(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកកំពុងត្រៀមខ្លួនសម្រាប់លទ្ធភាពអាចទៅរួចក្នុងការចាក់វ៉ាក់សាំងបន្ថែម ដែលអាចនឹងត្រូវការជាចាំបាច់រយៈពេលចន្លោះពី៩ ដល់១២ខែ លើមនុស្សដែលបានចាក់វ៉ាក់សាំង COVID-19 ពេញលេញ ឬ២ដូស។
លោក David Kessler ជាប្រធានការិយាល័យវិទ្យាសាស្ត្រនៃអង្គភាពប្រឆាំង COVID-19 របស់លោកប្រធានាធិបតី ចូ បៃដិនបានឱ្យដឹងទៀតថាខណៈរយៈពេលនៃប្រព័ន្ធ ភាពសុំាក្រោយចាក់វ៉ាក់សាំងកំពុងស្ថិតនៅក្រោមការសិក្សានៅឡើយ ការចាក់វ៉ាក់សាំងបន្ថែមអាចនឹងត្រូវការជាចាំបាច់ ហើយក្រុមមនុស្សដែលងាយរងគ្រោះអាចនឹង ទទួលបានការចាក់វ៉ាក់សាំងបន្ថែមនេះជាអាទិភាព។
គួរបញ្ជាក់ថា នាយកប្រតិបត្តិ ក្រុមហ៊ុន Pfizer លោក Albert Bourla ក៏ធ្លាប់បានបញ្ជាក់ដែរថាអ្នកដែលបានចាក់វ៉ាក់សាំង COVID-19 ពេញលេញ ឬ២ដូស ទំនងជានឹងចាំបាច់ត្រូវការចាក់វ៉ាក់សាំងបន្ថែមដូសទី៣ នៅក្នុងរយៈពេល១២ខែ ហើយអាចនឹងត្រូវចាក់ជាប្រចាំឆ្នាំក៏ថាបាន ប្រឈមមុខនឹងការឆ្លងរាតត្បាត នៃវីរុសបំប្លែងខ្លួនថ្មី។