Alynana Media Cambodia
Icon Collap
clinic narit

អភិបាលខេត្តត្បូងឃ្មុំ ដាក់ចេញវិធានការបន្ទាន់ រាល់ពលរដ្ឋចំណូលថ្មី ដាច់ខាតត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ

Admin Alynana | May 02, 2021
អភិបាលខេត្តត្បូងឃ្មុំ ដាក់ចេញវិធានការបន្ទាន់ រាល់ពលរដ្ឋចំណូលថ្មី ដាច់ខាតត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ
Clinic narith

(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១នេះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពង្រឹងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ខណៈមានការឆ្លងជាបន្តបន្ទាប់ នាប៉ុន្មានថ្ងៃចុងក្រោយនេះ ពិសេសរកឃើញអ្នកដែលធ្វើដំណើរមកពីខេត្តដទៃ មានវិជ្ជមានជំងឺនេះ។

ក្នុងកិច្ចប្រជុំនោះ មានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្តទាំង០៦ នាយករដ្ឋបាល និងនាយកទីចាត់ការសាលាខេត្ត អភិបាលក្រុង-ស្រុកទាំង០៧ កងកម្លាំងទាំង៣ប្រភេទ និងប្រធានមន្ទីរពាក់ព័ន្ធ។

ក្នុងកិច្ចប្រជុំបានបង្ហាញពីរបាយការណ៍វឌ្ឍនភាព នៃយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ទូទាំងខេត្ត និងត្រៀមផែនការចាក់ជាបន្ត ព្រមទាំងផ្សព្វផ្សាយ សេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត ដើម្បីពង្រឹងការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ លោកបណ្ឌិតអភិបាលខេត្ត បានកោតសរសើរដល់គណៈអភិបាលខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក កងកម្លាំងទាំង០៣ និងមន្ទីរពាក់ព័ន្ធ ដែលបានរួមសហការអនុវត្តការងារកន្លងមក ប្រើកម្លាំងសរុប មធ្យោបាយសរុប ក្នុងការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ បានល្អប្រសើរ។

ពាក់ព័ន្ធនឹងអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ លោកបានផ្តល់ថវិកា៥០ម៉ឺនរៀល ដើម្បីចូលរួមរំលែកទុក្ខគ្រួសារសពផងដែរ។

ដើម្បីឲ្យការងារលើការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ឲ្យកាន់តែមានប្រសិទ្ធភាព និងធានាសុខសុវត្ថិភាពជូនពលរដ្ឋ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានដាក់ចេញវិធានការជាបន្តសំខាន់ ចំនួន០៧ចំនុច រួមមាន៖

១-រាល់ពលរដ្ឋចំណូលស្រុកថ្មី ដាច់ខាតចត្តាឡីស័ក១៤ថ្ងៃ
និងបុគ្គលណា ដែលល្មើសនឹងបម្រាមពាក់ព័ន្ធនឹងវិធានសុខាភិបាល ក្នុងការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ដាច់ខាតអនុវត្តន៍ទៅតាមផ្លូវច្បាប់

២-ពង្រឹងការអនុវត្តន៍ ការហាមឃាត់ការធ្វើដំណើរចេញ ចូលឆ្លងខេត្ត នៅតាមដែនសមត្ថកិច្ចរបស់ខ្លួន និងពង្រឹងការត្រួតពិនិត្យចេញចូលតាមបន្ទាត់ព្រំដែនប្រទេសជិតខាង

៣-បន្តផ្អាកការលក់ដូរគ្រឿងស្រវឹង និងផ្អាករាល់ការទទួលភ្ញៀវ តាមអាហារដ្ឋាន ភោជនីយដ្ឋាន

៤-បន្តពង្រឹងតាមគោលដៅប៉ុស្តិ៍ត្រួតពិនិត្យចត្តាឡីស័ក មណ្ឌលចត្តាឡីស័ក និងគ្រប់គ្រងភូមិសាស្ត្រ ដែលរដ្ឋបាលខេត្ត សម្រេចបិទខ្ទប់ ជាពិសេសណែនាំពលរដ្ឋដោយពាក្យសម្តីទន់ភ្លន់ តែម៉ឺងម៉ាត់ក្នុងអនុវត្តន៍ការងារ

៥-បន្តតាមដានសុខភាពអ្នកធ្វើចត្តាឡីស័ក តាមមណ្ឌលនានា ឲ្យបានជាប់ជាប្រចាំ និងរៀបចំឲ្យគ្រូពេទ្យនៅប្រចាំការ រួមនឹងរថយន្តសង្គ្រោះបន្ទាន់ ឧបករណ៍បរិក្ខារពេទ្យ ឲ្យបានគ្រប់គ្រាន់

៦-បន្តផ្សព្វផ្សាយសារអប់រំ ឱ្យបានជាប់ជាប្រចាំ ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិសេសនៅភូមិសាស្ត្របិទខ្ទប់ភូមិ ដើម្បីជាការក្រើនរំលឹកដល់ប្រជាពលរដ្ឋ ក្នុងការចូលរួមអនុវត្តវិធានការការពារ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

៧- បន្តថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ពិសេសលុបបំបាត់រាល់បទល្មើស និងល្បែងស៉ីសងគ្រប់ប្រភេទ តាមមូលដ្ឋានអនុវត្តន៍ទៅតាមគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ៕