ភ្នំពេញៈ អាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរខេត្តចំនួន ១៥ បានសម្រេចបិទខ្ទប់ក្រុង និងភូមិមួយចំនួនក្នុងដែនដីរបស់ខ្លួនជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ទៅក្នុងសហគមន៍ បន្ទាប់ពីរកឃើញនៅតំបន់នោះមានអ្នកឆ្លងជំងឺកូវីដ១៩។
ការសម្រេចបិទខ្ទប់នេះ បន្ទាប់ពីរាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេច និងបានផ្តល់សិទ្ធិឱ្យអភិបាលរាជធានី-ខេត្ត បិទខ្ទប់ទីតាំង ភូមិ ឃុំ/សង្កាត់ ក៏ដូចជាស្រុក/ខណ្ឌ/ក្រុងទាំងឡាយណា ដែលមានការឆ្លងជំងឺកាចសាហាវនេះក្នុងទ្រង់ទ្រាយធំ។
បើគិតត្រឹមថ្ងៃទី ២៦ មេសានេះមានក្រុងតាខ្មៅនៃខេត្តកណ្តាល ក្រុងប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យ ក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ និងរាជធានីភ្នំពេញត្រូវបានបិទខ្ទប់ទាំងស្រុង។
ក្រៅពីនេះនៅតាមបណ្តាទីតាំង ភូមិ និងឃុំ/សង្កាត់ ក្នុងបណ្តាខេត្តជាច្រើនទៀតក៏ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្នផងដែរ។ ទីតាំងដែលត្រូវបានបិទខ្ទប់ទាំងនោះរួមមាន សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង សង្កាត់ស្វាយដង្គំ សង្កាត់សាលាកំរើក និងសង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប។
ក្រៅពីនេះ នៅមានឃុំពោធិ៍ទី ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង មួយផ្នែកនៃភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ភូមិបន្ទាយរកា ឃុំក្រាំង ដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគីរី ខេត្តបាត់ដំបង។
ខេត្តតាកែវ មាន ២ ភូមិ គឺ ភូមិព្រៃស្តៅ ឃុំក្រាំងធ្នង់ ស្រុកបាទី និងភូមិស្នោរ ឃុំស្នោរ ស្រុកព្រៃកប្បាស។
ទីតាំងដែលត្រូវបានបន្តបិទខ្ទប់ រួមមាន ភូមិតាំងស្ទោង ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង ភូមិកោងកាង១ និងភូមិកោងកាង២ ក្នុងឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
ចំណែកខេត្តកំពង់ចាមបានសម្រេចបិទខ្ទប់រហូតដល់ ៤ ភូមិ រួមមាន ភូមិទ្រា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ភូមិកំផ្លាក់ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ភូមិថ្មីខ ស្ថិតក្នុងឃុំរកាគយ ស្រុកកងមាស និងភូមិសំបូរ ស្ថិតក្នុងឃុំសំបូរ ស្រុកបាធាយ។
លោក អ៊ុន ចាន់ដា អភិបាលខេត្តនេះប្រាប់ភ្នំពេញប៉ុស្តិ៍ថា ដោយសារបារម្ភខ្លាចមានការឆ្លងរាលដាលជំងឺកូវីដក្នុងសហគមន៍កាន់តែធ្ងន់ធ្ងរ ទើបរដ្ឋបាលខេត្តសម្រេចបិទខ្ទប់ភូមិដែលមានអ្នកឆ្លងរយៈពេល ១៤ ថ្ងៃ។
លោកថា៖ «ពេលគាត់មានវិជ្ជមានកូវីដ១៩ គាត់បានបន្តចម្លងដល់សមាជិកគ្រួសារគាត់។ ដូចនេះហើយទើបសម្រេចបិទភូមិមិនឱ្យមានការចេញចូលរយៈពេល ១៤ ថ្ងៃ ហើយឃើញថា បន្ទាប់ពីមានការបិទភូមិមកដល់ពេលនេះមានភាពធូរស្រាល ពុំមានអ្នកឆ្លងបន្តទៀតទេ»។
ទោះយ៉ាងណា លោកថា ក្នុងអំឡុងពេលបិទខ្ទប់ អាជ្ញាធរបានផ្តោតការយកចិត្តទុកដាក់ក្នុងតំបន់នោះ ដោយបានរៀបចំក្រុមការងារលក់ដូរចល័ត។ បន្ថែមពីនេះ ក្រុមការងារក៏បានផ្តល់គ្រឿងបរិភោគមួយចំនួនដល់គ្រួសារដែលជួបប្រទះការខ្វះខាតផងដែរ។
ទន្ទឹមនឹងនេះ អភិបាលខេត្តតាកែវ លោក អ៊ូច ភា បានថ្លែងថា អំឡុងពេលបិទខ្ទប់ភូមិ អាជ្ញាធរមានសមត្ថកិច្ចក៏កំពុងស្វែងរកអ្នកពាក់ព័ន្ធដោយប្រយោលបន្ថែមទៀត។
លោកថា៖ «យើងកំពុងស្រាវជ្រាវរុករកអ្នកពាក់ព័ន្ធផ្សេងៗ ព្រោះយើងមិនទាន់ដឹងថាមានអ្នកពាក់ព័ន្ធប៉ុន្មានទៀតទេ។ នៅពេលស្ថានភាពធូរស្រាលយើងនឹងបើកភូមិវិញ»។
ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ បុគ្គលគ្រប់រូបមានកាតព្វកិច្ចអនុវត្តវិធានការសុខាភិបាល រួមមាន ការពាក់ម៉ាស់ និងការរក្សាគម្លាតសុវត្ថិភាពព្រមទាំងប្រកាន់ខ្ជាប់នូវការធ្វើអនាម័យ ដើម្បីសម្លាប់មេរោគ និងការវាស់កម្ដៅ និងមិនអនុញ្ញាតឱ្យចេញ-ចូល ឡើយ ដើម្បីប្រយុទ្ធនឹងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
បុគ្គលទាំងឡាយណាដែលមិនគោរពវិធានរបស់អាជ្ញាធរត្រូវទទួលទណ្ឌកម្មដូចមានកំណត់ក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន៕