ឥណ្ឌា៖ នៅប្រទេសឥណ្ឌាជាទីដែលចំនួនមនុស្ស ដែលបានស្លាប់ដោយសារជំងឺ COVID-19 ឥឡូវកើនឡើងជាង ២០ម៉ឺននាក់ ទីផ្សារងងឹតដណ្ដើមអុកស៊ីសែនមួយបានហក់ឡើង នូវភាពវឹកវរ។ ខណៈដែលធុងអុកស៊ីសែននៅតាមមន្ទីរពេទ្យកំពុងអស់បណ្ដើរៗ អ៊ុកស៊ីសែននៅតាមកន្លែងធ្វើអាជីវកម្មនានាត្រូវបានគេប្រាប់ ឱ្យប្រគល់សម្រាប់ការប្រើប្រាស់វេជ្ជសាស្ត្របន្ទាន់។
ចំនួនអ្នកស្លាប់ប្រចាំថ្ងៃរបស់ប្រទេសឥណ្ឌា ដែលបានកើនឡើងជិត ៣ដងក្នុងរយៈពេល ៣សប្តាហ៍ចុងក្រោយនេះ ក៏ឆ្លុះបញ្ចាំងពីប្រព័ន្ធថែទាំសុខភាពដែលទ្រុឌទ្រោម និងខ្វះខាតផងដែរ។ មន្ទីរនានាពេទ្យកំពុងប្រញាប់ប្រញាល់រកអុកស៊ីសែន គ្រែ ម៉ាស៊ីនជំនួយខ្យល់ដកដង្ហើម និងរថយន្តសង្គ្រោះបន្ទាន់បន្ថែមទៀត។ រូបភាពដែលបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយ Sky News របស់អង់គ្លេសក៏បានបង្ហាញផងដែរ ពីក្រុមគ្រួសារនានាដែលព្យាយាមកេងទុកធនធានរបស់ខ្លួន ដោយសារតែប្រព័ន្ធមួយលែងដំណើរការ។
ក្រសួងសុខាភិបាលរបស់ប្រទេសនេះ កាលពីថ្ងៃពុធបានរាយការណ៍ថា មានមនុស្សស្លាប់ចំនួន ៣.២៩៣នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបរបស់ឥណ្ឌាឡើងដល់ ២០៤,៨១២នាក់ និងករណីឆ្លងសរុបចំនួន ១៨,៣៦៨,០៩៦នាក់។ ប្រទេសឥណ្ឌាមានអ្នកស្លាប់ដោយសារជំងឺ COVID-19 ច្រើនបំផុតលំដាប់ទី៤ បន្ទាប់ពីសហរដ្ឋអាមេរិក, ប្រេស៊ីល និងម៉ិកស៊ិក៕