ភ្នំពេញៈ មន្ត្រីរដ្ឋាភិបាលច្រានចោលរបាយការណ៍របស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដែលលើកឡើងថា កម្ពុជាមានការកើនឡើងនូវការរើសអើងខាងសេរីភាពខាងសាសនា ក្នុងអំឡុងពេលការរាតត្បាតជំងឺកូវីដ ១៩។
កាលពីថ្ងៃទី ១៣ ខែឧសភា ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ ២០២០ ដោយលើកឡើងថា៖ «ក្រុមអង្គការសង្គមស៊ីវិល និងមេដឹកនាំសាសនាមួយចំនួនបានលើកឡើងនូវអ្វីដែលពួកគេបានថ្លែងគឺការកើនឡើងនៃការរើសអើងខាងសាសនាក្នុងអំឡុងពេលការរាតត្បាតជំងឺកូវីដ ១៩»។
លោកថ្លែងថា ក្នុងអំឡុងឆ្នាំ ២០២០ រដ្ឋាភិបាលបានអញ្ជើញគណៈសង្ឃសាសនាអ៊ិស្លាម ព្រះពុទ្ធសាសនា និងគ្រិស្តសាសនាមកពិភាក្សាគ្នាដើម្បីត្រៀមលក្ខណៈការពារជំងឺកូវីដ ១៩ មិនឱ្យឆ្លងរីករាលដាល ដែលនេះគឺជាច្បាប់របស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។
លោកបន្តថា៖ «ជាមួយបងប្អូនខ្មែរអ៊ិស្លាមហ្នឹង គេមិនឱ្យជួបជុំគ្នាក៏ពិតមែន ក៏ប៉ុន្តែការកប់ (សព) មិនឱ្យដុតនោះគឺ រាជរដ្ឋាភិបាលបានផ្តល់ឱកាសហ្នឹងសម្រាប់សាសនាមូស្លីមដែរ។ របាយការណ៍ហ្នឹងមិនស្តែងពីការពិតទេ។ យើងអត់ទទួលយកបានទេ»។
លោកស្រី ឱ វណ្ឌឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលបដិសេធធ្វើអត្ថាធិប្បាយដោយលោកស្រីប្រាប់ថា កំពុងជាប់រវល់ការងារបន្ទាន់ ខណៈលោកស្រី យក់ សម្បត្តិ អ្នកនាំពាក្យក្រសួងសុខាភិបាលមិនអាចទាក់ទងបានដើម្បីសុំការបញ្ជាក់បន្ថែម។
របាយការណ៍ដដែលបានបញ្ជាក់ថា កាលពីថ្ងៃទី ១៧ ខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសមិនឱ្យមានការជួបជុំសាសនា ដែលជាផ្នែកមួយនៃការទប់ស្កាត់ការរាតត្បាតជំងឺកូវីដ ១៩ របស់រដ្ឋាភិបាល។
របាយការណ៍បញ្ជាក់ថា ព្រះវិហារគ្រិស្តមិនត្រូវបានអនុញ្ញាតឱ្យមានការជួបជុំរវាងអ្នកកាន់សាសនាគ្រិស្តនោះទេរហូតដល់ថ្ងៃទី ១១ ខែកញ្ញាដែលជាពេលរដ្ឋាភិបាលបានអនុញ្ញាតឱ្យពួកគេមានការជួបជុំក្រោមការរឹតត្បិតវិធានការសុខភាពដូចគ្នា។
របាយការណ៍បញ្ជាក់ថា កាលពីខែមីនានៅពេលដែលរដ្ឋាភិបាលបានអនុវត្តវិធានការសុខភាពតឹងរ៉ឹងជាងមុន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ក្រសួងសុខាភិបាលបានញែកប្រជាជនមូស្លីមកម្ពុជាចេញពីប្រជាជនកម្ពុជាផ្សេងទៀត ឱ្យចូលទៅជាប្រភេទ «ខ្មែរអ៊ិស្លាម» នៅក្នុងស្ថិតិនៃការឆ្លងជំងឺកូវីដ១៩ផ្លូវការរបស់រដ្ឋាភិបាល។ បន្ទាប់ពីទទួលរងនូវការរិះគន់ជាសាធារណៈពីការបែងចែកក្រុមជនជាតិភាគតិច រដ្ឋាភិបាលបានចាប់ផ្តើមរាប់ការឆ្លងជំងឺកូវីដ១៩ជាផ្លូវការថាជា «ប្រជាជនខ្មែរ» តែមួយសម្រាប់ប្រជាជនកម្ពុជាទាំងអស់។
យោងតាមរបាយការណ៍ ក្រុមសង្គមស៊ីវិល និងមេដឹកនាំមូស្លីមមួយចំនួនបានលើកឡើងអំពីការបែងចែកខ្មែរអ៊ិស្លាមរបស់ក្រសួងសុខាភិបាល។ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ពីប្រជាជនមូស្លីមកម្ពុជាក្នុងចំនួនជាច្រើននាក់ដែលបានវិលត្រឡប់ពីជួបជុំសាសនានៅប្រទេសម៉ាឡេស៊ីហើយបានឆ្លងជំងឺកូវីដ ១៩។ មួយផ្នែកធ្វើឱ្យគេយល់ឃើញថា ប្រជាជនមូស្លីមកម្ពុជាបាននាំវីរុសនេះមកប្រទេសកម្ពុជាដែលបង្កឱ្យមានការរើសអើងទាំងនេះ។
លោក សេង សុមុនីអ្នកនាំពាក្យក្រសួងធម្មការ និងសាសនាបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា រាជរដ្ឋាភិបាលបានប្រតិបត្តិបានត្រឹមត្រូវតាមរដ្ឋធម្មនុញដែលទទួលពុទ្ធសាសនាជាសាសនារបស់រដ្ឋ និងយកចិត្តទុកដាក់គ្រប់ជំនឿសាសនាទាំងអស់ដែលមានវត្តមាននៅកម្ពុជា។ «អ៊ីចឹង ការប្រតិបត្តិសាសនាហ្នឹងមិនមានអីមើលឱ្យឃើញថា លម្អៀងគ្នាទេនៅក្នុងរដ្ឋធម្មនុញ្ញ»។
លោកថ្លែងថា ក្នុងសម័យកាលកូវីដ ១៩ នេះ គ្រប់សាសនាទាំងអស់បានទទួលការយកចិត្តទុកដាក់ពីរដ្ឋាភិបាលស្មើគ្នាទាំងពុទ្ធសាសនា អ៊ិស្លាមសាសនា គ្រិស្តសាសនា និងសាសនាដទៃទៀត។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជា បានប្រាប់ភ្នំពេញនៅថ្ងៃទី ១៤ ខែឧសភា ថា ប្រទេសកម្ពុជាពោរពេញទៅដោយភាពសុខដុមរមនានៃសេរីភាពខាងសាសនា។ «ខ្ញុំវាយតម្លៃទៅរបាយការណ៍ហ្នឹងហាក់ដូចជាមិនបានឆ្លុះបញ្ចាំងពីស្ថានភាពពិតអំពីសេរីភាពខាងសាសនានៅក្នុងប្រទេសយើងទេ»។
លោកបញ្ជាក់ថា ការបញ្ចេញអត្តសញ្ញាណខ្មែរអ៊ិស្លាមដែលឆ្លងជំងឺកូវីដ១៩គឺមិនមែនធ្វើឡើងសម្រាប់តែខ្មែរអ៊ិស្លាមនោះទេ ប្រជាជនខ្មែរដទៃទៀតក៏ត្រូវបានបង្ហាញដែរ។ ប្រជាជនខ្លះត្រូវបានបង្ហាញទាំងរូបថត និងឈ្មោះក្នុងន័យបង្ហាញអត្តសញ្ញាណដល់អ្នកដែលពាក់ព័ន្ធឱ្យរួសរាន់ដាក់ខ្លួនដាច់ដោយឡែក ឬទៅពិនិត្យសំណាក ដើម្បីចៀសវាងការឆ្លងរីករាលដាល។ នេះជាវិធានការសុខាភិបាល។
កាលពីថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកដោយសុំការយោគយល់ពីសាសនិកខ្មែរអ៊ិស្លាមដែលត្រូវលុបកម្មវិធីជួបជុំស្រាយបួសរ៉ាម៉ាដនថ្នាក់ជាតិលើកទី ៧ ដែលបានគ្រោងថ្ងៃទី ២៩ ខែ មេសា ២០២០។
លោក ហ៊ុន សែន សរសេរថា៖ «ការផ្អាកការថ្វាយបង្គំនៅតាមវិហារ ស៊ូរ៉ាវ ការជួបជុំលក្ខណៈសាសនា និងសុំបន្តការអនុវត្តតាមសារាចរណែនាំពីវិធីបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ក៏ដូចជាសេចក្តីណែនាំរបស់ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាអ៊ិស្លាមកម្ពុជាទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល បើទោះបីនៅក្នុងប្រទេសកម្ពុជាយើងហាក់មានសភាពធូរស្រាល ប៉ុន្តែយើងមិនត្រូវភ្លេចខ្លួន និងធ្វេសប្រហែសមើលស្រាលដល់ជំងឺដ៏កាចសាហាវនេះឡើយគឺត្រូវរួមគ្នាការពារជាប់ជានិច្ច»៕