សាលារាជធានីភ្នំពេញបានប្រកាសថា បុគ្គលដែលមិនគោរពដោយចេតនានូវវិធានការរឹតត្បិត ឬការហាមឃាត់ការធ្វើដំណើរ គឺត្រូវពិន័យ២លាន៥សែនរៀល ខណៈអ្នកមិនគោរពវិធានការរឹតត្បិត ឬការហាមឃាត់ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស គឺត្រូវពិន័យ២លានរៀល។ ចំណែក បុគ្គលដែលមិនគោរពដោយចេតនានូវវិធានការហាមឃាត់សកម្មភាពការងារ ឬអាជីវកម្ម គឺពិន័យ៣លានរៀល ហើយបុគ្គលដែលមិនគោរពដោយចេតនានូវវិធានការរឹតត្បិត ឬការហាមឃាត់ការធ្វើចរាចរណ៍ចេញ-ចូលតំបន់ ឬទីកន្លែ៩ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ គឺពិន័យ៣លានរៀលដែរ។
ចំពោះបុគ្គលដែលមិនគោរពដោយចេតនានូវវិធានការបម្រាមគោចរ គឺពិន័យ៣លាន៥សែនរៀល ហើយបុគ្គលដែលមិនគោរពដោយចេតនានូវវិធានការបិទខ្ទប់តំបន់ ឬទីកន្លែងដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ គឺពិន័ដល់ទៅ៤លានរៀល។ រីឯ បុគ្គលដែលមិនគោរពដោយចេតនានូវវិធានការរឹតត្បិត ឬការហាមឃាត់ការធ្វើ់ពាណិជ្ជកម្មលើទំនិញដែលជាហានិភ័យ ឬជាប្រភពនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ គឺពិន័យដល់ទៅ៥លានរៀល ខណៈបុគ្គលដែលមិនគោរពដោយចេតនានូវវិធានការរដ្ឋបាលផ្សេងទៀតដែលមានភាពចាំបាច់ឆ្លើយតប និងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ គឺនឹងពិន័យ២លាន៥សែនរៀល។
សាលារាជធានីភ្នំពេញបានគូសបញ្ជាក់ថា អ្នកដែលរងការផាកពិន័យ គឺមានពេល១ខែសម្រាប់បង់ប្រាក់ពិន័យនេះ។ ប៉ុន្តែ បើលើសពីថេរវេលានេះ គឺអាជ្ញាធររាជធានីភ្នំពេញនឹងកសាងសំណុំរឿងពួកគេបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។ បន្ថែមពីលើកាផាកពិន័យនេះ សាលារាជធានីភ្នំពេញក៏បានអះអាងថា បើសិនការបំពានរបស់ពួកគេណាមួយបណ្តាលឱ្យមានការចម្លងជំងឺកូវីដ១៩ទៅអ្នកដទៃ ឬបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈនោះ គឺពួកគេនឹងត្រូវទទួលជាប់ពន្ធនាគារពី៦ខែរហូតដល់ទៅ៥ឆ្នាំឯណោះ។
សូមបញ្ជាក់ថា តាំងពីររដ្ឋាភិបាលកម្ពុជាបានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាលកាលពីថ្ងៃទី១៥ ខែមេសាមក គឺឃើញមានករណីល្មើស៣សំខាន់ៗ គឺករណីបុរសម្នាក់បានកាត់ខ្សែខណ្ឌបាំងផ្លូវមិនឱ្យធ្វើដំណើររបស់អាជ្ញាធរនៅក្នុងខណ្ឌទួលគោក។ បុរសម្នាក់នេះត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ១ឆ្នាំ។ រំលងបាន១ថ្ងៃ អាជ្ញាធរខណ្ឌមានជ័យក៏បានចាប់ខ្លួនលោកផ្កាយ២ម្នាក់ និងបក្ខពួក២នាក់ដែលបានរៀបចំការផឹកស៊ី រាំច្រៀងក្នុងពេលបិទខ្ទប់នេះ។ លើសពីនេះទៅទៀត អាជ្ញាធរខណ្ឌជ្រោយចង្វារក៏បានចាប់ឃាត់ខ្លួនបុរសម្នាក់ទៀតដែលបានតាំងខ្លួនជាឧត្តមសេនីយ៍ ហើយបានបើកឡានពាក់ស្លាកលេខនគរបាលលេងតាមដងផ្លូវដែលអាជ្ញាធរបានហាមឃាត់។ ប៉ុន្តែក្រោយការចាប់ខ្លួន អាជ្ញាធរបានអះអាងថា បុរសម្នាក់នេះបានក្លែងបន្លំខ្លួនជានគរបាល។ នៅពេលនេះ ពួកទាំងនេះត្រូវបានតុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅក្នុងពន្ធនាគារព្រៃសរង់ចាំការកាត់ក្តី៕