
នៅថ្ងៃចន្ទទី ១៩មេសានេះ សហភាពអឺរ៉ុប បានសម្រេចដាក់ទណ្ឌកម្មប្រឆាំងនឹងមេដឹកនាំយោធាភូមាកំពុងកាន់អំណាចចំនួន១០នាក់បន្ថែមទៀត និងក្រុមហ៊ុនពីរដែលធានាផ្គត់ផ្គង់ហិរញ្ញវត្ថុឱ្យរដ្ឋាភិបាលសឹក។ នេះជាវិធានការរបស់សហភាពអឺរ៉ុប ចម្លើយតបនឹងទង្វើបង្ក្រាបបាតុករយ៉ាងហិង្សា។
អ្នកទទួលខុសត្រូវភូមាទាំង១០នាក់ថ្មីដែលសហភាពអឺរ៉ុបទើបបានបញ្ចូលឈ្មោះក្នុងបញ្ជីខ្មៅ ជាប់ទណ្ឌកម្ម ភាគច្រើនជាសមាជិកក្រុមប្រឹក្សារដ្ឋបាលរដ្ឋ និងត្រូវបានសហភាពអឺរ៉ុបចាត់ទុកថាជាអ្នកមានអំណាចសម្រេច នាំឱ្យខូចឬចុះខ្សោយលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅភូមា។ អ្នកទាំង១០នឹងត្រូវជាប់បម្រាមមិនឱ្យធ្វើដំណើរមកអឺរ៉ុបឬ ឆ្លងកាត់អឺរ៉ុបទេ ទ្រព្យសម្បត្តិនៅអឺរ៉ុបនឹងបង្កកទុកមិនឱ្យចេញពីសហភាពអឺរ៉ុប។
សហភាពអឺរ៉ុបក៏បានដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនធំពីររបស់ភូមា ដោយសម្រេចឈប់ផ្តល់ហិរញ្ញវត្ថុដល់ក្រុមហ៊ុន Myanmar Economic Holdings Ltd (MEHL) និង Myanmar Economic Corporation (MEC) ដែលជាប្រភពហិរញ្ញវត្ថុរបស់ពួកយោធាភូមា ទៀតទេ។ ក្រុមហ៊ុនទាំងពីរនេះជាប់ទណ្ឌកម្មរបស់អង់គ្លេសនិងសហរដ្ឋអាមេរិករួចស្រេចទៅហើយ។
តាមការពិតទណ្ឌកម្មថ្មីបន្ថែមដែលរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុបអនុម័ត នៅក្នុងជំនួបប្រជុំ តាមរយៈវីដេអូខុនហ្វេរិន នាថ្ងៃទី ១៩មេសានេះ ជាគម្រោងទណ្ឌកម្មដែលសហភាពអឺរ៉ុបបានសម្រេចតាំងពីថ្ងៃទី ២២មីនា ទន្ទឹមនឹងការសម្រេចដាក់ទណ្ឌកម្ម ប្រមុខដឹកនាំយោធាភូមាឧត្តមសេនីយ មីនអូនឡាំង និងប្រធានគណៈកម្មការបោះឆ្នោត ព្រមទាំងមេដឹកនាំយោធាជាន់ខ្ពស់៩នាក់ផ្សេងទៀត។តែសហភាពអឺរ៉ុបត្រូវពិគ្រោះជាមួយដៃគូបស្ចឹមលោកសិន ដើម្បីឱ្យទណ្ឌកម្មកាន់តែមានប្រសិទ្ធភាព។
បើតាមប្រសាសន៍របស់រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ សហភាពអឺរ៉ុបបន្ថែមទណ្ឌកម្មថ្មីលើភូមា ក្នុងបំណងតែមួយគឺបង្ខំឱ្យរបបសឹកព្រមចូលចរចា និងបើកកិច្ចចរចា រកដំណោះស្រាយបិទបញ្ចប់វិបត្តិ ក្នុងពេលដែលក្រុមប្រទេសជាសមាជិកអាស៊ានត្រូវជួបប្រជុំគ្នានៅថ្ងៃទី ២៤មេសា។
សូមបញ្ជាក់ថាវិបត្តិនៅភូមា បានជំរុញឱ្យពលរដ្ឋស៊ីវិលចុះធ្វើបាតុកម្មស្ទើរជារៀងរាល់ថ្ងៃ និងរកការបង្ក្រាបយ៉ាងហិង្សាពីសំណាក់អាជ្ញាធរយោធា ដោយរាប់មានស្លាប់ជាង៧០០នាក់ គិតចាប់តាំងពីថ្ងៃទី ១កុម្ភៈ ថ្ងៃដែលក្រុមយោធាធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសានស៊ូជីមក៕