Alynana Media Cambodia
Icon Collap
clinic narit

​អ្នក​វិទ្យា​សាស្ត្រ​រកឃើញសត្វ​បង្កួយ​ និងតុកកែ​ប្រភេទថ្មី ​នៅស្រុក​បន្ទាយស្រីពុំធ្លាប់ជួបពីមុនមក

Sang Kim | May 23, 2021
​អ្នក​វិទ្យា​សាស្ត្រ​រកឃើញសត្វ​បង្កួយ​ និងតុកកែ​ប្រភេទថ្មី ​នៅស្រុក​បន្ទាយស្រីពុំធ្លាប់ជួបពីមុនមក
Clinic narith

សៀមរាប៖ សត្វ​បង្កួយ Calotes និង​សត្វ​តុកកែ Bent-toed ប្រភេទ​ថ្មី​ចំនួន ២ ត្រូវ​បាន​រកឃើញ​នៅលើ​ទឹកដី​ស្រុក​បន្ទាយស្រី​ខេត្តសៀម​រាប កាល​ពីពេលថ្មីៗ​នេះនៅក្នុង​បរិវេណ​ភ្នំ​ក្បាលស្ពាន​នៃ​ឧទ្យាន​ជាតិ​ភ្នំ​គូលែន ខណៈ​សត្វ​ទាំង ២ ​ប្រភេទ​នេះ គឺជា​កំណត់​ត្រា​ថ្មីនិង​លើក​ដំបូង​បង្អស់ដែល​អ្នកវិទ្យា​សាស្ត្រ​មិន​ធ្លាប់​បាន​ជួបប្រទះ​កាល​ពីមុនមក​ឡើយ។

មជ្ឈ​មណ្ឌល​អង្គរ​សម្រាប់​ការ​អភិរក្ស​ជីវចម្រុះ ACCB (Angkor Centre for Conservation of Biodiversity) បាន​អះអាង​លើ​ទំព័រ​ហ្វេ​ស​ប៊ុក​របស់​ខ្លូនកាល​ពីពេលថ្មីៗ​នេះ​ថា ក្រុមការ​ងារ​របស់​ ACCB ​បាន​ចូលរួម​ជួយ​សិក្សា​ស្រាវជ្រាវ​ហើយ​បាន​រកឃើញ​នូវ​សត្វ​បង្កួយ​ថ្មី​មួយ​ប្រភេទ គឺ Calotes goetzi ដែលមាន​វត្ត​មាននៅ​ភ្នំ​ក្បាល​ស្ពាន​ក្នុង​ឧទ្យាន​ជាតិ​ភ្នំ​គូលែន​ស្ថិត​ក្នុង​ខេត្ត​សៀមរាប។ សត្វ​បង្កួយ​ប្រភេទ​នេះ​មាន​របាយ​រស់​នៅ​តាម​តំបន់​ធំៗ​នៃ​ឥណ្ឌូ​ចិន រួមមាន​ ប្រទេស​កម្ពុជា ចិន ឡាវ មី​យ៉ាន់​ម៉ា និង​ថៃ ។

ACCB ក៏បាន​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​សត្វ​តុកកែ Bent-toed Gecko ប្រភេទ​ថ្មី​មួយ​ទៀត​ឈ្មោះ Bent-toed Gecko ភ្នំ​គូលែន(Cyrtodactylus kulenensis )ក៏ត្រូវ​បាន​រក​ឃើញ​លើទឹក​ដី​ស្រុក​បន្ទាយ​ស្រី កាល​ពីពេល​ថ្មីៗ​នេះ នៅក្នុង​បរិវេណ​ភ្នំ​ក្បាល​ស្ពាន​នៃ​ឧទ្យាន​ជាតិ​ភ្នំ​គូលែន​នេះផង​ដែរ។

សត្វ​តុកកែ Bent-toed gecko មាន​ច្រើនជាង ៣០០ ប្រភេទ គឺជា​ពពួក​សត្វ​តុកកែ​ដែល​មាន​ចំនួន​ច្រើន​ប្រភេទ​ជាង​គេ។ ពួកវា​មាន​របាយ​រស់នៅ​តាម​តំបន់​តូចៗ​មួយ​ចំនួន​ដូចជា តំបន់ភ្នំ​ដាច់ៗ​ពី​គេ និង​តំបន់​ជួរ​ភ្នំ​ជាច្រើន​ផ្សេង​ទៀត នៅ​ទ្វីប​អាស៊ី និង​អូស្ត្រាលី។ នេះ​បើតាម ACCB។

បន្ថែម​ពីនេះ សត្វ​តុកកែ​ប្រភេទ​ម្រាម​កោង (Bent-toed) នេះ មានឈ្មោះ​តាមបែប​វិទ្យា​សាស្ត្រ​ថា Cyrtodactylus ហើយ​ត្រូវបាន​គេ​ប្រសិទ្ធ​នាម​ឈ្មោះ​ពេញ​ថា Cyrtodactylus kulenensis ឬ“តុកកែ​ម្រាម​កោង​ភ្នំ​គូលែន” ក្នុងនោះ​ពាក្យ Kulenensis តំណាងឱ្យ​ភ្នំ​គូលែន និង​កន្លែង​ដែល​គេ​បាន​រកឃើញ​វា​ជា​លើក​ដំបូង។

 

ចំណែកឯ​សត្វ​បង្កួយ​ Calotes វិញ ត្រូវបាន​គេ​ហៅ​ឈ្មោះថា Calotes goetzi ដោយ​ដាក់​ឈ្មោះ​តាម Dr. Goetz ដែលជា​អ្នក​ទ្រទ្រង់​ធំជាង​គេ​មួយ​របស់ ​ACCB។ ក្រុម​ការងារ​មជ្ឈ​មណ្ឌល ACCB បាន​ជួយ​ដល់​កិច្ចការ​ស្រាវជ្រាវ ដែល​នាំឲ្យមានការ​រក​ឃើញ​នូវ​របក​គំហើញ​ថ្មី​នៃសត្វទាំង ​២ ​ប្រភេទ​នេះ។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុក​របស់ ACCB។

មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវ​ចម្រុះ ACCB បាន​លើក​ឡើង​ថា៖​«ពួកយើង​មិន​ត្រឹមតែ​ធ្វើការ​ផ្តោត​ទៅលើ​ការ​អភិរក្ស​សត្វ​នៅក្រៅ​ជម្រក​ធម្មជាតិ​ប៉ុណ្ណោះ​ទេ។ប៉ុន្តែ​ពួកយើង​ក៏​ចូលរួម​ក្នុងការ​អភិរក្ស​សត្វ​នៅក្នុង​ជម្រក​ធម្មជាតិ​ផង​ដែរ»​។

លោក ឃឹម ហ្វី​ណង់ អភិបាលស្រុក​បន្ទាយស្រី បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុក​របស់​លោកកាលពី​ថ្ងៃទី ២០ ឧសភា​ថា សត្វ​ទាំង២ប្រភេទ​ថ្មី​នេះ គឺ​ត្រូវបាន​រកឃើញ​នៅតាម​ដើមឈើ និង​ផ្ទាំង​ថ្មភក់​នៅក្នុង​ឧទ្យាន​ជាតិ​ភ្នំ​គូលែន ហើយ​ត្រូវបាន​រកឃើញ​ដោយ​ក្រុម​អ្នកស្រាវជ្រាវ​មកពី​មជ្ឈ​មណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវចម្រុះ ACCB ដែល​មាន​មូលដ្ឋាន​ផ្ទាល់​នៅក្នុង​ស្រុក​បន្ទាយ​ស្រី​តែម្តង​។

ជា​មួយគ្នា​នេះ លោកអភិបាល​ស្រុកបាន​អំពាវនាវ​ដល់​សា​ធារណជន ជាពិសេស​ភ្ញៀវ​ទេសចរ គួរ​ចំណាយ​ពេល​វេលា​មកលេង​ស្រុក​បន្ទាយ​ស្រី និង​ឆៀង​ចូល​រមណីយ​ដ្ឋាន​ភ្នំ​ក្បាល​ស្ពានដើម្បី​មក​មើល​ឲ្យបានឃើញ​សត្វ​ដ៏​កម្រនិង​ស្រស់​ស្អាត​ទាំង ២​ ប្រភេទ​នេះ​នៅ​ ACCB ផងដែរ។

 

លោក ឃឹម ហ្វី​ណង់ បាន​បញ្ជាក់​ថា៖ «អរគុណ​ដល់ ACCB ដែល​បាន​ខិតខំ​ប្រឹង​ប្រែង​លើ​ការងារ​អភិរក្ស​ជីវចម្រុះ និង​ការងារ​ស្រាវជ្រាវ​ក្នុង​រយៈកាល​កន្លង​មក ព្រមទាំង​បាន​សហ​ការ និង​ចែករំលែក​ព័ត៌មាន​ដ៏​គួរឲ្យរំភើប​នេះ​ជាមួយ​រដ្ឋបាល​ស្រុក​ ដើម្បី​បាន​ផ្សព្វ​ផ្សាយ​ជា​ចំណេះ​ដឹង​ដល់​សាធា​រណជន​ទូទៅ​ និង​អ្នក​ទេសចរ»​៕photo_2021-05-23_17-54-23photo_2021-05-23_17-54-27