ភ្នំពេញ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានពន្យល់ពីមូលហេតុនៃការបន្តបិទខ្ទប់មួយសប្តាហ៍បន្ថែមទៀត សម្រាប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដោយលោកអះអាងថា ការបិទខ្ទប់រយៈពេល ២ សប្តាហ៍កន្លងមកនេះបានកាត់ផ្តាច់ការចម្លងជាចង្កោមពីតំបន់មួយទៅតំបន់មួយ។
លោកបានថ្លែងយ៉ាងដូច្នេះនៅក្នុងសន្និសីទសារព័ត៌មានស្តីពីការបន្តបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាលនៅព្រឹកថ្ងៃទី ២៨ ខែមេសានេះ។
លោក គឹម សន្និភាព បានសង្កត់ធ្ងន់ថា៖ «នៅពេលដែលប្រជាពលរដ្ឋលោក នៅក្នុងផ្ទះ ហើយពលរដ្ឋរូបណាលោកមានសញ្ញាវិជ្ជមាន កូវីដ ១៩ យ៉ាងណាច្រើនបំផុតគឺឆ្លងតែក្នុងកម្រិតគ្រួសារតែមួយទេ គឺមិនមានការរីករាលដាលទៅចម្លងជាចង្កោមនៅតាមតំបន់ផ្សេងនោះទេ»។
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាលរយៈពេល ១ សប្តាហ៍បន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ រហូតដល់ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ ២០២១ បន្ទាប់ពីបានប្រកាសបិទខ្ទប់រយៈពេល ២ សប្តាហ៍ កាលពីថ្ងៃទី ១៥ ខែមេសា៕