
មន្រ្តីឈីលីបាននិយាយសរសើរកាលពីថ្ងៃអាទិត្យថា វ៉ាក់សាំងកូវីដ CoronaVac របស់ក្រុមហ៊ុនឱសថចិន Sinovac បានបង្ហាញប្រសិទ្ធភាពខ្លាំងណាស់ក្នុងការការពារការឆ្លងមេរោគ ការចូលព្យាបាលក្នុងមន្ទីរពេទ្យ ការបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ និងការស្លាប់។
រដ្ឋមន្រ្តីក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យា ចំណេះដឹងនិងការច្នៃប្រឌិតលោក Andres Couve បានធ្វើអត្ថាធិប្បាយបែបនេះ ខណៈពេលឈីលី ទទួលបានវ៉ាក់សាំងនេះជាលើកទី៨ មកកាន់ប្រទេស។
មន្ត្រីរូបនេះបានដកស្រង់ការសិក្សាមួយ ដែលរដ្ឋាភិបាលឈីលីបង្ហាញកាលពីថ្ងៃសុក្រ ដែលកត់សម្គាល់ថា វ៉ាក់សាំង CoronaVac មានប្រសិទ្ធភាព៦៧ភាគរយ ក្នុងការការពាររោគសញ្ញានៃជំងឺកូវីដ-១៩។
ការសិក្សាក៏បានបង្ហាញផងដែរថា វ៉ាក់សាំងនេះមានប្រសិទ្ធិភាពរហូតដល់ទៅ៨៥ភាគរយ ក្នុងការទប់ស្កាត់ការចូលទៅព្យាបាលក្នុងមន្ទីរពេទ្យ, ៨៩ភាគរយក្នុងការទប់ស្កាត់ការបញ្ជូនទៅកាន់បន្ទប់សង្គ្រោះបន្ទាន់និង ៨០ភាគរយទប់ស្កាត់ការស្លាប់ដែលបង្កឡើងដោយវីរុស។
ប្រទេសឈីលី បានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងទ្រង់ទ្រាយធំក្នុងខែកុម្ភៈ បន្ទាប់ពីចាក់ជូនបុគ្គលិកសុខាភិបាលកាលពីខែធ្នូឆ្នាំ២០២០ និងខែមករា២០២១។
យោងតាមទិន្នន័យចុងក្រោយពីក្រសួងសុខាភិបាលឈីលីបានឲ្យដឹងថា ប្រជាជនជាង៧.៦ លាននាក់ បានទទួលការចាក់វ៉ាក់សាំងប្រឆាំងវីរុសកូវីដ-១៩នៅក្នុងប្រទេស ខណៈ៥.២លាននាក់បានទទួលដូសទាំងពីរ។
គិតត្រឹមម៉ោង៣រសៀលថ្ងៃចន្ទនេះ ប្រទេសឈីលីបានកត់ត្រាការឆ្លងជំងឺកូវីដ-១៩សរុប១,១២៤,៧១៨ករណី ស្លាប់ ២៥,១៧៧នាក់និងជាសះស្បើយ ១,០៥៣,៦៣៥នាក់៕
ប្រភព៖ Xinhua