Alynana Media Cambodia
Icon Collap
clinic narit

បុណ្យវិសាខបូជា ជាបុណ្យមួយយ៉ាងធំក្នុងព្រះពុទ្ធសាសនាដែលធ្វើឡើង រំលឹកដល់ព្រះពុទ្ធសមណគោត្តមបរមគ្រូ

Sang Kim | Apr 26, 2021
បុណ្យវិសាខបូជា ជាបុណ្យមួយយ៉ាងធំក្នុងព្រះពុទ្ធសាសនាដែលធ្វើឡើង រំលឹកដល់ព្រះពុទ្ធសមណគោត្តមបរមគ្រូ
Clinic narith

បុណ្យវិសាខបូជា ជាបុណ្យមួយយ៉ាងធំក្នុងព្រះពុទ្ធសាសនា។ បុណ្យនេះធ្វើឡើង  រំលឹកដល់ព្រះពុទ្ធសមណគោត្តមបរមគ្រូ នាថ្ងៃពេញបូណ៌មីគឺថ្ងៃ ១៥កើត  ខែ ពិសាខ   ដែលពុទ្ធសាសនិកទាំងព្រះសង្ឃ ទាំងគ្រហស្ថ តែងធ្វើសក្ការបូជាប្រកបដោយជំនឿថា ជាមហាកុសលដ៏ប្រសើរ។ ព្រះពុទ្ធនៃយើងទ្រង់ប្រសូត ត្រាស់ដឹង និងទ្រង់បរិនិព្វានសុទ្ធតែក្នុងថ្ងៃពេញបូណ៌មីខែវិសាខទាំងអស់ប្លែកគ្នាតែឆ្នាំប៉ុណ្ណោះ។

ព្រះអង្គទ្រង់ប្រសូតិនៅ ថ្ងៃសុក្រ ពេញបូណ៌មី ខែវិសាខ ឆ្នាំច វេលាជិតថ្ងៃត្រង់មុនពុទ្ធសករាជ ៨០ឆ្នាំ ។ នៅឧទ្យានលុម្ពិនី ព្រៃសាលព្រឹក្ស ចន្លោះនគរទាំងពីរ គឺកបិលពស្តុ និង ទេវទហៈ។ ឧទ្យានលុម្ពិនី សព្វថ្ងៃនេះស្ថិតនៅក្នុងប្រទេសនេប៉ាល់  មានចម្ងាយ២៧គ.ម. ពីព្រំដែននៃប្រទេសឥណ្ឌា។ ព្រះអង្គទ្រង់ត្រាស់ដឹង  នៅថ្ងៃពុធ  ពេញបូណ៌មី ខែវិសាខ ឆ្នាំរកាវេលា ជិតភ្លឺ មុនពុទ្ធសករាជ៤៥ឆ្នាំ ក្នុងព្រះជន្ម៣៥ឆ្នាំ។ ទីស្ថានដែលព្រះអង្គបាន ត្រាស់ដឹងជាសព្វញ្ញូពុទ្ធ ហៅថាពុទ្ធគយាស្ថិតនៅក្នុងរដ្ឋពីហា ( Bihar ) ប្រទេសឥណ្ឌា។

 ព្រះអង្គទ្រង់បរិនិព្វាន ក្នុងថ្ងៃអង្គារ ពេញបូណ៌មី ខែវិសាខ ឆ្នាំម្សាញ់  វេលាជិតបែកបច្ចូសម័យមុនពុទ្ធសករាជ ១ថ្ងៃក្នុងព្រះជន្ម ៨០ឆ្នាំគត់ ចន្លោះសាលព្រឹក្សទាំងគូក្នុងក្រុងកុសិនារា ។ សព្វថ្ងៃនេះ  ទីក្រុងកុសិនារាត្រូវបានគេហៅថា ក្រុងកុសិនាហ្គារ៍ (កុសិនគរ) ឬហៅថាក្រុងកាស្យា ស្ថិតនៅក្នុងរដ្ឋឧត្តរប្រទេសរបស់ឥណ្ឌា ។

ជាប្រពៃណីបុណ្យវិសាខបូជា  គេតែងនាំគ្នាធ្វើក្នុងពេលរាត្រីព្រោះតម្រូវទៅតាមពាក្យថា បុណ្ណមី មានសេចក្តីថា ខែពេញបូណ៌មី ។ ម្យ៉ាងទៀតការប្រារព្ធពិធីក្នុងពេលរាត្រី អាស្រ័យដោយលក្ខណៈងាយស្រួល ២យ៉ាង គឺម្យ៉ាងដើម្បីនឹងបានឱកាសអុជគ្រឿងប្រទីបជ្វាលា  បូជាភ្លើងអគ្គិសនីឲ្យភ្លឺរុងរឿងរន្ទាលច្រាលឆ្អៅផង និងម្យ៉ាងទៀត ដើម្បីបើកឱកាសឲពុទ្ធបរិស័ទបានជួបជុំគ្នា ដ៏ច្រើនកុះករទាំងប្រុសទាំងស្រី អាចបំពេញកុសលកម្មនេះ ដោយសប្បាយរីករាយព្រោះពេលយប់ ជាពេលទំនេរផង។

 បុណ្យវិសាខបូជាចាត់ទុកថាជាបុណ្យដ៏ធំ  ដោយមានមហាជនចាស់ក្មេងប្រុស ស្រី នៅប្រជុំគ្នាអ៊ូអរ ដោយនាំទៅជាមួយនូវគ្រឿងសក្ការបូជាមានទៀន ធូប ផ្កាភ្ញី និងប្រទីបជ្វាលាតូចធំអុជបំភ្លឺព្រោងព្រាតនៅគ្រប់វត្តអារាម ។

តាមទំនៀមទម្លាប់ប្រពៃណីពុទ្ធបរិស័ទ ទាំងបព្វជិត ទាំងគ្រហស្ថ ត្រូវដើរដង្ហែរប្រទក្សិណ ៣ជុំសិនមុននឹងចូលព្រះវិហារ ហើយគេយកទេយ្យវត្ថុរៀបចំដាក់នៅមុខពុទ្ធរូប រួចអុជទៀនធូបបូជា ផ្កាភ្ញីផ្សេងៗ។ គេនាំគ្នានមស្ការព្រះរតនត្រ័យ សមាទានសីល សា្តប់ពុទ្ធមន្ត ស្តាប់ធម៌ទេសនា អំពី ពុទ្ធប្បវត្តិតាំងពីដើមរហូតដល់ចប់ ព្រះសង្ឃ និងឧបាសក ឧបាសិកា សូត្រធម៌បទផ្សេងៗដូចជា នមោ ៨បទ ឋានធំ ៨កន្លែងជាដើម នៅយប់នោះគេធ្វើរហូតទល់ភ្លឺ តាមលទ្ធភាពវត្តនីមួយៗ ដើម្បី ឲមានបសាទសទ្ធា ចំពោះព្រះរតនត្រ័យកាន់តែខ្លាំងក្លាឡើង។

ប្រវត្តិបុណ្យវិសាខបូជា

ពុទ្ធបរិស័ទក្នុងប្រទេសទាំងឡាយដែលរាប់អានព្រះពុទ្ធសាសនា នាំគ្នាធ្វើវិសាខបូជា នៅថ្ងៃ ពេញបូណ៌មីខែពិសាខ រៀងៗមកតាំងពីបុរាណកាល ។ តាមការស្រាវជ្រាវគេបានដឹងថា បុណ្យ វិសាខបូជាទំនងជាធ្វើនៅក្រោយពុទ្ធបរិនិព្វានច្រើនរយឆ្នាំ។ គេថាប្រទេសឥណ្ឌា និងប្រទេសលង្កា បានប្រារព្ធពិធីបុណ្យនេះយូរយារណាស់មកហើយ ។ ចំណែកប្រទេសសៀម និងប្រទេសខ្មែរទើប នឹងចាត់ចែងធ្វើនៅគ្រឹស្តសតវត្សទី ១៩។ 

នៅក្នុងប្រទេសកម្ពុជា បុណ្យវិសាខបូជា តាមដែលចាស់ ទុំអ្នកមុខអ្នកកាទាំងឡាយដំណាលតៗគ្នាបានឲដឹងថា គេបានផ្តើមធ្វើក្នុងរជ្ជកាលព្រះបាទសម្តេច ព្រះហរិរក្សមារា (ព្រះអង្គដួង)  ដែលគង់នៅក្រុងឧត្តុង្គ   ក្នុងពុទ្ធសករាជ ២៣៩៧ គ្រិស្តសករាជ ១៨៥៤ ដោយមហាប៉ាន ដែលស្តេចសៀម បានបញ្ជូនមកកាន់ឧត្តុង្គ តាមសំណើព្រះបាទ អង្គដួង។

បុណ្យវិសាខបូជាត្រូវបាន រាជរដ្ឋាភិបាល ចាត់ទុកជាថ្ងៃបុណ្យជាតិ របស់ប្រទេសកម្ពុជា  ។ នៅឆ្នាំ ១៩៩៩ សមាជិកនៃអង្គការសហប្រជាជាតិ  ជិត ២០០ ប្រទេសបានអនុម័តជាឯកច្ឆន្ទទទួល ស្គាល់ និងចាត់ទុកបុណ្យ វិសាខបូជារបស់ ព្រះពុទ្ធសាសនាជាបុណ្យអន្តរជាតិ។

វិសាខបូជានេះ បុរាណាចារ្យលោកសំដៅយកនក្ខត្តឫក្ស៣ យ៉ាងគឺកំណត់យកត្រង់ថ្ងៃដែល ព្រះសម្ពុទ្ធបរមគ្រូទ្រង់ប្រសូត១, ទ្រង់បានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញាណ១, ទ្រង់ចូលកាន់ ព្រះនិព្វាន១ ។ 

 អាស្រ័យហេតុនេះហើយ  ទើបអ្នកប្រាជ្ញបុរាណលោកកំណត់យក  ថ្ងៃពេញបូណ៌មី ខែពិសាខនេះ  ទុកជាពិធីធ្វើសក្ការបូជាជាដរាបរៀងរាបមកទល់គ្នានឹងសម័យបច្ចុប្បន្ននេះ ៕