានរៀល (ត្រូវជា ១៧.៨%នៃចំណូលសរុប), អាករបន្ថែមលើផលិតផលប្រេងមាន ១០៦.៧ ប៊ីលានរៀល (ត្រូវជា ៤.៣%នៃចំណូលសរុប), និងអាករនាំចេញនិងកម្រៃផ្សេងៗមាន ៥១ ប៊ីលានរៀល (ត្រូវជា ២%នៃចំណូលសរុប)។
បើគិតតាមក្រុមទំនិញវិញ ចំណូលពីយានយន្ត និងគ្រឿងចក្រមានចំនួន ១,០៨៣.៣ ប៊ីលានរៀល គ្របដណ្តប់ ៤៣.៥% នៃចំណូលសរុប, ទំនិញចម្រុះមានចំនួន ៦៨២.៣ ប៊ីលានរៀល ត្រូវជា ២៧.៤%នៃចំណូលសរុប, ផលិតផលតេលសិលាមានចំនួន ៥៦៨.៣ ប៊ីលានរៀល ស្មើនឹង ២២.៨% នៃចំណូលសរុប និង សម្ភារសំណង់និងកម្រៃផ្សេងៗ មានចំនួន ១៥៥.៩ ប៊ីលានរៀល ស្មើនឹង ៦.៣%នៃចំណូលសរុប ។
បើពិនិត្យមើលតួលេខបណ្ដោះអាសន្ន នៃទំហំពាណិជ្ជកម្មអន្តរជាតិក្នុងត្រីមាសទី១ ឆ្នាំ២០២១ ធៀបនឹងត្រីមាសទី១ ឆ្នាំ២០២០ មានដូចខាងក្រោម៖
* ការនាំចេញផលិតផលកាត់ដេរមានចំនួន ២,៥២៧.១៩ លានដុល្លារអាមេរិក ថយចុះប្រមាណ ១៤៥.៥១ លានដុល្លារអាមេរិក ស្មើនឹង៥.៤៤%។
* ការនាំចេញផលិតផលវិនិយោគមិនមែនកាត់ដេរ (ដូចជា កង់ គ្រឿងបំណែកអេឡិចត្រូនិក បង្គុំខ្សែភ្លើង គ្រឿងបន្លាស់រថយន្ត អំពូលលម្អ កុងផ្លាកេ និងផលិតផលឧស្សាហកម្មផ្សេងៗទៀត) មានចំនួន ៨៨៧.៦៨ លានដុល្លារអាមេរិក កើនឡើងប្រមាណប្រមាណ ៣០០.៩៣ លានដុល្លារអាមេរិក ឬ៥២.១៨%។ កំណើនល្អប្រសើរនៃការនាំចេញផលិតផល វិនិយោគមិនមែនកាត់ដេរបានឆ្លុះបញ្ចាំងពីលទ្ធផល នៃការអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាល ក្នុងការធ្វើពិពិធកម្ម វិស័យឧស្សាហកម្មនៅកម្ពុជា។
* ការនាំចេញកសិផលមានចំនួន ១,០១៤.១២ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៤១៨.៨៤ លានដុល្លារអាមេរិក ឬ៧០.៣៦% ក្នុងនោះរួមមាន៖ ស្រូវនាំចេញមានចំនួន ១.២៣ លានតោន មានតម្លៃ ៣១៦.០៣ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៦៩៣.៣៥ ពាន់តោន (១២៩.១៣%) ឬស្មើនឹងប្រមាណជា ២០៨.៤៣ លានដុល្លារអាមេរិក (១៩៣.៧២%), ការនាំចេញអង្ករសម្រេចបាន ១៥៥.៧៥ ពាន់តោន មានតម្លៃ ១០៩.៨០ លានដុល្លារអាមេរិក ថយចុះប្រមាណ ៥៣.៣៧ ពាន់តោន (២៥.៥២%) ឬប្រមាណ ៣៦.០៣ លានដុល្លារអាមេរិក (២៤.៧១%), កៅស៊ូនាំចេញមានចំនួន ៦១.៩៣ ពាន់តោន មានតម្លៃ ៩៣.០៤ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៣៩.៦១ ពាន់តោន (១៧៧.៤៨%) ឬប្រមាណ ៦២.២៣ លានដុល្លារអាមេរិក (២០២.០២%) និងកសិផលផ្សេងទៀតមានចំនួន ២.៦៨ លានតោន មានតម្លៃ ៤៩៥.២៦ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៨៦៦.៨៨ ពាន់តោន (៤៧.៧១%) ឬប្រមាណ ១៨៤.២ លានដុល្លារអាមេរិក (៥៩.២២%)។
លោករដ្ឋមន្រ្តីប្រតិភូ បានណែនាំបន្ថែមដល់មន្រ្តីក្រោមឱវាទ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទាំងអស់ឱ្យយកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងការកៀរគរចំណូល ប្រកបដោយភាពសកម្ម បុរេសកម្ម និងវៃឆ្លាត ព្រមទាំងប្រើប្រាស់ឱ្យអស់សក្តានុពល បញ្ញាស្មារតី ដើម្បីអនុវត្តផែនការចំណូលឲ្យបានគ្រប់និងលើសផែនការ ហើយទន្ទឹមនឹងនោះត្រូវ រក្សាបាននូវនិរន្តរភាពការងារ និងធានាបានសុវត្ថិភាពដល់មន្រ្តី និងបុគ្គលិកក្រោមឱវាទ ដោយប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល ៣ កុំ និង ៣ ការពារ ។
លោករដ្ឋមន្រ្តីប្រតិភូ ក៏បានណែនាំដល់ថ្នាក់ដឹកនាំ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឱ្យបន្តចូលរួមក្នុងការងារសង្គមក្នុងគ្រាដ៏លំបាកនេះ តាមរយៈការបន្តអនុវត្តយុទ្ធនាការមនុស្សធម៌/សប្បុរសធម៌ ចុះជួយសម្រួលការលំបាក របស់ជនងាយរងគ្រោះ ដូចជា កុមារកំព្រា ជនទីទាល់ក្រ និងគ្រួសារដែលជាប់កាតព្វកិច្ចចត្តាឡីស័ក ជាដើម ៕